ចាប់តាំងពីការបង្កើត bitcoin ក្នុងឆ្នាំ 2009 យើងអាចឃើញថា cryptocurrency ដែលជាទម្រង់នៃទ្រព្យឌីជីថល (digital asset) កំពុងទទួលបានប្រជាប្រិយភាព និងការទទួលស្គាល់កាន់តែច្រើនក្នុងចំណោមស្ថាប័នធំ ៗ និងរដ្ឋាភិបាលមួយចំនួន។
ខាងក្រោមនេះ ជាសំណួរដែលមនុស្សជាច្រើនតែងតែសួរទាក់ទងនឹង Cryptocurrency៖
១. តើ cryptocurrency គឺជាអ្វី?
Cryptocurrency គឺជា ទ្រព្យឌីជីថលដែលផ្អែកលើបច្ចេកវិទ្យាមួយហៅថា blockchain ។ Blockchain គឺជាបច្ចេកវិទ្យាវិមជ្ឈការ (decentralized) ដែលចែកចាយការគ្រប់គ្រង និងកត់ត្រាប្រតិបត្តិការ នៅលើបណ្តាញកុំព្យូទ័រជាច្រើន ខុសពីរូបិយបណ្ណក្រដាស់ និងប្រតិបត្តិការផ្សេងៗ ដែលមានការគ្រប់គ្រងបែបមជ្ឈការ (centralized) ដោយធនាគារកណ្តាលនៃប្រទេសនីមួយៗ ឬក្រុមហ៊ុននីមួយៗ។
២. តើ cryptocurrency ដំបូងគេគឺជាអ្វី?
Cryptocurrency ដែលមានមូលដ្ឋានលើ blockchain ដែលត្រូវបានបង្កើតដំបូងគេនោះគឺ Bitcoin ដែលបច្ចុប្បន្នវានៅតែជា crypto ដែលពេញនិយមជាងគេ និងមានតម្លៃថ្លៃបំផុត។ ប៉ុន្តែក្រៅពី bitcoin សព្វថ្ងៃនេះក៏មាន alternative coin រាប់ពាន់ប្រភេទទៀត ដែលមានមុខងារ និងលក្ខណៈពិសេសផ្សេងៗគ្នា។
៣. តើ cryptocurrency មានមុខងារអ្វី?
អ្នកជំនាញ Cryptocurrency យល់ឃើញថាបច្ចេកវិទ្យា blockchain មានសក្តានុពលយ៉ាងធំធេងក្នុងការប្រើប្រាស់ទៅលើកិច្ចសន្យាឆ្លាតវៃ, ការបោះឆ្នោតតាមអ៊ិនធើណែត, crowdfunding និងការកាត់បន្ថយថ្លៃនៃប្រតិបត្តិការទូទាត់ប្រាក់ជាដើម។
៤. តើ cryptocurrency មានប៉ុន្មានប្រភេទ?
យោងទៅតាម CoinGecko មាន cryptocurrency ជាង ៦៨០០ កំពុងត្រូវបានលក់ជាសាធារណៈ។ ផ្អែកលើមូលធនទីផ្សារ Bitcoin មានតម្លៃថ្លៃជាងគេ បន្ទាប់មកមានកាក់ផ្សេងៗដូចជា Etherum, Binance, Ripple, Tether, និង Dogecoin ជាដើម។
៥. តើរដ្ឋាភិបាលអាចគ្រប់គ្រង cryptocurrency បានដែរឬទេ?
លក្ខណៈពិសេសនៃ cryptocurrency គឺថាជាទូទៅពួកគេមិនត្រូវបានបង្កើតដោយអាជ្ញាធរកណ្តាលណាមួយទេ។ នេះជាមូលហេតុដែលធ្វើឱ្យ cryptocurrency មិនស្ថិតក្រោមអំណាច ឬ ការគ្រប់គ្រងរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលអាចព្យាយាមកំណត់ច្បាប់ និងធ្វើការហាមឃាត់ទៅលើ cryptoasset តែយ៉ាងណាមិញ ដោយលក្ខណៈវិមជ្ឈការរបស់ cryptoasset ពួកគេមិនអាចធ្វើការគ្រប់គ្រងយ៉ាងពេញលេញបានទេនោះទេ។
៦. ហេតុអ្វីបានជារដ្ឋាភិបាលមិនចូលចិត្ត cryptocurrency?
រដ្ឋាភិបាលមួយចំនួនយល់ឃើញថា cryptocurrency អាចត្រូវជនទុច្ចរិកមួយចំនួនប្រើប្រាស់សម្រាប់ការលាងលុយកខ្វក់ ទីផ្សារងងឹត និងអំពើភារវកម្ម ព្រមទាំងអាចបង្កហានិភ័យដល់វិនិយោគិន។ លើសពីនេះ រដ្ឋាភិបាលខ្លះក៏មានការព្រួយបារម្ភអំពីសក្តានុពលរបស់ cryptocurrency ក្នុងការធ្វើឱ្យមានអស្ថិរភាព ឬ ប៉ះពាល់ដល់សិទ្ធិអំណាចក្នុងការគ្រប់គ្រងរបស់ធនាគារកណ្តាល ដោយសាររចនាសម្ព័ន្ធវិមជ្ឈការរបស់ cryptocurrency។
៧. តើប្រទេសណាខ្លះដែលហាមឃាត់ការប្រើប្រាស់ ឬជួញដូរ cryptocurrency?
កម្ពុជាស្ថិតក្នុងចំណោមប្រទេសមួយ ដែលហាមឃាត់ cryptocurrency តាំងពីឆ្នាំ ២០១៧។ ប្រទេសផ្សេងទៀតដែលហាមឃាត់គ្រីបរួមមាន ចិន ទួរគី អារ៉ាប៊ីសាអូឌីត បូលីវី ម៉ូរុកូ អាល់ហ្សេរី និងអ៊ីរ៉ង់។ ល។