fbpx

TikTok គឺជាកម្មវិធីបណ្ដាញសង្គមមួយដែលល្បីទូទាំងពិភពលោក។ បច្ចុប្បន្ន កម្មវិធីនេះមានអ្នកប្រើប្រាស់សកម្ម ១ ពាន់លានអ្នក ជារៀងរាល់ខែ និងត្រូវបាន download ២,៦ ពាន់លានដង។ ត្រឹមតែរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ កម្មវិធីនេះបានក្លាយជាដៃគូប្រកួតប្រជែងមួយ ជាមួយបណ្ដាញសង្គមយក្សដូចជា Instagram, Youtube និង Facebook ជាដើម។

សួរថាកម្មវិធីល្បីនេះ ជាអ្វី?

TikTok ជាកម្មវិធីដែលផ្តោតលើការចែករំលែងវីដេអូខ្លីៗ។ វាមានមុខងារមួយចំនួនដូចជាការដាក់ភ្លេង, ការដាក់ effect និង filter មួយចំនួនដែលអ្នកប្រើប្រាស់អាចយកទៅបង្កើតជា Challenge និងវីដេអូដោយភាពច្នៃប្រឌិត។ អ្នកដែលមិនទាន់ប្រើប្រាស់ TikTok ភាគច្រើនគិតថាគ្រាន់តែជាកម្មវិធីរាំ និងធ្វើមាត់ច្រៀងលេងប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅកម្មវិធីនេះមានមាតិកាជាច្រើនទៀត ដូចជាវីដេអូកំប្លែង, meme, ការធ្វើពិសោធន៍វិទ្យាសាស្ត្រ, ការចែករំលែកពីវិធីសាស្ត្រផ្សេងៗ និងវីដេអូល្អៗជាច្រើនទៀត។

តើ TikTok មានប្រវត្តិដូចម្ដេច?

ដំបូងឡើយ សហគ្រិនជនជាតិចិន ឈ្មោះ Zhang Yi Ming បានបង្កើតក្រុមហ៊ុន Bytedance នៅឆ្នាំ ២០១២។ នៅឆ្នាំ ២០១៦, ក្រុមហ៊ុននេះបានបង្កើតកម្មវិធីចែករំលែកវីដេអូដំបូងនៅក្នុងទីផ្សារចិន ឈ្មោះថា Dou Yin ដែលអាចនិយាយបានថាជា TikTok របស់ប្រទេសចិន។ ប៉ុន្តែដោយសារតែចង់ពង្រីកទីផ្សារលើសកលលោក ក្រុមហ៊ុននេះក៏បានបង្កើត TikTok សម្រាប់អ្នកប្រើប្រាស់ក្រៅពីប្រទេសចិន។ នៅឆ្នាំ ២០១៧, ក្រុមហ៊ុននេះបានទិញយកកម្មវិធី Musically ដែលជាកម្មវិធីដ៏ល្បីមួយក្នុងការចែករំលែងវីដេអូច្រៀង និងរាំ ជាដើម។ នៅឆ្នាំ ២០១៨, Bytedance បានរួមបញ្ចូលមុខងាររបស់ Musically ចូលក្នុង TikTok ហើយបានចាប់ផ្ដើមទាញយកអ្នកប្រើប្រាស់ជាច្រើនទូទាំងសកលលោក។ នៅឆ្នាំ ២០១៩, TikTok ត្រូវបានប្រើប្រាស់នៅប្រទេសចំនួន១៥០ និងភាសាចំនួន៧៥។

តើមូលហេតុអ្វីខ្លះដែលធ្វើឱ្យកម្មវិធីនេះល្បីខ្លាំង?

មូលហេតុចំបងនោះគឺ ទំព័រដើមរបស់កម្មវិធីនេះ (For You Page) ដែលអ្នកប្រើប្រាស់អាចមើលវីដេអូថ្មីៗ ហើយកម្មវិធីនេះបានប្រើប្រាស់បច្ចេកវិទ្យា AI និង Algorithm ពិសេស (ពិនិត្យមើលលើប្រភេទវីដេអូ, រយៈពេលរបស់វីដេអូ, និងវីដេអូស្រដៀងៗគ្នាទូទាំងសកល) ដែលជួយឱ្យអ្នកប្រើប្រាស់ឃើញវីដេអូថ្មីៗដែលពួកគេចូលចិត្ត។ នេះមានន័យថា កាន់តែប្រើប្រាស់វា កម្មវិធីកាន់តែយល់ចិត្តអ្នកប្រើប្រាស់កាន់តែច្បាស់។ បន្ថែមទៀត, កម្មវិធីនេះ បានទាក់ទាញអ្នកបង្កើតវីដេអូ (content creators) ជាច្រើនដោយសារពួកគេអាចបង្កើនភាពច្នៃប្រឌិតខ្ពស់ ហើយមិនចាំបាច់មាន followers ច្រើន ក៏អាចមានអ្នកមើលវីដេអូច្រើនដែរ ប្រសិនបើធ្វើវីដេអូបានល្អ និងពេញនិយម (on trend)។ មិនតែប៉ុណ្ណោះ អ្នកបង្កើតវីដេអូក៏អាចរកលុយបានផងដែរ។

សំនួរចុងក្រោយ, តើ TikTok រកលុយតាមវិធីណា?

បច្ចុប្បន្ន, កម្មវិធីនេះ រកលុយតាមការផ្សាយពាណិជ្ជកម្មរបស់ប្រ៊េនល្បីៗ និងតាមរយៈការលក់កាក់ ដែលអ្នកប្រើប្រាស់អាចទិញ ដើម្បីឱ្យកាដូអ្នកបង្កើតវីដេអូដែលពួកគេពេញចិត្តជាដើម។

រឿងរ៉ាវក្រោយភាពល្បីល្បាញរបស់ Tik Tok

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading