fbpx

មានដឹងអត់ថារាល់ថ្ងៃយើងគ្រប់គ្នាត្រូវបង់ពន្ធអ្វីខ្លះជូនរដ្ឋ?ថ្ងៃនេះ #LuyBook នឹងនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ពីប្រភេទពន្ធសំខាន់ៗមួយចំនួននៅកម្ពុជា ដូចខាងក្រោម៖

១.ពន្ធលើប្រាក់បៀរវត្ស

ពន្ធលើប្រាក់បៀវត្សគឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបំរើការងារ។រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពកម្ពុជានិង ប្រាក់បៀវត្សប្រភពបរទេស។ សហគ្រាសដែលជានិយោជក ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេលបើកប្រាក់បៀវត្សឱ្យដល់បុគ្គលិក និងត្រូវបង់ប្រាក់ពន្ធនេះជូនរដ្ឋបាលសារពើពន្ធ។ នេះជាតារាង សម្រាប់ការលម្អិតអំពីអត្រាពន្ធលើប្រាក់បៀវត្ស៖

  • ពី ០ ៛ ដល់ ១.៣០០.០០០ ៛ មានអត្រាពន្ធ ០%
  • ពី ១.៣០០.០០១ ៛ ដល់ ២.០០០.០០០ ៛ មានអត្រាពន្ធ ៥%
  • ពី ២.០០០.០០១ ៛ ដល់ ៨.៥០០.០០០ ៛ មានអត្រាពន្ធ ១០%• ពី ៨.៥០០.០០១ ៛ ដល់ ១២.៥០០.០០០ ៛ មានអត្រាពន្ធ ១៥%
  • លើសពី ១២.៥០០.០០០ ៛ មានអត្រាពន្ធ ២០%

វិធីនៃការគណនា៖ ឧទាហរណ៍ បុគ្គលិកមួយមានប្រាក់ខែ ២,000,000 រៀល។ មិនមែនបានន័យថាត្រូវបង់ពន្ធ ៥% លើចំនួនទឹកប្រាក់ទាំងមូលទេ សម្រាប់ទឹកប្រាក់ ១,៣00,000 រៀលដំបូងគិតអត្រាពន្ធ ០% ហើយនៅសល់ ៧00,000 រៀលបន្ទាប់ ទើបគិតអត្រាពន្ធ ៥%។ ដូចនេះ ពន្ធសរុបគឺ ៣៥,000 រៀល។

២. ពន្ធលើអត្ថប្រយោជន៍បន្ថែម

ត្រូវបានកំណត់អត្រា ២០%។ អត្ថប្រយោជន៍បន្ថែម រួមមានទំនិញ និងសេវា ឬអត្ថប្រយោជន៍បន្ថែមជាសាច់ប្រាក់ ឬវត្ថុផ្សេងទៀត ដែលនិយោជកផ្ដល់ឱ្យដោយផ្ទាល់ ឬប្រយោលដល់រូបវន្តបុគ្គលចំពោះសកម្មភាពបម្រើការងារ។ អត្ថប្រយោជន៍បន្ថែមរួមមាន៖

  • ថ្លៃម្ហូបអាហារ
  • ថ្លៃឈ្នួលស្នាក់នៅ
  • យានជំនិះគ្រប់ប្រភេទប្រើផ្ទាល់ខ្លួន
  • ថ្លៃទឹក ភ្លើង កាតទូរស័ព្ទ
  • អ្នកបម្រើការងារក្នុងលំនៅឋាន
  • ថ្លៃអប់រំផ្សេងៗ មិនទាក់ទងនឹងការងារ
  • ថ្លៃជំនួយអប់រំសម្រាប់កូនបុគ្គលិក
  • ប្រាក់ឱ្យខ្ចីដោយគិតការប្រាក់ទាបជាងទីផ្សារ
  • ការលក់ទំនិញចុះថ្លៃ
  • ធានារ៉ាប់រងអាយុជីវិត ឬសុខភាព
  • អត្ថប្រយោជន៍ផ្សេងៗដែលមិនមានចែងក្នុងច្បាប់ការងារ

តម្លៃអត្ថប្រយោជន៍បន្ថែម គឺជាតម្លៃទីផ្សាររួមទាំងពន្ធអាករទាំងអស់ ហើយអត្ថប្រយោជន៍ត្រូវជាប់ពន្ធក្នុងខែដែលបានផ្ដល់ឱ្យនិយោជិត ហើយត្រូវបង់ជូនរដ្ឋបាលសារពើពន្ធយឺតបំផុតត្រឹមថ្ងៃទី ២០នៃខែបន្ទាប់។

៣. ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះគ្រប់ប្រភេទ

ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ គឺជាពន្ធប្រចាំឆ្នាំដែលអនុវត្តលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ដែលក្នុងនោះរួមមាន រថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ រ៉ឺម៉កសណ្ដោង ជលយាន ឬជលយានយន្ត ទាំងផ្លូវទន្លេ និងសមុទ្រ។

ដើម្បីងាយស្រួលក្នុងការគណនាប្រាក់ពន្ធ អ្នកជាប់ពន្ធអាចទាញយកនូវកម្មវិធីតាមទូរសព្ទ តាមរយៈតំណភ្ជាប់ខាងក្រោម៖

• សម្រាប់ Playstore – https://play.google.com/store/apps/details…

• សម្រាប់ Appstore – https://apps.apple.com/kh/app/cambodia-road-tax/id927779542

អ្នកជាប់ពន្ធអាចធ្វើការបង់ពន្ធដោយផ្ទាល់ជាមួយសាខាពន្ធដារខេត្ត-ខណ្ឌ ឬធនាគារដែលបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣១ ខែវិច្ឆិកា នៃឆ្នាំនីមួយៗ។

៤. អាករលើតម្លៃបន្ថែម (VAT)

អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់ជាប់អាករ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែម និងប្រមូលអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ទំនិញឬសេវាឱ្យអតិថិជន។ អត្រាអាករលើតម្លៃបន្ថែមមាន៖ ១០% សម្រាប់ការនាំចូលឬការផ្គត់ផ្គង់ទំនិញឬសេវាក្នុងព្រះរាជាណាចក្រកម្ពុជា និង ០% សម្រាប់ការនាំចេញ។

៥. ពន្ធអចលនទ្រព្យ

ពន្ធអចលនទ្រព្យ គឺជាពន្ធដែលប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី ១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ ពន្ធនេះជាប្រភេទពន្ធផ្ទាល់ដែលតម្រូវឱ្យអ្នកជាប់ពន្ធដែលជាកម្មសិទ្ធករ ឬអ្នកកាន់កាប់ ឬអ្នកទទួលផលប្រយោជន៍ចុងក្រោយមកចុះបញ្ជីអចលនទ្រព្យ និងធ្វើការប្រកាសបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញាជារៀងរាល់ឆ្នាំ។ អចលនទ្រព្យដែលមានតម្លៃតិចជាង ១០០លានរៀល ពុំមានកាតព្វកិច្ចចុះបញ្ជីទេ។ការគិតពន្ធ៖ ពន្ធលើអចលនទ្រព្យត្រូវបានកំណត់តាមអត្រា ០,១%នៃមូលដ្ឋានគិតពន្ធ។ មូលដ្ឋានគិតពន្ធគឺជាតម្លៃ ៨០%តម្លៃអចលនទ្រព្យ ហើយដែលអនុញ្ញាតឱ្យកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០,០០០,០០០៛។ តម្លៃអចលនទ្រព្យត្រូវកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យទៅតាមអាយុកាលសំណង់និងប្រភេទនៃសំណង់ដោយយោងតាមតម្លៃទីផ្សារ។ប្រាក់ពន្ធលើអចលនទ្រព្យត្រូវបង់ = [(តម្លៃអចលនទ្រព្យ x ៨០%) – ១០០,០០០,០០០៛] x ០,១%

៦. ពន្ធលើឈ្នួលផ្ទះ និងដី

ត្រូវកំណត់យកលើប្រាក់ឈ្នួលដែលបានមកពីការជួល៖

  • អគារដែលសង់លើដីដូចជាៈ ផ្ទះ រោងចក្រ ភណ្ឌាគារ ការិយាល័យ ។ល។
  • ហត្ថូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្ម
  • ឋាបនភ័ណ្ឌពាណិជ្ជកម្ម ឧស្សាហកម្ម ដែលនៅនឹងមួយកន្លែង អាគារធំៗដែលទុកដាក់ធាតុរាវ ឬ ផលិតផលផ្សេងៗ ដូចជា ប្រេងឥន្ធនៈ កៅស៊ូចាក់ថ្នល់ គ្រាប់ធញ្ញជាតិ
  • ផ្ទះអណ្តែតទឹក កប៉ាល់សម្រាប់ធ្វើជាលំនៅដ្ឋាន ឬ ដើម្បីប្រកបអាជីវកម្មផ្សេងៗ
  • ដីធ្លីដែលគ្មានសំណង់ ដោយរាប់បញ្ចូលទាំងកន្លែងយកថ្ម យករ៉ែ ធ្យូងថ្ម បឹងបូរ ស្រែអំបិល។អត្រាពន្ធលើឈ្នួលផ្ទះ និងដីត្រូវបានកំណត់ស្មើនឹង ១០%នៃប្រាក់ឈ្នួលដុល។ ប្រាក់ឈ្នួលដុល គឺជាប្រាក់ឈ្នួល ដែលបានចុះកិច្ចសន្យា ឬបានព្រមព្រៀងជាមួយអ្នកជួល។

៧. ពន្ធប្រថាប់ត្រា៖

  • ត្រូវកំណត់តាមអត្រា ៤% ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬ ការការផ្ទេរសិទ្ធិកាន់កាប់ដីដែល គ្មានសំណង់ក្រោមរូបភាពជាការលក់ ការដោះដូរ ការទទួលអំណោយ ការដាក់ភាគទុនក្រុមហ៊ុន។
  • ត្រូវជាប់ពន្ធប្រថាប់ត្រាតាមអត្រាសមាមាត្រ ៤% ចំពោះការផ្ទេរកម្មសិទ្ធិមធ្យោបាយដឹកជញ្ជូន និងយានជំនិះ ដូចជា៖ រថយន្តដឹក ទំនិញធុនធ្ងន់ រថយន្តដឹកទំនិញធុនស្រាល រថយន្ត ទោចក្រយានយន្ត កាណូត សាឡង់ កប៉ាល់។
  • ០,១% នៃតម្លៃចុះកិច្ចសន្យាចំពោះកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ
  • ០,១% នៃតម្លៃភាគហ៊ុនចំពោះការផ្ទេរចំណែកណាមួយ ឬ ទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន
  • ១ ០០០ ០០០ (មួយលានរៀល) ចំពោះលិខិតមានលក្ខណៈគតិយុត្តជាអាទិ៍ លិខិតស្ដីពីការបង្កើតក្រុមហ៊ុន លិខិតស្ដីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្ដីពីការបិទក្រុមហ៊ុន។
រាល់ថ្ងៃ យើងត្រូវបង់ពន្ធអ្វីខ្លះ?

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading