fbpx

សម្រាប់អ្នកមានបំណងចង់ធ្វើការវិនិយោគក្នុងទីផ្សារភាគហ៊ុនអាមេរិក, ជំហានដំបូងអ្នកគួរតែស្វែងយល់ពីវិស័យសំខាន់ៗក្នុងទីផ្សារសិន ដើម្បីអាចជ្រើសរើសក្រុមហ៊ុនក្នុងវិស័យណាមួយសម្រាប់ធ្វើការវិនិយោគស្របតាមយុទ្ធសាស្ត្ររបស់អ្នកទាំងអស់គ្នា។

នៅក្នុងចំណោមក្រុមហ៊ុនទាំង៥០០ ដែលមាននៅក្នុង Standard & Poor’s (S&P500) ត្រូវបានគេបែងចែកជា១១វិស័យធំៗ ដែលវិនិយោគិនអាចពិនិត្យមើលដើម្បីធ្វើពិពិធកម្មផលប័ត្ររបស់ពួកគេបាន (diversify portfolio)។

ថ្ងៃនេះ LuyBook សូមណែនាំវិស័យទាំង១១ ក្នុងទីផ្សារហ៊ុនអាមេរិកដូចខាងក្រោម៖

១. វិស័យបច្ចេកវិទ្យា (Information Technology)

នៅក្នុងវិស័យបច្ចេកវិទ្យាមានក្រុមហ៊ុនជាច្រើនដែលកំពុងធ្វើការទៅលើផ្នែកផ្សេងៗគ្នា ដូចជាអភិវឌ្ឍន៍ និងផ្ដល់សេវាកម្មអ៊ីនធើណេត និងលក់ផលិតផលបច្ចេកវិទ្យា ដូចជា កុំព្យូទ័រ ឬប្រព័ន្ធប្រតិបត្ដិការជាដើម។ ក្រុមហ៊ុនដែលគួរឲ្យចាប់អារម្មណ៍វិនិយោគជាងគេមានដូចជា Microsoft Corporation មានតម្លៃប្រមាណ ២៥៩ដុល្លារ ក្នុង១ហ៊ុន និងមូលធននូបនីយកម្មទីផ្សារ (Market Cap) ១.៩ទ្រីលានដុល្លារ។ ក្រៅពីនេះ, ក្រុមហ៊ុន Apple មានតម្លៃជាង ១៣០ ដុល្លារ ក្នុង១ហ៊ុន និងមាន Market Cap ប្រមាណ ២.១ទ្រីលានដុល្លារ ក៏ត្រូវបានរាប់បញ្ចូលក្នុងវិស័យនេះផងដែរ។

២. វិស័យសុខាភិបាល (Health Care)

ក្រុមហ៊ុនក្នុងវិស័យនេះ ភាគច្រើនជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសុខាភិបាល ថ្នាំពេទ្យ សេវាកម្មសុខាភិបាល ឬការបង្កើតថ្មី ដែលមានគោលបំណងជួយដល់សុខុមាលភាពមនុស្ស។ ភាគហ៊ុននៃក្រុមហ៊ុនប្រភេទនេះ គឺជាជម្រើសមួយដ៏ល្អនៅក្នុងការវិនិយោគសម្រាប់រយៈពេលវែងផងដែរ ដោយសារតែតម្រូវការសេវាសុខាភិបាលនៅតែកើនឡើងបើទោះបីជាសេដ្ឋកិច្ចដំណើរការមិនល្អក៏ដោយ។ ឧទាហរណ៍៖ ក្រុមហ៊ុន Moderna Inc. (MRNA) មានតម្លៃ ២០៧ដុល្លារ ក្នុង១ហ៊ុន និងមាន Market Cap ៨៣ ពាន់លានដុល្លារ, និងក្រុមហ៊ុន Align Technology Inc. (ALGN) មានតម្លៃជាង ៦០៦ ដុល្លារក្នុង១ហ៊ុន និងមាន Market Cap ៤៧ ពាន់លានដុល្លារ។

៣. វិស័យហិរញ្ញវត្ថុ (Financials)

នៅក្នុងវិស័យហិរញ្ញវត្ថុនេះ, មានរាប់បញ្ចូល ក្រុមហ៊ុនពាក់ព័ន្ធនឹងការផ្ដល់សេវាហិរញ្ញវត្ថុ ការវិនិយោគ និងផ្ញើ ឬផ្ទេរប្រាក់ជាដើម ដែលវាមានដូចជា ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនកម្ចីទិញអចលនវត្ថុជាដើម។ ក្រុមហ៊ុនដែលត្រូវបានគេស្គាល់ច្រើនជាងគេ ពាក់ព័ន្ធជាមួយនឹងការវិនិយោគ និងសេវាកម្មហិរញ្ញវត្ថុ មានដូចជា Bank of America Corp តម្លៃ៤២ដុល្លារក្នុង១ហ៊ុន, JPMorgan Chase & Co., តម្លៃ ១៥៨ដុល្លារក្នុង១ហ៊ុន និង Goldman Sachs Group Inc តម្លៃ ៣៧៣ដុល្លារក្នុង១ហ៊ុន។

៤. វិស័យផ្គត់ផ្គង់ទំនិញ និងសេវាប្រើប្រាស់បន្ទាប់បន្សំ (Consumer Discretionary)

ជាក្រុមហ៊ុនដែលធ្វើការផ្គត់ផ្គង់ទំនិញប្រណីតៗ ឬសេវាកម្មផ្សេងៗ ដែលវាមិនមែនជាតម្រូវការចាំបាច់នៅក្នុងការរស់នៅប្រចាំថ្ងៃ។ តម្រូវការនៃទំនិញទាំងអស់នេះ វាអាស្រ័យលើស្ថានភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងទ្រព្យសម្បត្ដិរបស់បុគ្គលនីមួយៗ។ ផលិតផលទាំងនោះមានដូចជា រថយន្ដ គ្រឿងអលង្កា សម្ភារកីឡា ឧបករណ៍អេឡិចត្រូនិក និងប្រភេទសេវាកម្មកម្សាន្ដសប្បាយផ្សេងៗជាដើម។ តម្លៃភាគហ៊ុននៅក្នុងវិស័យនេះ គឺកើនឡើងខ្លាំងនៅពេលដែលសេដ្ឋកិច្ចកំពុងឈានដល់ដំណាក់កាលរីកចម្រើន។ ឧទាហរណ៍ដូចជាក្រុមហ៊ុន Starbucks (SBUX) មានតម្លៃជាង ១១២ ដុល្លារក្នុង១ហ៊ុន និងតម្លៃទីផ្សារ ១៣២ពាន់លានដុល្លារ។

៥. វិស័យបម្រើសេវាកម្មទំនាក់ទំនង (Communication Services)

នៅក្នុងវិស័យនេះ គឺរាប់បញ្ចូលក្រុមហ៊ុនជាច្រើនដែលមានប្រតិបត្ដិការរក្សាទំនាក់ទំនងមនុស្ស និងមនុស្ស រួមមានក្រុមហ៊ុនផ្ដល់សេវាអ៊ីនធើណេត ឬក្រុមហ៊ុនសេវាទូរសព្ទជាដើម។ ទន្ទឹមនេះ គេក៏រាប់បញ្ចូលក្រុមហ៊ុនផ្នែកព័ត៌មានវិទ្យា ការកម្សាន្ដ ដូចជា Netflix Inc.ដែលតម្លៃជាង ៥០០ដុល្លារក្នុង១ហ៊ុន , Walt Disney Co. តម្លៃជាង ១៧៨ដុល្លារក្នុង១ហ៊ុន និង Facebookតម្លៃជាង ៣៣៦ដុល្លារក្នុង១ហ៊ុន ជាដើម។

៦. វិស័យឧស្សាហកម្ម (Industrials)

វិស័យឧស្សាហកម្ម ត្រូវបានគេបែងចែកជា១៤ផ្នែកផ្សេងៗគ្នា ដែលភាគច្រើនជាឧស្សាហកម្មធុនធ្ងន់ រាប់ចាប់ពីក្រុមហ៊ុនផលិតយន្ដហោះ និងសាងសង់ផ្លូវរថភ្លើង រហូតដល់សហគ្រាសផលិតគ្រឿងសព្វាវុធ។ នៅក្នុងចំណោមក្រុមហ៊ុនប្រភេទនេះ មានប្រភេទឧស្សហកម្មចំនួន២ដែលធំជាងគេគឺ ប្រភេទ Aerospace & Defense និង Construction & Engineering។ ក្រុមហ៊ុនដែលល្បីៗនៅក្នុងវិស័យនេះមានដូចជាក្រុមហ៊ុន Delta Air Lines and Southwest Airlines, FedEx Corporation, និង Boeing Company ជាដើម។

៧. វិស័យផ្គត់ផ្ដង់ទំនិញប្រើប្រាស់ចាំបាច់ (Consumer Staples)


នៅក្នុងវិស័យនេះ មានក្រុមហ៊ុនផ្ដល់សេវាកម្ម និងទំនិញសម្រាប់ប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដែលរួមមានអាហារ ភេសជ្ជៈ ឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះ សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនជាដើម។ ឧទាហរណ៍ ក្រុមហ៊ុន Procter & Gamble ដែលមានតម្លៃ ១៣៤ដុល្លារក្នុង១ហ៊ុន, និង Kroger ដែលមានតម្លៃ ៣៤ដុល្លារក្នុង១ហ៊ុន ជាដើម។

៨. វិស័យផ្គត់ផ្គង់ថាមពល (Energy)

នៅក្នុងវិស័យនេះ មានក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុនផលិតប្រេងឆៅ ឧស្ម័នធម្មជាតិ ដើម្បីបម្រើឲ្យការរស់នៅ និងអាជីវកម្ម។ ជាក់ស្ដែងមានក្រុមហ៊ុន Exxon Mobil ដែលមានតម្លៃ ៦២ដុល្លារក្នុង១ហ៊ុន និងChevron ដែលមានតម្លៃ ១០៨ដុល្លារក្នុង១ហ៊ុន ជាដើម។

៩. វិស័យផ្គត់ផ្គង់សេវាសាធារណៈ (Utilities)


នៅក្នុងវិស័យនេះ មានបញ្ចូលក្រុមហ៊ុនវិនិយោគផ្នែកអចលនទ្រព្យដូចជា សំណង់ ដី ផ្ទះ និងអាគារ ជាដើម។ នៅក្នុងផ្សារហ៊ុន អ្នកអាចធ្វើការវិនិយោគក្នុងវិស័យនេះបានតាមរយៈ REIT ដូចជា American Tower Corp. ដែលមានតម្លៃ ២៧១ដុល្លារក្នុង១ហ៊ុន និង Equinix ដែលមានតម្លៃ ៨២៣ដុល្លារក្នុង១ហ៊ុន ជាដើម។

១០. វិស័យអចលនទ្រព្យ (Real Estate)

ការទុកដាក់លុយក្នុងធនាគារជារឿងមួយដែលត្រូវពិភាក្សាព្រោះជម្រើសមានដូចជា បង្កើតកុងរួម បង្កើតកុងដាច់ដោយឡែក និងបង្កើតទាំងពីរប្រភេទ។ ការបង្កើតកុងរួមងាយស្រួលក្នុងការពិនិត្យ មើលស្ថានភាពលុយកាក់ និងការចំណាយ រីឯការបង្កើតកុងដាច់ដោយឡែកមានសេរីភាពលើការចាយវាយជាងកុងរួម។

១១. វិស័យផ្គត់ផ្គង់វត្ថុធាតុដើម (Materials)


វិស័យនេះ រាប់បញ្ចូលក្រុមហ៊ុនដែលផ្គត់ផ្គង់វត្ថុធាតុដើមទៅឲ្យវិស័យផ្សេងៗដើម្បីប្រើប្រាស់នៅក្នុងផលិតកម្មរបស់ពួកគេ ដូចជាក្រុមហ៊ុនរុករករ៉ែ ដូចជារ៉ែមាស ស័ង្កសី និងទង់ដែង រួមទាំងក្រុមហ៊ុនផ្នែកអនុផលព្រៃឈើ ដែលផ្ដល់ឈើសម្រាប់ប្រើប្រាស់ជាដើម។ ក្រុមហ៊ុនដែលកំពុងមានសន្ទុះនៅក្នុងវិស័យនេះមានដូចជាក្រុមហ៊ុន Freeport-McMoRan Inc. (FCX) ដែលមានតម្លៃប្រមាណ៤០ដុល្លារក្នុង១ហ៊ុន, ក្រុមហ៊ុន The Chemours Co. (CC) ដែលមានតម្លៃប្រមាណ៣៦ដុល្លារក្នុង១ហ៊ុន, ក្រុមហ៊ុន Olin Corp. (OLN)ដែលមានតម្លៃប្រមាណ ៤៧ដុល្លារក្នុង១ហ៊ុន។

អ្នកទាំងអស់គ្នាគួរដឹងដែរថា ភាគហ៊ុននៅក្នុងវិស័យនីមួយៗគឺមានដំណើរការ និងស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នា នៅក្នុងវដ្ដអាជីវកម្ម និងសេដ្ឋកិច្ច។ ដូច្នេះ វាពិតជាមានសារសំខាន់ណាស់ ដែលវិនិយោគិនគ្រប់រូបគួរឈ្វេងយល់ពីវដ្ដអាជីវកម្ម ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រវិនិយោគឲ្យបានត្រឹមត្រូវ និងវិនិយោគឲ្យបានច្រើនវិស័យ (diversify portfolio)។

ស្គាល់វិស័យទាំង ១១ នៃផ្សារភាគហ៊ុនអាមេរិក

Leave a Reply

Scroll to top
%d bloggers like this: