តើអ្វីជាមូលបត្របំណុល(Bonds)?
បើយោងតាមផ្សារមូលបត្រកម្ពុជា សញ្ញាបណ្ណ ឬបណ្ណបំណុលជាប្រភេទមូលបត្របំណុល ដែលតំណាងឲ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រូមមានសាជីវកម្ម សហគ្រាសរដ្ឋ ឬរាជរដ្ឋាភិបាល) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល)។
បើនិយាយឲ្យខ្លីទៅ វាតំណាងឲ្យភាពជាម្ចាស់បំណុល មានន័យថា ប្រសិនបើអ្នកបានទិញបណ្ណបំណុលដែលបោះផ្សាយដោយក្រុមហ៊ុនសាជីវកម្ម ឬរដ្ឋ នោះអ្នកគឺជាម្ចាស់បំណុលរបស់ស្ថាប័នទាំងនោះ។ បុគ្គលបោះផ្សាយមូលបត្របំណុលមានកាតព្វកិច្ចបង់ឲ្យវិនិយោគិននូវទឹកប្រាក់ជាក់លាក់មួយជាទៀងទាត់ដែលហៅថា “គូប៉ុង” ឬ “ការប្រាក់” (លើកលែងសម្រាប់សញ្ញាបណ្ណគ្មានការប្រាក់) ព្រមទាំងបង់ប្រាក់ដើមនៅពេលដែលសញ្ញាបណ្ណ នោះដល់កាលកំណត់សង ដែលហៅថា “ឥណប្រទិទាន”។
ហេតុអ្វីចាំបាច់បោះបណ្ណបំណុលលក់?
លក្ខណៈនៃការបោះផ្សាយបណ្ណបំណុលនេះ គឺធ្វើឡើងដើម្បីប្រមូលទុនវិនិយោគបន្ថែម ឬបង្វិលសាច់ប្រាក់ ឬដើម្បីបំពេញលំហូរសាច់ប្រាក់ដែលខ្វះខាតនៅក្នុងអាជីវកម្ម ឬដើម្បីធ្វើហិរញ្ញប្បទានបំណុលឡើងវិញ(Debt Refinancing) និងដើម្បីរក្សានូវប្រតិបត្ដិការអាជីវកម្មបាន ដោយមិនចាំបាច់ខ្លីប្រាក់ពីធនាគារ។ បណ្ណបំណុលនេះ វាមានកាលកំណត់ និងផ្ដល់អត្រាការប្រាក់ទៅឲ្យអ្នកដែលបានទិញបណ្ណបំណុលនោះក្នុងអត្រាមួយថេរ។ នៅពេលដល់កាលកំណត់ អ្នកនឹងទទួលបានប្រាក់ដើមរបស់អ្នកមកវិញ ជាមួយនឹងអត្រាការប្រាក់បន្ថែម។ បើទោះបីជា ក្រុមហ៊ុនរកស៊ីចំណេញ ឬខាតក៏ដោយ ក៏ប្រាក់របស់អ្នក និងអត្រាការប្រាក់របស់អ្នកនៅតែរក្សាតម្លៃដដែល ពោលគឺមានហានិភ័យទាបបំផុត។ លក្ខណៈពិសេសមួយទៀតអំពី បណ្ណបំណុល គឺអ្នកបានទិញក៏ទទួលបានការសងត្រឡប់ និងទូទាត់មុនគេមុនឯងដែរ ប្រសិនបើក្រុមហ៊ុនក្ស័យធន។
បើយោងតាមផ្សារមូលបត្រកម្ពុជា បច្ចុប្បន្នមានតែប្រភេទសញ្ញាបណ្ណសាជីវកម្មមួយប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីនៅ ផ.ម.ក. ដោយសារតែមិនទាន់មាន សញ្ញាបណ្ណរដ្ឋ។ សញ្ញាបណ្ណសាជីវកម្ម ជាប្រភេទមួយនៃមូលបត្របំណុលដែលបោះផ្សាយដោយក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិស្រុត។ យោងតាមប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈចេញដោយនិយតករមូលបត្រកម្ពុជា សញ្ញាបណ្ណសាជីវកម្មអាចចែកចេញជា៖
១. សញ្ញាបណ្ណធម្មតា ( Plain Vanilla Bond) សំដៅដល់សញ្ញាបណ្ណដែលមានអត្រាគូប៉ុងថេរ មានកំណត់ឥណប្រតិទានជាមុននៅ កាលបរិច្ឆេទបោះផ្សាយ មិនមានការលើកកម្ពស់ (Enhancement) និង/ឬលក្ខណៈបន្ថែមដូចជាសិទ្ធិទិញត្រលប់ (Call Option) ឬ សិទិ្ធលក់ (Put Option) និងមិនមានការធានា។
២. សញ្ញាបណ្ណមានបុគ្គលធានា (Guaranteed Bond) សំដៅដល់សញ្ញាបណ្ណដែលផ្ដល់ការធានាថាការប្រាក់ និងប្រាក់ដើមនឹងត្រូវបានទូទាត់សងដោយភាគីទីបី ដែលជានីតិបុគ្គល ករណីដែលបុគ្គលបោះផ្សាយមិនមានលទ្ធភាពសងបំណុល (Default) ដោយមូលហេតុដូចជាអសាធនភាព ឬក្ស័យធន។
៣. សញ្ញាបណ្ណមានវត្ថុធានា (Secured Bond) សំដៅដល់សញ្ញាបណ្ណដែលមានដាក់ទ្រព្យសកម្មជាវត្ថុធានា លើកលែងតែ មូលបត្របំណុលដែលមានទ្រព្យធានា (Asset Backed Securities) ដែលត្រូវកំណត់នៅក្នុងបទប្បញ្ញត្តិដោយឡែក។
បច្ចុប្បន្ន នៅកម្ពុជាមានក្រុមហ៊ុនសាជីវកម្មមួយចំនួនបានផ្សាយបណ្ណបំណុលលក់ឲ្យសាធារណជនដូចជា៖
- ធនាគារភ្នំពេញពាណិជ្ជ “ភីភីស៊ីប៊ែង” ម.ក ផ្ដល់អត្រាការប្រាក់ ៦.៥% រយៈពេលឥណប្រតិទាន៣ឆ្នាំ
- ធនាគារអេប៊ីអេ ផ្ដល់អត្រាការប្រាក់ ៧.៧៥% មានរយៈពេលឥណប្រតិទាន៣ឆ្នាំ
- គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក ផ្ដល់អត្រាការប្រាក់ ៧.៥% រយៈពេលឥណប្រតិទាន៣ឆ្នាំ
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ផ្ដល់អត្រាការប្រាក់៨.៥% រយៈពេលឥណប្រតិទាន៣ឆ្នាំ
- អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផ្ដល់អត្រាការប្រាក់៨% រយៈពេលឥណប្រតិទាន៣ឆ្នាំ
- ក្រុមហ៊ុន អ អិម អេ (ខេមបូឌា)ម.ក ផ្ដល់អត្រាការប្រាក់ ៥.៥% រយៈពេលឥណប្រតិទាន៥ឆ្នាំ៕