ពេលនិយាយពីការវិនិយោគ, អ្នកគិតពីអ្វីមុនគេដែរ? អចលនទ្រព្យ? ភាគហ៊ុន? ចុះធ្លាប់ដែលលឺគេនិយាយពីការវិនិយោគលើការទំនិញប្រណីត (luxury goods) ទេ?
មូលហេតុចំបងដែលគេវិនិយោគលើទំនិញប្រណីតនេះ គឺដោយសាររបស់ទាំងនោះ អាចរក្សាទុកជាប់ខ្លួនបាន (tangible) ហើយជាទូទៅវាមិនធ្លាក់ថ្លៃ និងថែមទាំងឡើងថ្លៃទៀត នោះពេលលក់ចេញវិញ អាចចំណេញច្រើន។ គួរបញ្ជាក់ផងដែរថា មិនមែនរបស់ប្រេនទាំងអស់សុទ្ធតែអាចឡើងថ្លៃទេ គឺភាគច្រើនទាល់តែរបស់នោះកម្រ អាយុកាល vintage value និងជា Limited Edition ដែលទទួលបានការគាំទ្រច្រើន។
តម្លៃរបស់ទំនិញប្រណីត គឺភាគច្រើនត្រូវបានកំណត់ដោយគុណភាព, ភាពកម្រ, ភាពប្រណីត, ទឹកដៃ, វត្ថុធាតុដើម, ជំនាញ, ឌីសាញ និងបច្ចេកវិទ្យាទំនើប ជាដើម។ ក្រុមហ៊ុនលក់ទំនិញប្រណីតៗ តែងធ្វើការផ្សព្វផ្សាយពីការរៀបចំពិសេស ដូចជា Limited Edition ជាដើម ជាហេតុធ្វើឱ្យការផ្គត់ផ្គង់មានតិចជាងតម្រូវការ ព្រោះថាពេលមនុស្សចង់បានរបស់នោះច្រើន តម្លៃនឹងកើនទៅតាមនោះដែរ។
ជាឧទាហរណ៍៖ សម្រាប់អ្នកស្រឡាញ់នាឡិកា, តម្លៃនាឡិកា Rolex Submariners ចេញលក់ក្នុងតម្លៃ ១៥០ ដុល្លារ ក្នុងឆ្នាំ ១៩៥៧ គឺមានតម្លៃ ៧,៥០០ ដុល្លារ ក្នុងឆ្នាំ ២០១៧។ និយាយទៅគឺរបស់ទាំងអស់នេះអាចឡើងថ្លៃរៀងរាល់ឆ្នាំ ហើយដូចជាកាបូប LV ម៉ាក Pochette Accessoires Monogram Canvas ឡើងថ្លៃពី ៦៣០ដុល្លារ ក្នុងឆ្នាំ ២០២០ ដល់ ៧៩០ ដុល្លារក្នុងឆ្នាំ ២០២១ ពោលគឺឡើងថ្លៃ ២៥% ក្នុងរយៈពេលតែ ១ឆ្នាំប៉ុណ្ណោះ។
ពេលថ្មីៗនេះ ក៏គេសង្កេតឃើញមានការពេញនិយមទិញស្បែកជើងប៉ាតា (sneakers) ផងដែរ ដោយសារក្នុងវិស័យនេះ មានការសហការគ្នារវាងប្រេនធំៗច្រើន។ ឧទាហរណ៍៖ ស្បែកជើង Nike Yeezy Red October ដែលជាការសហការជាមួយតារាល្បីលោក Kanye West លក់ចេញដំបូងក្នុងតម្លៃតែ ២៤៥ ដុល្លារប៉ុណ្ណោះ តែឥលូវវាមានតម្លៃរហូតដល់ ១០,០៣៨ ដុល្លារ ពោលគឺកើនតម្លៃ ៣,៩០០ ភាគរយ។
យ៉ាងណាមិញ, សម្រាប់អ្នកចង់វិនិយោគលើទំនិញប្រណីតទាំងអស់នេះ គួរពិចារណាលើចំណុចមួយចំនួនដូចខាងក្រោម៖
១. ទីផ្សារនេះមានទំហំតូច ពោលគឺពិបាករកអ្នកទិញពេលលក់វិញដែរ
២. ការកើនឡើងតម្លៃគឺភាគច្រើនដោយសារតែការពេញនិយមច្រើន (hype)
៣. ត្រូវសិក្សាពីកត្តាឡើងតម្លៃ និងមានយុទ្ធសាស្ត្រឱ្យបានច្បាស់លាស់
ប្រភព៖ South China Morning Post, Europa Star, Stock X, HUFFPOST។