បងប្អូនដែលចាប់អារម្មណ៍នឹងការវិនិយោគ ធ្លាប់លឺពីការវិនិយោគដើម្បីទទួលភាគលាភទេ (dividend investing)?
#LuyBook នឹងលើកយកប្រធានបទទាក់ទងនឹងការ វិនិយោគប្រភេទនេះ មកចែករំលែកជាមួយអ្នកទាំងអស់គ្នា។
តើអ្វីទៅជាការវិនិយោគភាគលាភ?
ការវិនិយោគភាគលាភ គឺជាការវិនិយោគមួយប្រភេទដែលអ្នកទិញភាគហ៊ុនរង់ចាំទទួលភាគ លាភពីក្រុមហ៊ុនបន្ថែមពីលើការឡើងថ្លៃនៃភាគហ៊ុននោះ។ បើសិននិយាយឲ្យងាយស្តាប់ គឹ អ្នកវិនិយោគទិញ ភាគហ៊ុនណាដែលគេមានបែងចែកប្រាក់ចំណេញរបស់ក្រុមហ៊ុន (ភាគលាភ) ទៅកាន់ម្ចាស់ភាគហ៊ុន ហើយយកប្រាក់ចំណេញជាប្រភពចំណូលដោយមិនពឹងទៅការជួញដូរហ៊ុននោះទេ។
ការវិនិយោគ ភាគលាភនេះ គឺគេវិនិយោគទៅលើក្រុមហ៊ុនណាដែលផ្តល់ភាគលាភខ្ពស់ដែលភាគច្រើនជាក្រុមហ៊ុន មានជំហររឹងមាំក្នុងទីផ្សារ សន្ទុះនៃការរីកចំរើនទាបព្រោះក្រុមហ៊ុនរីកចំរើនដល់ដំណាក់កាលល្អ ហើយ មិនសូវមានហានិភ័យ។ ចំពោះភាគលាភនៃក្រុមហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជា គឺត្រូវបែងចែកជាសាច់ប្រាក់ចំនួន ១ ដងក្នុងមួយឆ្នាំ ខណៈភាគលាភនៃក្រុមហ៊ុននៅទីផ្សារអាមេរិកធ្វើការបែងចែកភាគលាភជារៀងរាល់ត្រីមាស។
ឧទាហរណ៍ ប្រសិនបើអ្នកទិញភាគហ៊ុនក្រុមហ៊ុន A ចំនួន ១០០ហ៊ុនដែលមានតម្លៃ $១០០ ក្នុងមួយហ៊ុន នោះអ្នកចំណាយក្នុងការវិនិយោគអស់ $១០,០០០។ បន្ទាប់មក ក្រុមហ៊ុនសម្រេចផ្តល់ ភាគលាភដល់ម្ចាស់ភាគហ៊ុនក្នុងមួយហ៊ុនចំនួន $១ ប្រចាំឆ្នាំជាសាច់ប្រាក់នោះ អ្នកនឹងទទួលបាន $១០០ ក្នុងមួយឆ្នាំពីការវិនិយោគភាគលាភនេះ។
ហានិភ័យពីការវិនិយោគភាគលាភ
ទោះបីការវិនិយោគជាភាគលាភមិនទាមទារឲ្យមានការសិក្សាស្វែងយល់អំពីទីផ្សារភាគហ៊ុន ច្រើនដូចការទិញដូរហ៊ុនក៏ពិតមែន តែវាក៏នៅតែមានហានិភ័យខ្លះដែរ។ តួយ៉ាង ការប្រឈមខ្លាំងជាង គេចំពោះការវិនិយោគប្រភេទនេះ គឺក្រុមហ៊ុនមិនមានលទ្ធភាពក្នុងការបន្តផ្តល់ភាគលាភទៅកាន់វិនិយោគិន។ ជាក់ស្តែងក្នុងបរិបទកូវីដមានក្រុមហ៊ុនជាច្រើនដែលបាត់បង់ចំណូល ជាហេតុដែលមិនអាចបង់ ភាគលាភបានហើយត្រូវលើកទៅឆ្នាំក្រោយៗទៀតដោយ រំពឹងថានឹងមានប្រាក់ចំណេញគ្រប់គ្រាន់។
តើអាចវិនិយោគដើម្បីទទួលបានភាគលាភក្នុងទីផ្សារមូលបត្រនៅកម្ពុជាទេ?
ការវិនិយោគភាគលាភនេះមានក្រុមហ៊ុនមួយចំនួននៅកម្ពុជាដែលបានអនុវត្តនៅលើទី ផ្សារមូលបត្រកម្ពុជារួមមាន ក្រុមហ៊ុនកំពង់ផែស្វ័យតព្រះសីហនុ PAS (Sihanoukville Autonomous Port) ក្រុមហ៊ុនកំពង់ផែស្វ័យតភ្នំពេញ PPAP (Phnom Penh Autonomous Port) និង ធនាគារអេស៊ីលីដា (ACLEDA Bank PLC) ជាដើម ដោយមានការបែងចែកភាគលាភទៅតាមការកំណត់របស់ក្រុមហ៊ុន ផ្សេងៗពីគ្នា។
សរុបមក ប្រសិនបើបងប្អូនចង់ធ្វើការវិនិយោគប្រភេទនេះគួរសិក្សាស្វែងយល់បន្ថែម ជាពិសេស ទៅលើអត្ថបទប្រភេទវិនិយោគដូចដែល LuyBook បានចែករំលែកកន្លងមក និងអាន ព័ត៌មានបន្ថែមនៅលើគេហទំព័រទីផ្សារមូលបត្រកម្ពុជា (CSX) ដើម្បីអាចបង្កើនចំណេះដឹង និង ចំណូលឲ្យកាន់តែ ប្រសើរឡើង។