រយៈពេលជាងមួយឆ្នាំហើយដែលវិបត្តិកូវីដនេះប៉ះពាល់មកដល់ស្ថានភាពសេដ្ឋកិច្ច ទីផ្សារ និងហិរញ្ញវត្ថុរបស់យើងគ្រប់គ្នា។ យ៉ាងណាមិញ វិស័យអចលនទ្រព្យផ្នែកលំនៅឋាននៅប្រទេសយើង (ពិសេសក្នុង និងជុំវិញរាជធានីភ្នំពេញ) ដូចជាមានសកម្មភាពល្អគួរសមដែរ មិនសូវមានការធ្លាក់ចុះខ្លាំងដូចផ្នែកទេសចរណ៍ បដិសណ្ឋារកិច្ច និងហាងទំនិញនោះទេ។ សម្រាប់បងប្អូន ដែលកំពុងពិចារណាទិញផ្ទះក្នុងឆ្នាំនេះ ក្នុងកំឡុងពេលវិបត្តិកូវីដ តើគួរតែបន្តទិញឬទេ? ឬក៏គួរទុកលុយចាំឆ្នាំក្រោយៗសិន? ដើម្បីសម្រេចចិត្តឲ្យបានត្រឹមត្រូវ បងប្អូនត្រូវពិចារណា លើចំណុចសំខាន់ៗដូចជា៖
សមត្ថភាព និងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនបច្ចុប្បន្ន និងអនាគត
នេះគឺជាចំណុចសំខាន់បំផុត ព្រោះថាការផ្លាស់ប្ដូរលឿនៗនៃនិន្នាការសេដ្ឋកិច្ចទីផ្សារ អាចធ្វើឲ្យប៉ះពាល់ដល់អ្នកភ្លាមៗទាំងមិនបានរំពឹងទុក។ ប្រសិនជាអ្នកមិនសូវមានភាពនឹងនរ រឹងមាំផ្នែកហិរញ្ញវត្ថុ ហើយឈោងចាប់ទិញផ្ទះក្នុងសម័យកូវីដ នោះនឹងហានិភ័យមានកម្រិតខ្ពស់។
អ្នកត្រូវសួរខ្លួនឯងនូវសំណួរទាំងនេះសិន៖
- តើអ្នកមានទុនគ្រប់គ្រាន់យ៉ាងហោចណាស់ ៣០%នៃតម្លៃផ្ទះ នៅក្នុងដៃឬនៅ?
- បន្ទាប់ពីចំណាយលុយ ៣០%នោះហើយ អ្នកមានលុយគ្រប់គ្រាន់សម្រាប់រស់នៅសុខស្រួលប្រចាំថ្ងៃ និងការពារពេលមានអាសន្នដែរឬទេ? ឬក៏ត្រូវកាត់បន្ថយចំណាយច្រើន?
- ប្រសិនជាអ្នកត្រូវខ្ជីលុយធនាគារបន្ថែម តើអ្នកមានចំណូលយ៉ាងហោចណាស់ ២ដង នៃប្រាក់ត្រូវបង់ធនាគារប្រចាំខែឬអត់?
- តើអ្នកសងបន្ទុកបំណុលផ្សេងៗទៀតអស់ឬនៅ?
- តើក្នុងរយៈពេលបង់លុយរំលួសផ្ទះ (អាច ៣ឆ្នាំ ឬ ដល់២៥ឆ្នាំ) អ្នកនឹងមានចំណូលរហូតជាបន្តបន្ទាប់ឬទេ? ឬក៏ការងារ ឬមុខរបររបស់អ្នក អាចនឹងប៉ះពាល់ខ្លាំងដោយសារតែវិបត្តិកូវីដក្នុងរយៈពេលខាងមុខ?
- ប្រសិនជាអ្នកត្រូវបាត់បង់ចំណូលរយៈពេលប្រហែល ៦ខែ − ១ឆ្នាំ អ្នកនៅមានសមត្ថភាពបង់ថ្លៃផ្ទះឬអត់?
ប្រសិនជា ចម្លើយរបស់អ្នកបង្ហាញថា អ្នកមិនទាន់មានភាពនឹងនរផ្នែកហិរញ្ញវត្ថុក្នុងពេលនេះទេ កុំទាន់ប្រថុយទិញអីល្អជាង។ អាចរងចាំដល់ពេលស្ថានភាពហិរញ្ញវត្ថុអ្នកល្អឡើងវិញសិន ក៏មិនទាន់ហួសពេលដែរ។
តម្លៃទីផ្សារលំនៅឋាន
ប្រសិនជា ស្ថានភាពហិរញ្ញវត្ថុរឹងមាំហើយ អ្នកត្រូវមើលស្ថានភាពទីផ្សារលំនៅឋាន។ បច្ចុប្បន្ននេះ គឺជាឱកាសល្អសម្រាប់អ្នកដែលមានធនធានគ្រប់គ្រាន់ក្នុងការទិញ ព្រោះថាឥឡូវនេះ អ្នកទិញមានប្រៀបជាងអ្នកលក់ហើយ។
ទោះបីជាតម្លៃផ្ទះមើលទៅមិនសូវមានការធ្លាក់ថ្លៃខ្លាំង ក៏អ្នកលក់មានការផ្តល់ជូនច្រើនផ្សេងពីការបញ្ចុះតម្លៃផ្ទះដែរ ដូចជាការបង់ប្រាក់ធូរជាងមុន ផ្តល់រយៈពេលបង់យូរជាងមុន មានផ្ដល់ជូនសម្ភារៈក្នុងផ្ទះច្រើនជាងមុន និងមានកម្មវិធីចាប់ឆ្នោតចុះតម្លៃផ្សេងៗ។ បើគម្រោងដែលអ្នកចង់ទិញ មិនមានផ្តល់កម្មវិធីទាំងអស់នេះទេ ក៏អ្នកទាំងអស់គ្នាអាចសុំចុះតម្លៃបានច្រើនជាងមុនដែរ អាចដល់ ១០%ឬច្រើនជាងនេះ។
ចុះអ្នកគួរបារម្ភថា នៅពេលទិញផ្ទះក្នុងសម័យកូវីដហើយ តើតម្លៃទីផ្សារលំនៅឋាននឹងអាចធ្លាក់ ហើយខាតដើម ឬអត់? ចម្លើយគឺ គ្មានអ្នកណាម្នាក់អាចដឹងប្រាកដ ១០០%នោះទេ ព្រោះថាការទិញផ្ទះគឺមានហានិភ័យដូចការវិនិយោគដទៃដែរ។ គ្រាន់តែថាលំនៅឋានប្រភេទជាប់ដីមានលំនឹងជាង លំនៅឋានបែបខុនដូព្រោះតែមានដីដែលភ្ជាប់មកជាមួយ។ អ្វីដែលអ្នកទាំងអស់គ្នាអាចធ្វើបាន គឺជ្រើសរើសទិញផ្ទះដែលមានទីតាំងល្អនិង ក្នុងគម្រោងអភិវឌ្ឍល្អ ល្បីឈ្មោះ។ ដូច្នេះហើយប្រសិនជាស្ថានភាពទីផ្សារលំនៅឋានទាំងមូលធ្លាក់ចុះ តម្លៃផ្ទះរបស់អ្នកមិនសូវ ប៉ះពាល់ខ្លាំង។
បញ្ជាក់៖ មាតិកានេះ គ្រាន់តែជាការចែករំលែកចំណេះដឹង និងការយល់ឃើញរបស់អេដមីន #LuyBook។ មុននឹងសម្រេចចិត្ត សូមធ្វើការសិក្សាឲ្យបានច្បាស់លាស់បន្តទៀត ព្រោះករណីរបស់បងប្អូនម្នាក់ៗខុសៗគ្នា។