តើបងប្អូនទាំងអស់គ្នាមានដែលចាប់អារម្មណ៍លើខ្លួនឯងទេថា សព្វថ្ងៃនេះដូចជារកចំណូលបានច្រើនដែរ តែលុយសន្សំដូចជាសល់មិនសូវច្រើនសោះ? លុយចូលកាន់តែច្រើន តែចាយវិញក៏កាន់តែធំដូចគ្នា!
ប្រសិនបើអ្នកទាំងអស់គ្នាឃើញថាខ្លួនកំពុងស្ថិតក្នុងស្ថានភាពនេះ ប្រហែលជាអ្នកទាំងអស់គ្នាកំពុងបំប៉ោងរបៀបរស់នៅដោយមិនដឹងខ្លួនហើយ!
ការបំប៉ោងរបៀបរស់នៅ(Lifestyle Inflation) អាចកើតមានឡើងពេលដែលយើងបង្កើនការចាយវាយទៅតាមកំណើនចំណូល។ ទម្លាប់រស់នៅដោយមានភាពខ្ជះខ្ជាយបែបសម្ភារៈនិយម ស៊ីវីល័យ ដើម្បីដើរទាន់សង្គម និងមិត្តភក្តិជុំវិញខ្លួន សុទ្ធសឹងជាបញ្ហា ដែលអាចមានផលប៉ះពាល់ដល់ហិរញ្ញវត្ថុផ្ទាល់ខ្លួនក្នុងរយៈពេលវែងបាន។ ដើម្បីគ្រប់គ្រងការបំប៉ោងរបៀបរស់នៅ បងប្អូនអាចធ្វើតាមគន្លឺះទាំង ៦ ខាងក្រោមនេះ៖
១. បង្កើតគណនីសន្សំលុយស្វ័យប្រវត្តិ
គ្មានវិធីណាងាយស្រួលការពារលុយពីការចាយវាយផ្តេសផ្តាសជាងការបង្កើតគណនីសន្សំស្វ័យប្រវត្តិទេ។ ធនាគារជាច្រើនបានផ្តល់នៅសេវាកម្មនេះ! ប្រាក់ចំណូលរបស់អ្នកមួយភាគ នឹងត្រូវបានកាត់ចូលក្នុងគណនីនេះដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ភ័យថាភ្លេចដកលុយយកទៅសន្សំ ឬក៏ចាយលើសការរំពឹងទុកនោះទេ។ អ្នកក៏អាចកែប្រែភាគរយប្រាក់ចំណូលដែលត្រូវកាត់ចូលក្នុងគណនីនេះផងដែរ។ ជាទូទៅ អ្នកគួរកំណត់ការសន្សំស្វ័យប្រវត្តិនេះ ឲ្យកាត់លុយអ្នកចូលទៅក្នុងគណនីរបស់អ្នកភ្លាមៗ ពេលអ្នកបើកប្រាក់ខែ ដើម្បីចៀសវាងការចាយវាយផ្តេសផ្តាស។
២. បង្កើតបញ្ជីចំណូលចំណាយបញ្ជីចំណូលចំណាយ
ជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ជាធម្មតាយើងមិនសូវខ្វល់ខ្វាយពីចំណាយរបស់យើងទេពេលយើងមិនបានឃើញតួលេខជាក់ស្តែង។ ការកត់ត្រាចំណូល និងចំណាយរបស់យើងហើយកំណត់ខ្ទង់ចំណាយនីមួយៗជាក់លាក់តាមគោលដៅហិរញ្ញវត្ថុនីមួយៗអាចជួយយើងគ្រប់គ្រងការចំណាយរបស់យើងបាន។ អ្នកធ្វើបញ្ជីនេះក្នុងសៀវភៅសរសេរដៃក៏បាន ឬប្រើកម្មវិធីទូរស័ព្ទដូចជា MoneyLover និង Spendee ក៏បាន។ កុំភ្លេចមើលបញ្ជីនេះឡើងវិញ និងកែតម្រូវវាម្តងម្កាលផង តាមការឡើងចុះនៃចំណូល និងចំណាយរបស់អ្នក។
៣. កំណត់បរិមាណទឹកប្រាក់ដើម្បីផ្តល់ជារង្វាន់ដល់ខ្លួនឯង
និយាយតាមត្រង់បើទោះជាយើងពូកែកំណត់ខ្ទង់ចំណាយយ៉ាងណា ក៏មានពេលខ្លះយើងចង់ធ្វើអ្វីមួយដែលជួយឱ្យយើងមានអារម្មណ៍សប្បាយរីករាយផងដែរ។ ប្រសិនបើអ្នកចង់ឱ្យរងា្វន់ទៅខ្លួនឯង គួរកំណត់បរិមាណសមគួរណាមួយ ហើយមិនត្រូវចំណាយលើសពីចំនួនដែលបានកំណត់ជាដាច់ខាត។
៤. ពិចារណាមុនពេលសម្រេចចិត្តលើការចំណាយអ្វីមួយ
ត្រូវសួរខ្លួនឯងថា តើហេតុអីទើបអ្នកចង់បានរបស់មួយនេះ? ហើយរបស់ដែលអ្នកចង់បាននេះជាចំណាយចាំបាច់ដែរ ឬទេ? តើវាស្ថិតក្នុងទំហំទឹកប្រាក់ដែលអ្នកបានកំណត់សម្រាប់ការចំណាយរបស់អ្នកក្នុងបញ្ជីចំណូលចំណាយដែរ ឬទេ? នៅពេលដែលអ្នកទើបឡើងប្រាក់ខែ អ្នកតែងមានបំណងចង់ជប់លៀង ឬទិញស្បែកជើងមួយគូដែលអ្នកចង់បានយូរណាស់មកហើយ តែនៅពេលដែលអ្នកយកវាមកអង្គុយគិតឡើងវិញ អ្នកប្រហែលជាអាចប្តូរចិត្តក៏ថាបាន។
ជាធម្មតាយើងត្រូវមានខ្ទង់ចំណាយសម្រាប់ខ្លួនឯងមួយដែលសមរម្យម្តងម្កាល ប៉ុន្តែមិនត្រូវដោយសារការចង់សប្បាយមួយពេល យកលុយដែលយើងខំរកទៅជះចោលនោះទេ។
៥. ចៀសវាងការខ្ចីលុយសម្រាប់ចំណាយមិនចាំបាច់
ពេលដែលចំណូលកើនឡើង មនុស្សមួយចំនួនគិតថាពួកគាត់អាចខ្ចីលុយសម្រាប់រំលួសយកទូរស័ព្ទដៃ ឬម៉ូតូឡានជាដើមបាន តែការគិតនេះមិនត្រឹមត្រូវទេ ព្រោះតម្លៃរបស់សម្ភារៈប្រើប្រាស់ទាំងអស់នេះ នឹងធ្លាក់ចុះទៅតាមពេលវេលា។ និយាយឲ្យស្រួលស្ដាប់ ទូរស័ព្ទ iPhone ថ្លៃ ១០០០ ដុល្លាថ្ងៃនេះ នឹងធ្លាក់ថ្លៃ ៥ ឆ្នាំទៅមុខ ដោយសារវាហួសសម័យ ខូច ឬក្រុមហ៊ុនចេញអាថ្មីជាងនេះជាដើម។ ដូចនេះ អ្នកទាំងអស់គ្នាគួរពិចារណាពីភាពចាំបាច់ក្នុងការទិញរបស់មួយ ប្រសិនបើអ្នកមានទូរស័ព្ទប្រើហើយ គ្រាន់តែចង់បានរបស់ឡូយទុកបង្អួតគេក្នុងហ្វេសប៊ុកទេ ប្រហែលជាបំណុលមួយនេះមិនសមស្របសម្រាប់អ្នកឡើយ។ ការខ្ចីលុយដោយមិនបានគិតគូរជាមុន អាចបណ្តាលឲ្យអ្នកធ្លាក់ក្នុងបំណុលវ័ណ្ឌក ហើយប៉ះពាល់ដល់ប្រាក់សន្សំរបស់អ្នកក្នុងរយៈពេលវែងទៀតផង។
៦. ស្វែងរកមិត្តភក្តិដែលមានគោលដៅហិរញ្ញវត្ថុស្រដៀងនឹងអ្នក
មិត្តភក្តិដែលអ្នករាប់អានក៏អាចមានឥទ្ធិពលលើទម្លាប់ហិរញ្ញវត្ថុរបស់អ្នកផងដែរ។ បើអ្នកឧស្សាហ៍ដើរជាមួយអ្នកចាយធំ ហ៊ឺហា នោះអ្នកនឹងអាចមានទម្លាប់ដូចពួកគេដែរ។ គួរស្វែងរក និងឧស្សាហ៍ជជែកគ្នាជាមួយមិត្តភក្តិណាដែលមានគោលដៅហិរញ្ញវត្ថុស្រដៀងនឹងអ្នក ហើយចែករំលែកពីបទពិសោធន៍ ក៏ដូចជាការលំបាកដែលអ្នកជួបប្រទះ។ ពេលអ្នកចាយធំ ពួកគេក៏អាចដាស់ទឿនអ្នកឲ្យភ្ញាក់រឭកបានផងដែរ។
សរុបមក អ្នកណាក៏អាចក្លាយជាជនរងគ្រោះហិរញ្ញវត្ថុដោយសារការបំប៉ោងរបៀបរស់នៅដែរ ពេលដែលយើងមិនបានចាប់អារម្មណ៍ និងគ្រប់គ្រងលុយកាក់របស់យើងបានល្អ។ ប្រសិនបើអ្នកទាំងអស់គ្នាយល់ថា ខ្លួនកំពុងតែបំប៉ោងរបៀបរស់នៅនោះ ជំហានដំបូង គឺត្រូវហ៊ានទទួលស្គាល់ថាអ្នកពិតជាកំពុងចាយវាយខ្ជះខ្ជាយមែន ហើយព្យាយាមកែប្រែទម្លាប់របស់អ្នកដោយងាកមកសម្លឹងមើលគោលដៅហិរញ្ញវត្ថុ រយៈពេលវែងរបស់ខ្លួន និងចាប់ផ្តើមអនុវត្តវិធីសាស្ត្រខាងលើនេះឲ្យបានខ្ជាប់ខ្ជួន។
របៀបរស់នៅរបស់អ្នកទាំងអស់គ្នាឥលូវនេះមិនប្រាកដថាជារឿងមួយដែលមិនល្អ ត្រូវផ្លាស់ប្តូរឲ្យដូចមិត្តភក្តិ ឬអ្នកដទៃទេ។ ផ្ទុយមកវិញ យើងគួររៀនត្រេកអរនឹងអ្វីដែលយើងមាន។ ការតម្លើងរបៀបរស់នៅ ជារឿងមួយមិនចាំបាច់ ហើយអ្នកទាំងអស់គ្នាក៏មិនគួរ ទិញរបស់ថ្មីៗតាមតែចិត្តនឹកឃើញនោះដែរ ប្រសិនបើរបស់ដែលអ្នកមានស្រាប់នៅអាចប្រើប្រាស់បាន។