រាល់ថ្ងៃ ពេលជជែកគ្នាជាមួយមិត្តភក្តិ, តើអ្នកទាំងអស់គ្នានិយាយពីអ្វីខ្លះ? និយាយពីការងារ, គ្រួសារ, ស្នេហា ឬនិយាយដើមគេមែនអត់?ចុះដែលធ្លាប់និយាយពីប្រធានបទរឿងលុយកាក់ ឬហិរញ្ញវត្ថុអីអត់?
មនុស្សភាគច្រើនគិតថានិយាយរឿងលុយកាក់នោះ វាហាក់បីដូចជាមិនសមស្រប ហើយដូចជាមិនចង់និយាយពីវាដែរ។ យ៉ាងណាមិញ, នេះជាប្រធានបទមួយល្អបំផុតសម្រាប់និយាយជាមួយមិត្តភក្តិជិតស្និទ្ធិរបស់អ្នក ដែលអ្នកតែងបើកចិត្តទូលាយចែករំលែកគ្នាទៅវិញទៅមក។
ការនិយាយគ្នាពីប្រធានបទនេះ អាចនាំឱ្យយើងយល់ច្បាស់ពីគ្នា ហើយអាចដឹងពីទម្លាប់ ឬវិធីសាស្ត្រល្អៗក្នុងការទុកដាក់លុយពីគ្នាទៅវិញទៅមក។ ឧទាហរណ៍៖ និយាយគ្នាលេងៗ ស្រាប់តែនឹកឃើញនាំគ្នាសន្សំលុយ បង្កើតជា challenge សន្សំលុយជុំគ្នាក៏ថាបាន។
ដូចនេះ, សម្រាប់អ្នកមិនធ្លាប់និយាយគ្នាពីរឿងនេះពីមុនមក, សាកបើកចិត្តទូលាយ និងបបួលមិត្តភក្តិអ្នកទាំងអស់គ្នាមើល។ ថ្ងៃនេះដែរ, #LuyBook សូមចែករំលែកពីសំនួរមួយចំនួនដែលអ្នកទាំងអស់គ្នាអាចយកទៅពិភាក្សាគ្នាបាន ដូចខាងក្រោម៖
១. តើទម្លាប់ទុកដាក់លុយរបស់អ្នក តាំងពីក្មេងមកដូចម្ដេចដែរ?
២. តើធ្លាប់ចាយលើអ្វី ហើយស្ដាយក្រោយអត់? ធ្វើម៉េចទើបដោះស្រាយបញ្ហានេះបាន?
៣. តើអ្នកមានគម្រោងសម្រាប់ចូលនិវត្តន៍ឬនៅ? តើមានកញ្ចប់សន្សំសម្រាប់គ្រាមានអាសន្ននៅ?
៤. តើសៀវភៅអ្វីអំពីហិរញ្ញវត្ថុ ដែលចូលចិត្តអាន?
៥. តើគណនីសន្សំប្រាក់មួយណាសាកសម និងបានការប្រាក់ខ្ពស់?
៦. តើមានបានវិនិយោគអត់? អាចជួយចែករំលែកគ្នាតិចមក?
៧. តើដំបូន្មានរឿងហិរញ្ញវត្ថុអ្វីដែលធ្លាប់ទទួលបាន ហើយគិតថាពិតជាសំខាន់ ហើយចង់ចែករំលែក?
៨. តើទិញផ្ទះដំបូង ត្រូវគិតលើអ្វីខ្លះ?
៩. តើការខ្ចីលុយធនាគារម៉េចដែរ? គេត្រូវការអ្វីខ្លះ? ធ្វើម៉េចបានការប្រាក់ទាប? បង់ប្រចាំខែយ៉ាងម៉េចសាកសម?
១០. សម្រាប់អ្នកមានគ្រួសារ, អាចចែករំលែកបទពិសោធន៍បែងចែកលុយកាក់ម៉េចបានអត់?
ចំណាំ៖ ត្រូវចាំថានិយាយគ្នាលេងធម្មតាទៅ (let the conversation flow naturally) ហើយកុំធ្វើការវាយតម្លៃ (do not judge) និងបើកចិត្តឱ្យទូលាយទទួលយកយោបល់គ្នាទៅវិញទៅមក (be open to different perspectives)។