fbpx

តើអ្នកបានត្រៀមខ្លួនក្លាយជាឪពុកម្ដាយដ៏ល្អមួយហើយឬនៅ?

ការពិនិត្យមើលពីសុខភាពផ្ទាល់ខ្លួន មុនសម្រេចចិត្ដមានកូន វាជារឿងដែលល្អណាស់សម្រាប់សុខភាពកូនដែលកើតមក ប៉ុន្ដែសុខភាពហិរញ្ញវត្ថុរបស់អ្នក ក៏ត្រូវពិនិត្យឡើងវិញផងដែរ ដើម្បីចៀសវាងប៉ះពាល់ដល់សុខុមាលភាពគ្រួសារអ្នក ក្រោយពេលសម្រាលកូនហើយ។ គិតត្រួសៗទៅ អ្នកនឹងអាចចំណាយទៅលើ ថ្លៃសេវាថែទាំរបស់មន្ទីរពេទ្យ (មុន និងក្រោយសម្រាល) ថ្លៃសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់កូន និងខ្លួនអ្នក (មុន និងក្រោយសម្រាល) និងថ្លៃចិញ្ចឹមបីបាច់ថែរក្សាពួកគេជាប្រចាំផងដែរ តែជាក់ស្ដែងមានច្រើនជាងនេះឆ្ងាយណាស់។

ថ្ងៃនេះ #LuyBook ដូចដែលបានសន្យាពីអត្ថបទមុន នឹងពិភាក្សាអំពីចំណុចទាំង ៤ យ៉ាងដែលអ្នកទាំងអស់គ្នាគួរពិចារណា មុនសម្រេចចិត្តយកកូន៖

១. គួរមានប្រភពចំណូលមួយច្បាស់លាស់ ឬការងារមានស្ថេរភាពជាមុនសិន

ចំណុចនេះគឺសំខាន់ណាស់ ដែលអ្នកគួរតែមានមុនសម្រេចចិត្តក្លាយជាឪពុកម្ដាយរបស់គេ។ អ្នកគួរតែមានការងារមួយ ឬមុខរបរមួយដែលមានស្ថេរភាព សុវត្ថិភាព ហើយផ្ដល់ចំណូលឲ្យអ្នកទៀងទាត់ ពោលគឺបើទោះបីជាអ្នកកំពុងពពោះ ឬសម្រាលរួច ក៏សុខភាពហិរញ្ញវត្ថុរបស់អ្នកមិនមានផលប៉ះពាល់ធំដុំដែរ។ លើសពីនេះ អ្នកគួរសួរខ្លួនឯងនូវសំនួរមួយចំនួន ដើម្បីប្រាកដថាអ្នកអាចមានពេលសម្រាប់កូនៗដូចខាងក្រោម៖

  • តើមានអ្នកមើលថែទាំកូនហើយឬនៅ? បើនៅទេ, តើអ្នកទាំងពីរអាចឈប់ធ្វើការខាងក្រៅម្នាក់ឬទេ?
  • តើតុល្យភាពការងារ និងជីវិតផ្ទាល់ខ្លួន (Work-Life Balance) របស់អ្នកមានលក្ខណៈបែបណាដែរ? តើអ្នកចំណាយពេលប៉ុន្មានម៉ោងនៅក្នុង១ថ្ងៃដើម្បីធ្វើការ?
  • តើការងាររបស់អ្នកអាចមានភាពបត់បែន ឬអាចធ្វើជាលក្ខណៈអនឡាញបានទេ?
  • ប្រសិនបើអ្នកបាត់បង់ការងារបច្ចុប្បន្នរបស់អ្នក តើអ្នកអាចរកការងារដែលប្រហាក់ប្រហែលនឹងមុខងារនោះបានដែរឬទេ? ប្រសិនបើមិនអាច តើអ្នកនឹងធ្វើបែបណា?

