រាល់ការភ្នាល់ ឬលេងល្បែង ច្បាស់ណាស់គឺមេល្បែងតែងតែឈ្នះនៅទីបញ្ចប់។ ហើយសួរថានេះ គឺមកពីអ្វី?
កាស៊ីណូ គឺជាអាជីវកម្មមួយ ហើយដូចអាជីវកម្មដទៃទៀតដែរ ម៉ូដែលអាជីវកម្មរបស់ពួកគេត្រូវបានរៀបចំឡើង ដើម្បីធានានូវប្រាក់ចំណេញ។
លើកក្រោយ ពេលអ្នកមានអារម្មណ៍ថាកំពុងតែហេង និងចង់សាកល្បងសំណាងរបស់ខ្លួននៅក្នុងកាស៊ីណូ សូមគិតម្តងទៀត! ល្បែងក្នុងកាស៊ីណូទាំងអស់ត្រូវបានរៀបចំឡើងដើម្បីឲ្យឱកាសឈ្នះរបស់កាស៊ីណូខ្ពស់ជាងអ្នកលេង។ លេងយូរៗទៅ អ្នកលេងដឹងតែចាញ់ ហើយកាស៊ីណូដឹងតែឈ្នះចំណេញលុយ។
ឥឡូវយើងសាកមកងាកមើលល្បែងល្បីមួយក្នុងកាស៊ីណូទូទៅ គឺតុរ៉ូឡែត (roulette table)។ តុរ៉ូឡែតមានសរុប ៣៨ ប្រឡោះគឺ៖
• លេខពី ១ ដល់ ៣៦ បែងចែកជាព័ណ៌ក្រហម ១៨ ប្រឡោះ និងខ្មៅ ១៨ ប្រឡោះ
• លេខ ០ និង ០០ មិនមានព័ណ៌ទេ។
ឧបមានថាយើងចាក់ថានឹងចេញព័ណ៌ក្រហម នោះ៖
• ប្រូបាបឈ្នះរបស់យើងគឺ ៤៧,៣៦% (១៨ ចែកនឹង ៣៨)
• ប្រូបាបចាញ់របស់យើងគឺរហូតដល់ ៥២,៦៣% (២០ ចែកនឹង ៣៨) ហើយប្រូបាបរបស់កាស៊ីណូវិញគឺបញ្ច្រាស់ពីអ្នកលេង ដែលកាស៊ីណូមានប្រូបាបឈ្នះ ៥២,៦៣% និងប្រូបាបចាញ់ ៤៧,៣៦%។ កាស៊ីណូមានប្រៀបជាងអ្នកលេងប្រហែល ៥,២៦% ហើយភាគរយនេះ គឺតំណាងឱ្យលទ្ធភាពចំណេញរបស់កាស៊ីណូ។ នេះមានន័យថា នៅពេលអ្នកលេងភ្នាល់ ១ លានទៅលើតុរ៉ូលែតនោះ កាស៊ីណូនឹងអាចចំណេញប្រហែល ៥២,៦០០ ដុល្លារ ខណៈអ្នកភ្នាល់ដើរឆ្ងាយជាមួយលុយក្នុងហ៉ោប៉ាវតិចជាងពេលចាប់ផ្តើម។
ចំណែកឯប្រភេទម៉ាស៊ីន slot វិញ ឱកាសឈ្នះសម្រាប់អ្នកលេងគឺទាបបំផុត ត្រឹមតែ ១ ក្នុង ៥,០០០ ដង ទៅដល់ ១ ក្នុង ៥០,០០០,០០០ ដង ប៉ុណ្ណោះក្នុងការឈ្នះរង្វាន់ធំ។
គណិតវិទ្យា និងប្រូបាបគឺមិនចេះកុហកយើងនោះទេ។ ទោះបីជាយើងអាចបង្វិលកាក់មួយ ៣០ ដង ហើយចេញក្បាល ២០ ដង ផ្ទួនគ្នាក៏ដោយ ប៉ុន្តែបើយើងបន្តបង្វិលរាប់ពាន់ រហូតដល់អនន្ទដង នោះប្រូបាបនឹងខិតទៅកាន់ ៥០% ដដែល ។ អញ្ចឹង វាក៏ដូចគ្នាដែរជាមួយឱកាសឈ្នះរបស់កាស៊ីណូ ដែលមានប្រៀបជាងឱកាសឈ្នះរបស់អ្នកភ្នាល់ល្បែង ព្រោះចុងបញ្ចប់ ដោយសារតែកាស៊ីណូមានភាគរយឈ្នះច្រើនជាង កាស៊ីណូនឹងមិនអាចខាតប្រាក់នោះឡើយ៕
តែវាមិនមានន័យថាអ្នកនឹងចាញ់រាល់កាលៈទេសៈនោះទេ ព្រោះក៏មានអ្នកលេងមួយចំនួនធ្លាប់ឈ្នះ ហើយឈ្នះបានលុយច្រើនដែរ។ ប៉ុន្តែអ្នកត្រូវចាំថា នៅពេលអ្នកលេងកាន់តែយូរ ឱកាសឈ្នះរបស់អ្នកនឹងរត់ទៅរកលំនឹងដើមដែលកាស៊ីណូបានកំណត់រួចស្រេច ហើយអ្នកនឹងដើរចេញពីកាស៊ីណូជាមួយលុយតិចជាងពេលអ្នកដើរចូល។ យើងទាំងអស់គ្នាប្រាកដជាធ្លាប់លឺរឿងរ៉ាវច្រើនហើយដែរ ទាក់ទងនឹងបុគ្គលដែលញៀនល្បែង រហូតដល់ខាតបង់អស់ទ្រព្យសម្បតិ្តរលីងពីក្នុងខ្លួន ព្រាត់ប្រាស់គ្រួសារ និងជំពាក់បំណុលវ័ណ្ឌក ដោយសារសតិវឹកវរ និងសង្ឃឹមចង់ឈ្នះលុយដែលចាញ់ល្បែងមកវិញ។ ការពិតទៅ ទោះជាអ្នកខំលេងយ៉ាងណាក៏អ្នកមិនអាចឈ្នះកាស៊ីណូបានដែរ។