LuyBook តែងនិយាយថា បើអាច គួរចាប់ផ្តើមវិនិយោគពីក្មេងទើបល្អ ព្រោះដូចសុភាសិតបុរាណខ្មែរដែលតែងពោលថាតក់ៗពេញបំពង់។ តែសម្រាប់បងប្អូនសិស្សនិស្សិត ឬជាអ្នកទើបបញ្ចប់ការសិក្សា និងទទួលបានការងារដំបូង អ្នកទាំងអស់គ្នាប្រហែលជាមិនទាន់មានកញ្ចប់វិនិយោគធំ មានលុយត្រឹម ១,០០០ ដុល្លា តើអាចយកទៅវិនិយោគលើអ្វីជាការល្អ?
មានផ្លូវមួយចំនួនដែលបងប្អូនទាំងអស់គ្នាអាចសាកល្បងស្វែងយល់បន្ថែមបាន!
១. វិនិយោគលើក្រុមហ៊ុនក្នុងផ្សារមូលបត្រកម្ពុជា (CSX)
តើអ្នកទាំងអស់គ្នាដឹងទេ ថាខ្មែរក៏មានផ្សារមូលបត្រដែរ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនសាធារណៈចំនួន ៧ ដែលកំពុងជួញដូរភាគហ៊ុនរបស់ខ្លួនក្នុងផ្សារមូលបត្រកម្ពុជា។ អ្នកទាំងអស់គ្នាអាចទិញភាគហ៊ុនទាំងនេះ ក្នុងតម្លៃមួយទាប ចាប់ពី ៣,៣០០ រៀលឡើងទៅ ក្នុងមួយហ៊ុនតែប៉ុណ្ណោះ ហើយក្រុមហ៊ុនភាគច្រើន ដូចជាកំពង់ផែស្វយ័តភ្នំពេញ (PPAP) និងរដ្ឋករទឹក(PWSA) មានគោលការណ៍ផ្តល់ភាគលាភថេរដល់វិនិយោគិនផងដែរ។
២. វិនិយោគទៅលើមូលនិធិ S&P 500 Index Fund
S&P 500 Index Fund គឺមូលនិធិជួញដូរលើទីផ្សារសាធារណៈ (mutual fund ឬ exchange traded fund) ដែលមានផលបត្ររៀបចំឡើង ដើម្បីធ្វើត្រាប់តាមសកម្មភាពរបស់ក្រុមហ៊ុនសាធារណៈធំជាងគេទាំង ៥០០ ដែលដាក់លក់លើទីផ្សារមូលបត្រអាមេរិក។ការបណ្តាក់ទុនលើ S&P 500 Index Fund អាចឲ្យវិនិយោគិនដែលមានដើមទុនទាប វិនិយោគលើក្រុមហ៊ុនទាំង ៥០០ នេះក្នុងពេលតែមួយ ដោយមិនចាំបាច់ខ្វល់ពីហានិភ័យដូចពេលដែលអ្នកវិនិយោគលើភាគហ៊ុនរបស់ក្រុមហ៊ុននីមួយៗ ដោយមូលហេតុថា Index Fund ទាំងនេះតាមដានសន្ទស្សន៍របស់ទីផ្សារយ៉ាងជាប់លាប់ និងមានពិពិធកម្មខ្ពស់ ហើយថ្វីត្បិតតែតម្លៃភាគហ៊ុននៃក្រុមហ៊ុនមួយក្នុងសន្ទស្សន៍នេះអាចប្រែប្រួល ក្នុងរយៈពេលខ្លី តែវានឹងនៅតែបន្តកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលវែងដរាបណាសេដ្ឋកិច្ចមាន កំណើន ហើយវិនិយោគិនអាចទទួលបានផលចំណេញមកវិញជាមធ្យមប្រហែល ៧% ក្នុងមួយឆ្នាំ។ S&P 500 Index Fund មួយចំនួននៅលើទីផ្សារ មានដូចជា Vanguard S&P 500 ETF (VOO), iShares Core S&P 500 ETF (IVV) និង SPDR S&P 500 ETF Trust (SPY) ដែលអ្នកទាំងអស់គ្នាអាចទៅធ្វើការសិក្សាបន្ថែមពីកម្រៃជើងសាររបស់ Index Fund នីមួយៗបាន។
៣. វិនិយោគលើភាគហ៊ុនមួយចំនួនតូចដែលអ្នកជឿជាក់ថានឹងមានកំណើនល្អក្នុងរយេះពេលវែង
ការវិនិយោគលើ Index Fund មានហានិភ័យទាបជាងការវិនិយោគភាគហ៊ុនរបស់ក្រុមហ៊ុនមួយ ចំនួនតូច ប៉ុន្តែកំណើនក៏អាចបានទាវជាងដែរ។ ប្រសិនជាអ្នកទាំងអស់គ្នាចង់ទទួលបានកំណើនមធ្យម ប្រចាំឆ្នាំលើសពី ៧% អ្នកទាំងអស់គ្នាអាចជ្រើសរើសភាគហ៊ុនរបស់ក្រុមហ៊ុន ៥ ទៅ ១០ ដែលអ្នកទុកចិត្តបំផុតថានឹងមានកំណើន ក្នុងរយះពេលវែង ហើយបែងចែកកញ្ចប់ប្រាក់ ១០០០ ដុល្លារនោះមកវិនិយោគក្នុងភាគហ៊ុនទាំងនោះ។
ភាគហ៊ុននោះអាចជាប្រភេទ growth stocks ឬ dividend stocks អាស្រ័យលើវិធីសាស្រ្តរបស់ អ្នកទាំងអស់គ្នា និងកម្រិតហានិភ័យដែលអាចទទួលយកបាន។ Luybook នឹងនិយាយពីវិធីសាស្រ្តក្នុងការវិភាគនិងជ្រើសរើសភាគហ៊ុន ក្នុងអត្ថបទក្រោយៗ។
ទោះបីក្រុមហ៊ុនជាច្រើនមានមានតម្លៃហ៊ុនថ្លៃៗ ដល់ខ្ទង់រយឬពាន់ដុល្លារក្នុងមួយហ៊ុន ក៏មិនជាបញ្ហា ព្រោះអ្នកទាំងអស់គ្នាអាចទិញជាចំណែកនៃភាគហ៊ុនបាន (Fractional Share)។ ការវិនិយោគលើ Fractional Share គឺមិនខុសគ្នាពីភាគហ៊ុនធម្មតាទេ។ អ្នកទាំងអស់គ្នាគ្រាន់តែត្រូវស្វែងរក និងចុះឈ្មោះជាមួយ Broker ដែលមានផ្តល់សេវាកម្មនេះ ដែលមានដូចជា Interactive Broker ជាដើម។
៤. វិនិយោគទៅលើ មូលនិធិ REIT (Real Estates Investment Trust)
REIT គឺជាមូលនិធិសាធារណៈ ដែលកាន់កាប់កម្មសិទ្ធិ ឬ គ្រប់គ្រងអចលទ្រព្យដែលផ្តល់ជាលំហូរសាច់ប្រាក់ជាប្រចាំ ដូចជាអាគារការិយាល័យ ផ្សារ លំនៅដ្ឋាន សណ្ឋាគារ មន្ទីរពេទ្យ រោងចក្រជាដើម។ វិនិយោគិនអាចដាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យបានតាមរយៈមូលនិធិនេះ ដោយមិនចាំបាច់ចំណាយដើមទុនធំទៅទិញអគារទាំងនោះ ហើយអាចទទូលបានអត្រាភាគលាភខ្ពស់ទៀតផង ព្រោះថាយ៉ាងហោច៩០%នៃចំណូលទទួលបានពីអចលទ្រព្យក្នុងមូលនិធិនេះត្រូវបង់ជាភាគលាភមកអ្នកវិនិយោគ។ ក្នុងឆ្នាំ ២០២១ នេះ Iron Mountain ដែលជាក្រុមហ៊ុន គ្រប់គ្រងមជ្ឈមណ្ឌលទិន្នន័យ ជិត ១,៥០០ ទីតាំងលើពិភពលោក ហើយក្នុងនោះ ៩៥% ជាទិន្នន័យរបស់ក្រុមហ៊ុនក្នុងបញ្ជី Fortune 1000 ឈរឈ្មោះជា REIT មួយក្នុងចំណោម REIT លំដាប់កំពូលលើពិភពលោក ដោយផ្តល់ភាគលាភដល់វិនិយោគិនរហូតដល់ទៅ ៨.៧%។ លើសពីនេះ ការវិនិយោគលើ REIT អាចជួយអ្នកក្នុងការធ្វើពិពិធកម្មផលបត្ររបស់អ្នកផងដែរ ដោយងាកមកខាងវិស័យអចលនទ្រព្យតាមប្រភេទខុសៗគ្នា។ តែវិនិយោគិនក៏ត្រូវដឹងថាតម្លៃរបស់ REIT ងាយប្រែប្រួលទៅតាមការឡើងចុះនៃអត្រាការប្រាក់ ហើយហានិភ័យរបស់ REIT នីមួយៗគឺខុសគ្នាទៅតាមប្រភេទរបស់វា។
LuyBook សង្ឃឹមថាជម្រើសទាំងអស់នេះ អាចអាចផ្តល់ជាគំនិតខ្លះៗដល់អ្នកដែលទើបចាប់ផ្តើម វិនិយោគថ្មីថ្មោង ពិសេសអ្នកដែលមានដើមទុនទាប ហើយមិនដឹងថាគួរធ្វើអីជាមួយលុយរបស់ខ្លួន ក្នុងការចាប់ផ្តើមវិនិយោគចាប់ពីថ្ងៃនេះទៅ។