២. បង្កើតកញ្ចប់ថវិកាសម្រាប់ប្រើប្រាស់ពេលចាំបាច់

អ្នកគួរតែបង្កើតគម្រោងសន្សំមួយ សម្រាប់ប្រើប្រាស់ពេលចាំបាច់ដូចជា ពេលឈឺថ្កាត់ ឬពេលត្រូវការប្រាក់បន្ទាន់ផ្សេងៗ និងការចំណាយលើសេវាផ្សេងៗទាក់ទងនឹងកូនៗរបស់អ្នក រាប់ចាប់ពីសេវាថែទាំផ្ទៃពោះ សម្រាលកូន ក្រោយសម្រាល និងសេវាកម្មថែទាំទារកជាដើម(ប្រសិនបើអាច)។ ម្យ៉ាងទៀត អ្នកគួរតែរៀនរស់នៅដោយបន្ថយការចំណាយលើរបស់របរ ឬសេវាកម្មមិនចាំបាច់មួយចំនួនចេញ ហើយយកប្រាក់ទាំងនោះមកចំណាយលើការថែទាំកូនៗរបស់អ្នកជំនួសវិញ។ វាជារឿងដែលល្អមួយសម្រាប់សុខភាពហិរញ្ញវត្ថុរបស់អ្នក នៅពេលដែលអ្នកសម្រាលកូនហើយ ព្រោះបន្ទុកចំណាយធំៗ និងចាំបាច់ នឹងកើតឡើងនៅពេលនោះ។ ដូច្នេះ អ្នកគួរទម្លាប់រៀនរស់ក្នុងបរិបទថ្មី ដែលមានការសំចៃជាងមុនតាមដែលអាចធ្វើបាន។

៣. ការបង្កើតកញ្ចប់សន្សំសម្រាប់ការសិក្សា និងអនាគតកូនរបស់អ្នក

លើសពីនេះ ការបង្កើតកញ្ចប់ប្រាក់សន្សំសម្រាប់អនាគតរបស់កូនៗអ្នក វាជារឿងដែលគួរតែធ្វើបំផុតក្នុងនាមជាឪពុកម្ដាយ ជាពិសេស គម្រោងសន្សំសម្រាប់ចំណាយលើការសិក្សារបស់ពួកគេ។ ការគិតគូរពីអនាគតកូនរបស់អ្នក ដោយរៀបចំកញ្ចប់ហិរញ្ញវត្ថុជាស្រេចសម្រាប់ការចំណាយ សម្រាប់ចូលរៀននៅមហាវិទ្យាល័យល្អៗ ឬធ្វើអ្វីដែលពួកចង់ធ្វើ នោះវានឹងជួយអ្នកបានច្រើននៅពេលដែលពួកគេធំឡើង ហើយមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការសិក្សា និងកាត់បន្ថយសំពាធហិរញ្ញវត្ថុរបស់អ្នកយ៉ាងច្រើនផងដែរនាពេលអនាគត។

អ្នកអាចជ្រើសរើសវិធីសន្សំដោយដាក់ប្រាក់នៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្រាប់គម្រោងសន្សំសម្រាប់អនាគតកូនរបស់អ្នក ដូចជា ការបើក “គណនីកូនចម្រើន” របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលអាចផ្ដល់អត្រាការប្រាក់ចាប់ពី៤.៥% ដល់៥.៥%ក្នុង១ឆ្នាំ ឬក៏គណនីមូលនិធិសិក្សាអប់រំ និងគណនីអនាគតកុមាររបស់ធនាគារអេស៊ីលីដាដែលផ្ដល់អត្រាការប្រាក់ខ្ពស់ជាការបង្កើតគណនីសន្សំធម្មតាជាដើម។ អ្នកក៏អាចពិចារណាវិនិយោគក្នុងទីផ្សារហ៊ុនសម្រាប់រយៈពេលវែងដែលផ្ដល់ភាគលាភជាប្រចាំ និងប្រាក់ចំណេញគួរសម ឬអាចទិញធនារ៉ាប់រងដែលមានគម្រោងសន្សំសម្រាប់កូនៗរបស់អ្នកផងដែរ។

៤. គួររំដោះខ្លួនពីបំណុលឲ្យបានច្រើនតាមដែលអាចធ្វើបាន

សម្រាប់អ្នកដែលជាប់បំណុលមិនថាតិច ឬច្រើន ដូចជា ការបង់រំលស់ផ្ទះ រថយន្ដ បំណុលកាតក្រេឌីត និងបំណុលធនាគារផ្សេងៗជាដើម អាចមានការបារម្ភពីផលប៉ះពាល់ដល់ការសុខភាពហិរញ្ញវត្ថុមួយផ្នែកធំ ពេលមានកូន។ ដូច្នេះ រឿងដែលល្អបំផុត នៅមុនពេលសម្រេចចិត្តមានកូន អ្នកគួរតែរំដោះខ្លួនឲ្យចេញពីបំណុលធំៗ ឲ្យបានច្រើនតាមដែលអាចធ្វើបានសិន មុននឹងបន្ថែមបន្ទុកចំណាយលើកូនៗរបស់អ្នកបន្ថែមទៀត។ អ្នកអាចពិចារណាធ្វើការដោះបំណុលធំៗជាមុន ដើម្បីបន្ធូរសំពាធការប្រាក់ដែលអ្នកត្រូវបង់ប្រចាំខែ។

៤ ចំណុចត្រូវពិចារណាមុនសម្រេចចិត្តយកកូន

Leave a Reply

Scroll to top
%d bloggers like this: