នរណាខ្លះជាគូស្វាមីភរិយាដែលទើបរៀបការថ្មីថ្មោង? ហើយតាំងពីចាប់ដៃគ្នាកសាងជីវិតអាពាហ៍ពិពាហ៍មក, មានបានពិភាក្សាគ្នារឿងអ្វីខ្លះលើផ្នែកហិរញ្ញវត្ថុ? សម្រាប់អ្នកដែលទើបរៀបការហើយថ្មីថ្មោងវិញ តើមានអ្វីខ្លះទៀតត្រូវពិភាក្សា?
#LuyBook នឹងនិយាយពីការពិភាក្សាចំនួន ៥ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងគ្រួសារ ដូចខាងក្រោម៖
១. ពិភាក្សាគ្នាពីស្ថានភាព និងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុរបស់គ្នាទៅវិញទៅមក៖
អ្នកទាំងអស់គ្នាគួរតែបើកចំហចិត្ដឱ្យទូលាយ និងនិយាយដោយស្មោះត្រង់ពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឲ្យគ្នាស្ដាប់ម្ដងម្នាក់ ដូចជាទម្លាប់ការចាយវាយតាំងពីតូចមក ទ្រព្យដែលអ្នកកំពុងមាន បំណុលដែលកំពុងមាន និងចំនួនទ្រព្យសម្បត្ដិដែលត្រូវប្រើប្រាស់រួមគ្នាក្នុងនាមជាប្ដីប្រពន្ធជាដើម។ ការបើកចិត្ដនិយាយរឿងទាំងអស់នេះ វានឹងធ្វើឲ្យអ្នកអាចរកវិធីសាស្ត្ររស់នៅចុះសម្រុងក្នុងជីវិតរស់នៅជាប្ដីប្រពន្ធ និងដំណោះស្រាយល្អៗ សម្រាប់ជួយគ្នាដោះស្រាយពេលមានបញ្ហាហិរញ្ញវត្ថុកើតឡើង។
២. ពិភាក្សាគ្នាពីគោលដៅហិរញ្ញវត្ថុរួមគ្នា៖
អ្នកអាចសួរគ្នាទៅវិញទៅមកពីគោលដៅដែលអ្នកចង់បាននៅពេលអនាគត ដូចជា តើចង់ចូលនិវត្ដន៍នៅអាយុប៉ុន្មាន? តើគួរបង្កើតគម្រោងសន្សំទិញផ្ទះតម្លៃប៉ុន្មាន? គម្រោងសន្សំសម្រាប់វិស្សមកាលរួមគ្នាជាដើម? ការធ្វើបែបនេះ វានឹងជួយឲ្យអ្នកអាចរកចំណុចរួមគ្នាក្នុងផ្នែកហិរញ្ញវត្ថុបានយ៉ាងល្អ និងអាចដើរទៅរកគោលដៅនោះរួមគ្នាបានយ៉ាងរលូន។
៣. សិក្សាពីលទ្ធភាពបង្កើតកញ្ចប់ថវិការួមគ្នា៖
វាពិតជាចាំបាច់ណាស់ដែលអ្នកត្រូវកំណត់ពីចំណូល ចំណាយ និងការប្រើប្រាស់ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវរួមគ្នា។ ការគិតគូរពីផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ នឹងជួយអ្នកឲ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុដែលអ្នកបានពិភាក្សាគ្នាកន្លងមក។ ប្រសិនបើអ្នកមានគម្រោងទិញផ្ទះតម្លៃ២០ម៉ឺនដុល្លារ នៅ៥ឆ្នាំក្រោយ នោះអ្នកគួរតែរៀបចំគម្រោងថវិការបស់អ្នកឲ្យស្របជាមួយនឹងគោលដៅដែលចង់បាន ថាតើគួររកចំណូលឲ្យបានប៉ុន្មានក្នុង១ខែ? ចំណាយប៉ុន្មាន? សន្សំប៉ុន្មាន? គួរស្នើកម្ចីទិញផ្ទះពីធនាគារឬទេ និងចំនួនប៉ុន្មានជាដើម?
៤. ពិភាក្សាគ្នាពីការបង្កើតកញ្ចប់ថវិកាសន្សំពេលចាំបាច់ (Emergency Fund)៖
សម្រាប់ការរៀបចំកញ្ចប់ថវិកាសន្សំពេលចាំបាច់ផ្ទាល់ខ្លួន #LuyBook ធ្លាប់ចែករំលែកថាគួររៀបចំឱ្យកញ្ចប់ថវិកាឱ្យបាន ៦ខែនៃចំណូលរបស់អ្នកទាំងអស់គ្នា។ យ៉ាងណាមិញ សម្រាប់កញ្ចប់សម្រាប់គ្រួសារនេះ, អ្នកទាំងអស់គ្នាអាចកំណត់ខ្លួនឯង តាមជាក់ស្ដែង កាន់តែច្រើនកាន់តែប្រសើរ ពោលអាចសាកល្បងកាត់ចំនួន១០% នៃចំណូលសរុបរបស់គ្រួសារអ្នក ដើម្បីទុកក្នុងគម្រោងនេះជាប្រចាំ។ កញ្ចប់នេះ នឹងជួយអ្នកនៅពេលដែលអ្នកជួបបញ្ហាត្រូវការហិរញ្ញវត្ថុបន្ទាន់ដូចជា ការបាត់បង់ការងារ ឈឺថ្កាត់ ឬគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ។
៥. អត់ធ្មត់ ស្មោះត្រង់ និងជឿជាក់គ្នាទៅវិញទៅមក៖
វិធីសាស្ត្រល្អបំផុតនៅក្នុងការជជែករឿងហិរញ្ញវត្ថុជាមួយគូស្នេហ៍ ឬប្ដីប្រពន្ធ គឺអត់ធ្មត់ និងយោគយល់។ កុំព្យាយាមយកកំហឹង ទល់កំហល់ នៅពេលដែលនរណាម្នាក់បង្កើតឲ្យមានបញ្ហា ឬមានបញ្ហាហិរញ្ញវត្ថុកើតឡើង ដោយទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក។ ចូរចាំថា អ្នកគឺជាប្ដីប្រពន្ធ អ្នកធ្វើការងារជាក្រុម មានគោលដៅតែមួយ និងត្រូវជួយគ្នាទៅវិញទៅមកជាដរាប។
សរុបមកវិញ ៦ចំណុចខាងលើនេះគ្រាន់តែជាការចែករំលែកជាគំនិតសម្រាប់អ្នកទាំងអស់គ្នាអាចយកទៅពិភាក្សាបាន ដែលជាក់ស្ដែងអាចមានច្រើនជាងនេះ និងមានបញ្ហាច្រើនបែបក៏ថាបាន។ យ៉ាណាក្ដីបើសម្រេចចិត្តចាប់ដៃគ្នាហើយ ត្រូវពិភាក្សាគ្នាឱ្យបានច្រើន និងតស៊ូទាំងអស់គ្នា។
អ្នកទាំងអស់គ្នាគួរតែបើកចំហចិត្ដឱ្យទូលាយ និងនិយាយដោយស្មោះត្រង់ពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឲ្យគ្នាស្ដាប់ម្ដងម្នាក់ ដូចជាទម្លាប់ការចាយវាយតាំងពីតូចមក ទ្រព្យដែលអ្នកកំពុងមាន បំណុលដែលកំពុងមាន និងចំនួនទ្រព្យសម្បត្ដិដែលត្រូវប្រើប្រាស់រួមគ្នាក្នុងនាមជាប្ដីប្រពន្ធជាដើម។ ការបើកចិត្ដនិយាយរឿងទាំងអស់នេះ វានឹងធ្វើឲ្យអ្នកអាចរកវិធីសាស្ត្ររស់នៅចុះសម្រុងក្នុងជីវិតរស់នៅជាប្ដីប្រពន្ធ និងដំណោះស្រាយល្អៗ សម្រាប់ជួយគ្នាដោះស្រាយពេលមានបញ្ហាហិរញ្ញវត្ថុកើតឡើង។