fbpx

ការទិញភាគហ៊ុន គឺជាការវិនិយោគទៅក្នុងក្រុមហ៊ុនសាធារណៈមួយ ហើយវាការវិនិយោគមួយដែលពេញនិយមក្នុងចំណោមវិនិយោគិនដែលទើបចាប់ផ្តើមដំបូងដោយសារពួកគេអាចមានជម្រើសច្រើន ហើយវាត្រូវការដើមទុនតិចសម្រាប់ចាប់ផ្តើម។

យ៉ាងណាមិញ ហានិភ័យ និងគុណសម្បត្តិរបស់ភាគហ៊ុននីមួយៗមានកម្រិតខុសៗគ្នាទៅតាមប្រភេទភាគហ៊ុន។ ខាងក្រោមជាភាគហ៊ុន ៧ ប្រភេទដែលវិនិយោគិនទាំងអស់គួរស្គាល់៖

១. Income Stocks

ជាប្រភេទភាគហ៊ុនដែលផ្តល់ភាគលាភថេរសម្រាប់វិនិយោគិន។​ ជាទូទៅក្រុមហ៊ុនដែលចាត់ចូលជាប្រភេទ Income Stocks ជាក្រុមហ៊ុនធំៗ ដែលមានស្ថានភាពរឹងមាំ មានដំណើរការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុល្អ ក្នុងវិស័យដែលមានស្ថិរភាព ដូចជាវិស័យទូរគមនាគមន៍ ទឹកភ្លើង គ្រឺះស្ថានហិរញ្ញវត្ថុ ចំណីអាហារជាដើម។ ដោយសារក្រុមហ៊ុនប្រភេទនេះស្ថិតក្នុងវិស័យចាំបាច់ ដែលតម្រូវការនៅតែមានសភាពធម្មតា ទោះស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចបែបណាក៏ដោយ ទើបធ្វើឱ្យតម្លៃរបស់ភាគហ៊ុនប្រភេទនេះ មានបម្រែបម្រួលទាបជាងភាគហ៊ុនប្រភេទផ្សេងៗ។ ឧទាហរណ៍ទៅលើប្រភេទ Income Stocks មានដូចជាភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft, Mastercard, Visa និង AT&T ជាដើម។

ប្រសិនបើអ្នកជាបុគ្គលដែលចង់បានប្រាក់ចំណូលទៀងទាត់ មិនសូវមានពេលតាមដានទីផ្សារច្រើន ឬមានអាយុជិតចូលនិវត្តន៍ ហើយចង់បានប្រភពចំណូលអកម្មមួយ ដែលមានហានិភ័យទាប និងមិនសូវប្រែប្រួលខ្លាំង Income Stocks ជាជម្រើសមួយដ៏ល្អសម្រាប់ការវិនិយោគ។

២. Growth Stocks

ក្រុមហ៊ុនដែលស្ថិតក្នុងប្រភេទនេះ មិនចែកភាគលាភជូនវិនិយោគិនទេដោយសារ តែប្រាក់ចំណេញដែលពួកគេរកបាន នឹងត្រូវបានយកទៅវិនិយោគបន្ថែមចូលក្រុមហ៊ុនវិញព្រោះពួកគេត្រូវការការចំណាយច្រើនទៅលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ឬការធ្វើយុទ្ធនាការទីផ្សារជាដើម។ ដូច្នេះ វិនិយោគិនអាចទទួលបានប្រាក់ចំណេញតែពីការលក់ភាគហ៊ុន នៅពេលដែលតម្លៃរបស់វាឡើងថ្លៃតែប៉ុណ្ណោះ។ ជាទូទៅ ពេលដែលក្រុមហ៊ុននេះរីកលូតលាស់ តម្លៃភាគហ៊ុនរបស់វាក៏កើនឡើងតាមនោះដែរ។

ភាគហ៊ុនរបស់ក្រុមហ៊ុនដែលត្រូវបានចាត់ទុកជា Growth Stocks មានដូចជា Amazon, Netflix, Zoom, Etsy ជាដើម។

៣. Cyclical Stocks

ជាប្រភេទភាគហ៊ុន ដែលមានតម្លៃប្រែប្រួលទៅតាមវដ្ដនៃសេដ្ឋកិច្ច ព្រោះក្រុមហ៊ុនទាំងនេះផ្តល់ផលិតផលប្រណីត ឬសេវាកម្មទាំងឡាយណាដែលពាក់ព័ន្ធទៅនឹងការឡើងចុះរបស់អត្រាប្រាក់ចំណូលរបស់អ្នកប្រើប្រាស់ ដូចជាសេវាកម្មទេសចរណ៍ ក្រុមហ៊ុនផលិតកម្មភាពយន្ត ផលិតយានយន្តជាដើម។ នៅពេលសេដ្ឋកិច្ចមានដំណើរការល្អ អ្នកប្រើប្រាស់ហ៊ានចំណាយទៅលើតម្រូវការនានារបស់ពួកគេ តែពេលសេដ្ឋកិច្ចធ្លាក់ចុះ តម្រូវការក៏ធ្លាក់ចុះដូចគ្នា។

ជាទូទៅអ្នកវិនិយោគចូលចិត្តដាក់ទុនលើក្រុមហ៊ុនទាំងនេះ ដោយសារតែតម្លៃរបស់វាថោកនៅពេលសេដ្ឋកិច្ចធ្លាក់ចុះ តែវានឹងហក់ងើបឡើងមកវិញយ៉ាងឆាប់រហ័ស ពេលដែលសេដ្ឋកិច្ចមានកំណើនប្រសើរឡើងវិញ។ ក្រុមហ៊ុនដែលគេចាត់ចូលជា Cyclical Stocks មានដូចជា Expedia, Disney និង General Motors ជាដើម។

៤. Value Stocks

និយាយឲ្យខ្លី Value Stocks ជាប្រភេទភាគហ៊ុនដែលវិនិយោគិនជឿថា តម្លៃនៅលើទីផ្សារបច្ចុប្បន្នរបស់វា គឺទាបជាងតម្លៃពិតរបស់ក្រុមហ៊ុននោះ។ វិនិយោគិនភាគច្រើនដាក់ទំនុកចិត្តលើភាគហ៊ុនទាំងនេះ ដោយសារគេវិភាគមើលឃើញថា ក្រុមហ៊ុននេះ មានសក្តានុពលក្នុងការរីកលូតលាស់ ហើយភាគហ៊ុនរបស់វាត្រូវបានគេវាយតម្លៃឲ្យទាបជាងតម្លៃដែលសមស្រប។ តែការរំពឹងទុកនេះ មិនប្រាកដថាត្រឹមត្រូវ ១០០% នោះទេ ព្រោះក៏មាន អាជីវកម្មរបស់ Value Stocks ខ្លះក៏មិនបានកាក់កបដូចការរំពឹងទុកនោះដែរ ហើយវិនិយោគិន នឹងខាតបង់។ ក្រុមហ៊ុន Proctor & Gamble និង Johnson & Johnson ជាឧទាហរណ៍នៃ Value Stocks។

៥. Penny Stocks

ជាប្រភេទភាគហ៊ុន របស់ក្រុមហ៊ុនសាធារណៈតូចៗ​ ដែលជាទូទៅដាក់លក់ក្នុងតម្លៃក្រោម ៥​ ដុល្លារអាមេរិកក្នុងមួយហ៊ុន។ ភាគហ៊ុនប្រភេទនេះ មានហានិភ័យខ្ពស់ណាស់ ហើយងាយស្រួលឲ្យបុគ្គលឆ្លៀតឱកាសមួយចំនួនធ្វើការក្រឡុកតម្លៃពីទីផ្សារផងដែរ ព្រោះវាមានមូលធនទីផ្សារតូចចន្លោះពី ៥០ ទៅ ៣០០ លានដុល្លារប៉ុណ្ណោះ។

សម្រាប់អ្នកទើបចាប់ផ្តើមវិនិយោគលើភាគហ៊ុនដំបូង អ្នកមិនគួរចាប់ផ្តើមពី Penny Stocks ឡើយ។ តែមូលហេតុដែលអ្នកវិនិយោគមួយចំនួននៅតែផ្សងសំណាង នឹង Penny Stocks គឺដោយសារគេអាចដាក់ទុនតិច លើក្រុមហ៊ុនណាមួយដែលអាចក្លាយជាក្រុមហ៊ុនធំនៅថ្ងៃណាមួយ ហើយអាចផ្តល់ចំណូលធំមកពួកគេវិញ។ ឧទាហរណ៍ ភាគហ៊ុនក្រុមហ៊ុន Apple, Snapនិង Novavax ចាប់ផ្តើមដំបូងជា Penny Stocks​ តែប៉ុណ្ណោះ តែសព្វថ្ងៃតម្លៃរបស់ពួកវាបានហក់ពីខ្ទង់រាយ រហូតដល់ខ្ទង់រយឯណោះ។ មានន័យថា អ្នកវិនិយោគលើក្រុមហ៊ុនទាំងនេះកាលពី ១០ឆ្នាំមុន ពេលនេះអាចក្លាយជាមហាសេដ្ឋីក៏ថាបាន។

៦. Defensive Stocks

ជាប្រភេទភាគហ៊ុនដែលផ្តល់ភាគលាភ និងប្រាក់ចំណេញថេរ ដោយសារវាមិនសូវរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលនៅលើទីផ្សារឱនភាពសេដ្ឋកិច្ច ឬកត្តាផ្សេងៗទៀតទេ ដោយសារតែក្រុមហ៊ុនដែលចេញ Defensive Stocks ជាក្រុមហ៊ុនដែលស្ថិតក្នុងវិស័យសំខាន់ៗដូចជាផ្នែកម្ហូបអាហារ សេវាកម្មសុខភាព ឬប្រេងឥន្ធនៈជាដើម។ មិនថាសេដ្ឋកិច្ចធ្លាក់ដុនដាបប៉ុណ្ណា អ្នកប្រើប្រាស់ទាំងអស់នៅតែត្រូវការហូប ត្រូវការធ្វើដំណើរ និងព្យាបាលជម្ងឺដូចគ្នា។

Defensive Stocks មានដូចជា Coca-Cola និង Target ជាដើម។ការបែងចែកប្រភេទភាគហ៊ុន មានច្រើនវិធីទៅតាមកាលៈទេសៈ និងប្រភេទវិនិយោគិន។ មុននឹងធ្វើការវិនិយោគលើភាគហ៊ុនណាមួយ អ្នកវិនិយោគទាំងអស់ត្រូវពិចារណា និងវិភាគឲ្យបានដិតដល់អំពីកម្រិតហានិភ័យដែលអាចទទួលយកបាន ទំហំទុនរបស់ខ្លួន និងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនដែលអ្នកចង់វិនិយោគ មុននឹងធ្វើការសម្រេចចិត្ត។

៧. Speculative Stocks


Speculative Stocks ជាប្រភេទភាគហ៊ុនរបស់ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍផលិតផល ឬសេវាកម្មថ្មីសម្រាប់ទីផ្សារមួយដែលមានតម្រូវការខ្ពស់ និងមិនទាន់មានដៃគូប្រកួតប្រជែង។ ភាគច្រើន ភាគហ៊ុនប្រភេទនេះស្ថិតក្នុងវិស័យដែលត្រូវការការស្រាវជ្រាវរយៈពេលយូរ ហើយមានរបាំងចូលក្នុងអាជីវកម្មខ្ពស់ (high barrier to entry) ដូចជាក្រុមហ៊ុនក្នុងវិស័យរ៉ែ និងថាមពល វិស័យសុខាភិបាល និងបច្ចេកវិទ្យាជាដើម។ ភាគហ៊ុនរបស់ក្រុមហ៊ុន Nano dimension និង BioNano Genomics អាចចាត់ចូលក្នុងប្រភេទនេះ។

ថ្វីត្បិតតែការវិនិយោគលើ Speculative Stocks អាចមានឱកាសចំណេញខ្ពស់ តែវាក៏មានហានិភ័យខ្ពស់ដូចគ្នាដោយសារផលិតផលរបស់ពួកគេ មិនប្រាកដថាអាចជោគជ័យឡើយទាំងក្នុងពេលកំពុងស្រាវជ្រាវ ឬពេលដាក់លក់ក្នុងទីផ្សារ។ ហេតុនេះហើយ អ្នកដែលវិនិយោគលើ Speculative Stocks ភាគច្រើនជាវិនិយោគិនរយៈពេលខ្លី ឬអ្នកដែលហ៊ានទទួលយកហានិភ័យខ្ពស់។

ភាគហ៊ុន ៧ប្រភេទ ដែលវិនិយោគិនគួរស្គាល់

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading