fbpx

ការរៀបការជារឿងដ៏ធំមួយនៅក្នុងជីវិតមនុស្សគ្រប់គ្នា។ វាទាមទារឲ្យមានការសម្រេចចិត្តទៅលើ រឿងជាច្រើនទាំងរបៀបរបបនៃការរស់នៅជាមួយគ្នា និងរឿងលុយកាក់ជាដើមដែលត្រូវតែលើកមកពិភាក្សាជាមុន។ ខាងក្រោមនេះជាសំណួរហិរញ្ញវត្ថុដែលគួរសួរទៅដៃគូមុនពេលរៀបការ៖

១. តើអ្នកមានបំណុលដែរ ឬទេ?

ការសួរទាក់ទងនឹងបំណុលរបស់គ្នាទៅវិញទៅមកមុនពេលរៀបការមិនមានជារឿងដែលគួរឲ្យខ្មាស់អៀនអ្វីនោះទេ តែជារឿងមួយដែលចាំបាច់គួរប្រាប់គ្នាទៅវិញទៅមក។ មូលហេតុដែលត្រូវសួររឿងនេះ ព្រោះអ្នកគួរដឹងពីស្ថានភាពហិរញ្ញវត្ថុដៃគូរបស់អ្នក ជៀសវាងមកដឹងនៅពេលក្រោយបង្កឲ្យមានបញ្ហា និងប្រសិនបើភាគីណាម្នាក់បាត់បង់សមត្ថភាពរកចំណូលនោះម្នាក់ទៀតត្រូវជួយដោះស្រាយ។

២. តើអ្នកណាជាអ្នកគ្រប់គ្រងលុយកាក់?

ជាទូទៅនៅប្រទេសយើង លុយកាក់ដែលរកបានត្រូវប្រគល់ទៅប្រពន្ធជាអ្នកទុកដាក់សន្សំ តែទោះជាយ៉ាងនេះក្តី អ្នកក៏គូរតែសួរឲ្យបានច្បាស់លាស់ទៅលើរឿងនេះ និងបែងចែកគ្នាថាទុកឲ្យភរិយាទុកដាក់ប៉ុន្មាន និងទុកសម្រាប់ស្វាមីប៉ុន្មាន។

៣. តើអ្នកណាជាអ្នកចេញថ្លៃចំណាយក្នុងផ្ទះ?

សំណួរនេះជាទូទៅមិនចាំបាច់សួរនោះទេ ប៉ុន្តែប្រសិនបើដៃគូទាំងសងខាងសុទ្ធតែជាអ្នកដែល មានប្រភពចំណូលនោះ ការបែងចែកថ្លៃចំណាយក្នុងផ្ទះគួរតែត្រូវពិភាក្សាគ្នាថា តើខាងណាជាអ្នកចេញ ឬអ្នកណាគួរចេញទៅលើមុខចំណាយអ្វី។

៤. តើការចំណាយប្រចាំខែប៉ុន្មាន?

សំណួរនេះហាក់បីដូចជាដាក់គំនាបបន្តិចមែន តែប្រសិនបើមិនបានសួរទុកជាមុនប្រាកដជាពិបាកក្នុងការនិយាយគ្នានាពេលក្រោយ ព្រោះពេលខ្លះដៃគូហាក់ដូចជាចាយវាយច្រើន តែការពិតជាទម្លាប់ការចាយវាយជាប្រចាំរបស់គាត់ដែលអ្នកគួរទទួលយក ឬពិភាក្សាគ្នាអំពីរឿងនេះ។

៥. តើការចំណាយចាប់ពីប៉ុន្មានទើបត្រូវប្រាប់?

មានមនុស្សមិនតិចទេដែលមានបញ្ហាក្នុងការចាយវាយមិនប្រាប់ដៃគូបង្កជារឿងរកាំរកូសនោះ ដូចនេះអ្នកគួរតែកំណត់ការចំណាយនៅត្រឹមចំនួនណាមួយដែលជាចំនួនមួយអាចចាយវាយបាន ដោយមិនចាំបាច់ប្រាប់ និងការចំណាយប្រភេទណាខ្លះដែលគួរតែប្រាប់ទៅពួកគាត់។

៦. ប្រសិនបើមានកូន តើនរណាជាអ្នកមើល?

ការរៀបការភាគច្រើនតែងតែមានកូនជាចំណងដៃនៃអាពាហ៏ពិពាហ៏ ដូចនេះការពិភាក្សាពីការមើលថែគ្រួសារជាចំណុចសំខាន់មួយ ប្រសិនបើអ្នកទាំងពីរសុទ្ធតែមានការងាររៀងខ្លួនតើកាតព្វកិច្ចមើលកូនជារបស់នរណា ឬមានការជួលអ្នកមកមើលថែកូន (Babysitter)។

៧. តើគួរមានកញ្ចប់ថវិកាសម្រាប់គ្រួសារពេលចាំបាច់ ឬទេ?


គ្រួសារមួយតែងតែមានការជួយគ្នាទៅវិញទៅមកនៅពេលមានអាសន្នជៀសមិនផុត ដែលក្នុងចំណុចនេះចង់សំដៅទៅលើឪពុកម្តាយបងប្អូនទាំងសងខាង។ នៅពេលដែលមានបញ្ហាត្រូវការលុយកាក់ តើមានកញ្ចប់ថវិការៀបចំសម្រាប់ពេលនេះដែរ ឬទេ? បើមាន តើត្រូវកំណត់ចំនួនប៉ុន្មាន?

៨. តើគួរបង្កើតកុងធនាគាររួម ឬដាច់ដោយឡែក?

ការទុកដាក់លុយក្នុងធនាគារជារឿងមួយដែលត្រូវពិភាក្សាព្រោះជម្រើសមានដូចជា បង្កើតកុងរួម បង្កើតកុងដាច់ដោយឡែក និងបង្កើតទាំងពីរប្រភេទ។ ការបង្កើតកុងរួមងាយស្រួលក្នុងការពិនិត្យ មើលស្ថានភាពលុយកាក់ និងការចំណាយ រីឯការបង្កើតកុងដាច់ដោយឡែកមានសេរីភាពលើការចាយវាយជាងកុងរួម។

៩. តើគោលដៅហិរញ្ញវត្ថុរបស់អ្នកទាំងពីរជាអ្វី?


ទោះបីជារៀបអាពាហ៏ពិពាណ៏ពិតមែនក្តី ក៏អ្នកទាំងពីរអាចនឹងមានគោលដៅ និងក្តីសុបិន្តខុសពីគ្នា ដូចនេះការពិភាក្សាអំពីគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួន និងគោលដៅហិរញ្ញវត្ថុរួមឲ្យបានច្បាស់ជា រឿងល្អដើម្បីងាយស្រួលក្នុងការរៀបចំផែនការសម្រាប់ពេលខាងមុខនិងជួយឲ្យអ្នកកាន់តែយល់ច្បាស់ អំពីតម្រូវការរបស់ដៃគូផងដែរ។

សរុបមកវិញ សំណួរទាំង៩ ខាងលើនេះគ្រាន់តែជាគំនិតមួយផ្នែកដែលគួរពិចារណា ឬពិភាក្សា មុនពេលរៀបការ។ ប្រសិនបើសម្រេចចិត្តទៅលើរឿងទាំងនេះមុន អាចផ្តល់ជាភាពងាយស្រួលទៅ ដល់ជីវិតអាពាហ៏ពិពាហ៏។

៩ សំណួរហិរញ្ញវត្ថុត្រូវសួរ មុនសម្រេចចិត្តរៀបការ

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading