fbpx

បើសួរថាពេលណាទើបចូលនិវត្តន៍ មនុស្សមួយចំនួនអាចឆ្លើយថា ៦០ ឆ្នាំ ព្រោះនេះជាអាយុដែលរាជរដ្ឋាភិបាលបានកំណត់។

ចុះបើថ្ងៃនេះ LuyBook ប្រាប់ថាលទ្ធភាពក្នុងការចូលនិវត្តន៍មិនអាស្រ័យទៅលើអាយុទេ ប៉ុន្តែអាស្រ័យទៅលើរបៀបរស់នៅ និងទ្រព្យធនដែលយើងមាន តើបងប្អូនគិតយ៉ាងណាដែរ?

តើបងប្អូនធ្លាប់លឺពី F.I.R.E. ដែលពាក្យពេញនោះគឺ “Financial Independence, Retire Early” ប្រែមកខ្មែរគឺ ការទទួលបានឯករាជភាពហិរញ្ញវត្ថុ និងចូលនិវត្តលឿន ដែរអត់? គោលដៅរបស់ FIRE គឺខិតខំប្រឹងសន្សំ និងវិនិយោគ រវាង ៥០ ទៅ ៧៥% នៃប្រាក់ចំណូល ដើម្បីព្យាយាមចូលនិវត្តត្រឹមអាយុ ៣០ ឬ ៤០ ឆ្នាំ។ ការរស់នៅរបៀប FIRE នេះ គឺតម្រូវឱ្យយើងរស់នៅដោយមានការសន្សំសំចៃខ្ពស់ និងត្បិតត្បៀតខ្លាំង ដែលប្រហែលជាមិនសាកសមជាមួយរបៀបរស់នៅរបស់មនុស្សគ្រប់គ្នានោះទេ។

យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញមានការកើនឡើងនៅការគាំទ្ររបស់ក្រុម millennial (អ្នកកើតចន្លោះឆ្នាំ 1980 ដល់ឆ្នាំ 1994) ទៅលើចលនា FIRE នេះ ដើម្បីសម្រេចគោលបំណងចូលនិវត្តន៍មុនអាយុ ៦០ ឆ្នាំ ព្រោះពួកគេមិនចង់ភ្លេចខ្លួនដល់វ័យចាស់ជរា ខិតខំតែពីធ្វើការ និងមិនមានពេលផ្ទាល់ខ្លួន ។ ពួកគេខិតខំសន្សំប្រាក់ឱ្យបានចន្លោះពី ២៥ ទៅ ៣០ ដងនៃការចំណាយប្រចាំឆ្នាំរបស់ពួកគេ ហើយនៅពេលសន្សំគ្រប់គេអាចឈប់ធ្វើការពេញម៉ោង ដើម្បីចាប់ផ្តើមការងារដែលមានអត្ថន័យចំពោះពួកគេ ដូចជាការអភិរក្សសត្វព្រៃ ការធ្វើចម្ការ ឬ ការធ្វើដំណើរពេញពិភពលោកជាដើម ដោយគ្រាន់តែធ្វើការក្រៅម៉ោង ឬ freelance ម្តងម្កាល តាមកាលវិភាគផ្ទាល់ខ្លួនរបស់ពួកគេ។

បងប្អូនអាចឆ្ងល់ថា បើអត់ធ្វើការ ឬ រកស៊ី ហើយគិតតែពីដេកស៊ី យូរៗទៅលុយសន្សំប្រាកដជាត្រូវចាយអស់ហើយ?

ចម្លើយនោះគឺ បុគ្គលដែលនៅក្នុងចលនា FIRE ប្រើប្រាស់ភាគលាភពីលុយសន្សំរបស់គេ ដើម្បីផ្គត់ផ្គង់ចំណាយប្រចាំថ្ងៃ។ បើយើងសន្មតថាលុយសន្សំរបស់យើងនឹងកើន ៧% ក្នុងមួយឆ្នាំពីការវិនិយោគ ឬការសន្សំមានកាលកំណត់ (អត្រាការប្រាក់ប្រចាំឆ្នាំ នៅមីក្រូហិរញ្ញវត្ថុមួយចំនួន) ខណៈអតិផរណាស្ថិតក្នុងកម្រិតប្រហែល ៣% នោះយើងនឹងអាចប្រើប្រាស់លុយពីការប្រាក់ពិត (real interest) ប្រហែល ៤% សម្រាប់ការចាយវា ដោយមិនចាំបាច់ប៉ះពាល់ទៅដល់ប្រាក់សន្សំរបស់យើងឡើយ។

ហេតុអ្វីបានជាគេឱ្យតម្លៃទៅលើចលនា FIRE?

លោក Mark Cuban ក៏ជាអ្នកគាំទ្រដ៏ធំមួយនៃចលនា FIRE នេះដែរ ។ លោកធំឡើងឃើញឪពុករបស់លោកមមាញឹកនឹងការងារ គ្មានពេលវេលាសម្រាប់ខ្លួនឯង និងគ្រួសារ។ ជារៀងរាល់ព្រឹកឪពុករបស់លោក ចេញទៅធ្វើការនៅម៉ោង ៧ ព្រឹក ពីច័ន្ទ ដល់សៅរ៍។ ជីវិតរស់នៅរបស់ឪពុកលោក បានបង្រៀនលោកថា ទ្រព្យសម្បត្តិដែលមានតម្លៃបំផុតរបស់មនុស្សគឺពេលវេលា។ ការយល់បែបនេះ ធ្វើឱ្យ Mark មានគោលបំណងចង់ម្ចាស់ការនឹងពេលវេលារបស់ខ្លួន និងទទួលបានឯករាជ្យភាពហិរញ្ញវត្ថុឱ្យបានលឿន។ លោកបាននិយាយថា “ខ្ញុំចង់មានសេរីភាពក្នុងការធ្វើអ្វីដែលខ្ញុំចង់ធ្វើ នៅពេលវេលា និងតាមរបៀបរបស់ខ្ញុំផ្ទាល់”។

ទោះយ៉ាងណាក៏ដោយមានរឿងមួយដែលត្រូវចងចាំ។ កុំចូលក្នុងចលនា F.I.R.E. បើសិនជាអ្នកគ្រាន់តែចង់គេចពីការងារដែលអ្នកស្អប់។ F.I.R.E. នឹងមិនដោះស្រាយបញ្ហានេះបានទេ។ ប្រសិនបើអ្នកស្អប់ការងាររបស់អ្នក អ្នកមិនមែនត្រូវការ F.I.R.E. ទេ អ្វីដែលអ្នកពិតជាត្រូវការគឺការតម្រង់ទិសរកផ្លូវអាជីពថ្មី។ ជីវិតយើងមានដប់ឆ្នាំប៉ុន្មានដង? ភ្លេចៗខ្លួន អ្នកអាចខ្ចះខ្ជាយពេលវេលាធ្វើការងារដែលខ្លួនឯងស្អប់អស់ ១០ឆ្នាំក៏ថាបាន។ ដូចនេះ អ្នកត្រូវស្វែងរកចំណុចប្រសព្វរវាងសមត្ថភាព និងចំណង់ចំណូលចិត្តរបស់អ្នក ដើម្បីបង្កើនសក្កានុពលរកចំណូល ក៏ដូចជាធ្វើឱ្យមានភាពស្កប់ចិត្តរបស់អ្នក។

អ្វីទៅជា F.I.R.E?

Leave a Reply

Scroll to top
%d bloggers like this: