fbpx

ណាគេខ្លះ ទើបបញ្ចប់ការសិក្សាពីវិទ្យាល័យ ឬសាកលវិទ្យាល័យ? បងប្អូនទាំងអស់គ្នាប្រហែលជារំភើបក្នុងការចាប់ផ្តើមការងារដំបូង ទទួលប្រាក់ខែផ្ទាល់ខ្លួន និងឈប់ចាយលុយឪពុកម្តាយទៀតហើយមែនអត់?

បងប្អូនក៏ប្រហែលជាកំពុងសម្លឹងឃើញឱកាសនានា ក៏ដូចជាទំនួលខុសត្រូវ និងបញ្ហាផ្សេងៗដែលបងប្អូនមិនដែលគិតដល់ពីមុន ដូចជារឿងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងការគ្រប់គ្រងលុយកាក់ពេលបើកប្រាក់ខែដំបូងជាដើម។

តើយើងគួរទុកដាក់ និងចាត់ចែងប្រាក់ខែដំបូងរបស់យើងដូចម្តេច?

១. ឲ្យរង្វាន់លើកទឹកចិត្តខ្លួនឯង និង ទិញកាដូជូនឪពុកម្តាយ

ទម្រាំតែអ្នកបានបញ្ចប់ការសិក្សា ហើយទទួលបានការងារមួយនេះ មិនមែនជារឿងងាយនោះទេ។ បន្ទាប់ពីការធ្វើបញ្ជីចំណូលចំណាយរួច កុំភ្លេចទុកខ្ទង់ចំណាយតូចមួយសម្រាប់ខ្លួនឯង ឬមនុស្សជាទីស្រឡាញ់ផង។ លុយដែលអ្នករកបាន គឺបានមកពីញើសឈាម និងការខិតខំប្រឹងបែងរបស់អ្នកក្នុងការបំពេញការងារ ក៏ដូចជាការគ្រប់គ្រងលុយកាក់បានល្អ។ អ្នកសាកសមនឹងទទួលបានរង្វាន់លើកទឹកចិត្តខ្លួនឯងខ្លះ និងទិញកាដូជូនឪពុកម្តាយរបស់អ្នក ដើម្បីដឹងគុណពួកគាត់។ យកលុយនេះទៅដើរលេងលំហែកាយ ជួបជុំមិត្តភក្តិ ឬទិញរបស់ស្បែកជើងដែលអ្នកចង់បាន ហើយជូនលុយ ឬកាដូទៅប៉ាម៉ាកខ្លះផងនោះទៅ។

២. វិនិយោគលើចំណេះដឹង និងក្តីស្រមៃរបស់អ្នក

ពេលដែលអ្នកទាំងអស់គ្នានៅរៀន អ្នកទាំងអស់គ្នាប្រហែលជាមានគោលដៅការងារ ឬក្តីស្រមៃអ្វីមួយដែលអ្នកចង់សម្រេចក្នុងជីវិតរបស់អ្នកទាំងអស់គ្នា។ គោលដៅទាំងនេះ មិនមែនអាចសម្រេចបានក្នុងពេលមួយប៉ព្រិចភ្នែកនោះទេ។ អ្នកត្រូវការពេលវេលា និងការអភិវឌ្ឍខ្លួនអ្នកដើម្បីឈោងចាប់វា។ អ្នកខ្លះពេលនៅរៀន ពុំមានលទ្ធភាព ដើម្បីចាប់យកឱកាសសម្រេចក្តីស្រមៃទាំងនេះទេ ដោយសារកាតព្វកិច្ចគ្រួសារ ឬលទ្ធភាពហិរញ្ញវត្ថុជាដើម។ ដូចនេះ ប្រាក់ខែដំបូងរបស់អ្នក គឺជាលុយដែលអ្នកអាចចាយតាមចិត្តចង់ ដែលអ្នកអាចយកទៅវិនិយោគលើជំនាញ ឬចំណេះដឹងដើម្បីអភិវឌ្ឍខ្លួនអ្នក និងបើកឱកាសឲ្យខ្លួនឯងឈានទៅចាប់យកការងារដែលអ្នកចង់បាន ឬក៏សន្សំវាដើម្បីបើកអាជីវកម្មក្នុងក្តីស្រមៃរបស់អ្នកជាដើម។

៣. ដាក់លុយចូលកញ្ចប់ពេលមានអាសន្ន

កញ្ចប់លុយពេលមានអាសន្ននេះ ជាកាតព្វកិច្ចហិរញ្ញវត្ថុ ដែលអ្នកមិនគួរមើលរំលងទេ ជាពិសេសសម្រាប់អ្នកទើបចូលធ្វើការដំបូង ព្រោះថាបើយើងចាប់ផ្តើមសន្សំវាបានកាន់តែឆាប់ យើងនឹងសល់លុយកាន់តែច្រើននៅពេលយើងត្រូវការប្រើប្រាស់ចាំបាច់។ កញ្ចប់លុយនេះ គួរសន្សំឲ្យបានស្មើនឹងប្រាក់ខែរបស់អ្នកយ៉ាងហោច ៣ ទៅ ៦ខែ ហើយយកមកប្រើតែពេលណាចាំបាច់ប៉ុណ្ណោះ ឧទាហរណ៍ពេលខូចម៉ូតូ ឬមានជំងឺជាដើមអ្នកអាចដកប្រាក់ខែអ្នកប្រហែលជា ១០ ទៅ ៣០ ភាគរយសម្រាប់ដាក់ចូលក្នុងកញ្ចប់នេះ ។

៤. បើកគណនីសន្សំរយៈពេលវែង

នៅក្មេងមិនមែនជាលេសថាមិនបាច់ទាន់គិតគូរពីគោលដៅហិរញ្ញវត្ថុរយៈពេលវែងនោះទេ! ភ្លេចៗខ្លួនអ្នកនឹងចូលវ័យខ្ទង់ ២០ ខ្ទង់ ៣០ ហើយត្រូវគិតគូរពីរឿងក្នុងជីវិតដូចជាការត្រូវមើលថែឪពុកម្តាយចាស់ ការរៀបការ ការទិញផ្ទះ ការចូលនិវត្តន៍ជាដើម ដែលសុទ្ធសឹងតែត្រូវការលុយទាំងអស់។ ប្រសិនបើអ្នក ចាប់ផ្តើមដកលុយតែ ១០% ពីប្រាក់ខែដំបូងរបស់អ្នក និងប្រាក់ខែបន្តបន្ទាប់ទៀតរាល់ខែដាក់ចូលក្នុងគណនីសន្សំសម្រាប់គោលដៅហិរញ្ញវត្ថុទាំងនេះអ្នកនឹងអាចបង្កើតទម្លាប់សន្សំលុយមួយដោយខ្លួនឯង។ របស់អ្នក។ បើប្រាក់ខែដំបូងរបស់អ្នកមាន ១០០ ដុល្លា នោះ ១០% គឺស្មើនឹង ១០ ដុល្លាប៉ុណ្ណោះក្នុងមួយខែ ។ យូរៗទៅ វានឹងកើនឡើងទៅតាមការឡើងប្រាក់ខែរបស់អ្នក នៅពេលអ្នកធ្វើការមានបទពិសោធន៍ និងបង្កើនជំនាញ និងចំណេះដឹង។

ក្នុងរយៈពេលវែង លុយដែលអ្នកសន្សំនេះអាចនឹងគ្រប់គ្រាន់ឲ្យអ្នកវិនិយោគលើប្រភពចំណូលអកម្មមួយដែលសមរម្យសម្រាប់ការរស់នៅរបស់អ្នកដូចជា ភាគហ៊ុន income stock ជាដើម។

ថាមិនត្រូវ អ្នកនឹងអាចចូលនិវត្តន៍នៅវ័យ ៣០ ឬ ៤០ ឆ្នាំក៏ថាបាន។

អារម្មណ៍ពេលបានបើកប្រាក់ខែដំបូង គឺដូចជាបានភ្លក់រសជាតិសេរីភាពហិរញ្ញវត្ថុអញ្ចឹង។ វាជាលុយដែលអ្នកខំរក ហើយអ្នកមានជម្រើសចាយ សន្សំ ឬយកទៅវិនិយោគទៅតាមចិត្តរបស់អ្នក។ តែប្រសិនបើអ្នកចេះចាត់ចែងវាបានត្រឹមត្រូវ និងចេះគ្រប់គ្រងខ្លួនឯងបន្តិច អ្នកនឹងអាចសន្សំផង វិនិយោគផង ហើយសល់លុយខ្លះសម្រាប់ទិញរបស់ដែលខ្លួនចង់បានផងដែរ។

ប្រាក់ខែដំបូង គួរចាយរបៀបណា?

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading