#LuyBook នឹងនាំអ្នកទាំងអស់គ្នាមកស្គាល់ពីពន្ធសំខាន់ៗក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា៖
១. ពន្ធលើអចលនទ្រព្យ
ពន្ធលើអចលនទ្រព្យត្រូវបានកំណត់តាមអត្រា ០.១%នៃមូលដ្ឋានគិតពន្ធ។ មូលដ្ឋានគិតពន្ធគឺជាតម្លៃ៨០%តម្លៃអចលនទ្រព្យ ហើយដែលអនុញ្ញាតឲ្យកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០,០០០,០០០៛។ ចំណែកតម្លៃអចលនទ្រព្យវិញ ត្រូវកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ហើយអ្នកទាំងអស់គ្នាអាចចូលមើលតាមតំណនេះបាន៖ https://www.tax.gov.kh/km/categories/JZsyC449144153142។
ប្រាក់ពន្ធលើអចលនទ្រព្យត្រូវបង់ = [(តម្លៃអចលនទ្រព្យ x ៨០%) – ១០០,០០០,០០០៛] x ០.១%
ឧទាហរណ៍ថា៖ អ្នកមានដីមួយកន្លែងទំហំ២០មx៣០ម (៦០០ម៉ែត្រការ៉េ) និងមានផ្ទះល្វែងសាងសង់ពីលើទំហំ៧មx២០ម(១៤០ម៉ែត្រការ៉េ)ចំនួន១ជាន់។ សម្រាប់តម្លៃដីនៅតំបន់នោះមានតម្លៃ២៥០ដុល្លារ/ម៉ែត្រការ៉េ និងតម្លៃផ្ទះ២០០ដុល្លារ/ម៉ែត្រការ៉េ។
-តម្លៃដីសរុប ៦០០x២៥០=១៥០,០០០ ដុល្លារ
-តម្លៃផ្ទះសរុប ១៤០x២០០=២៨,០០០ដុល្លារ
ដូច្នេះ តម្លៃអចលនទ្រព្យសរុបគឺ ១៥០,០០០ ដុល្លារ+២៨,០០០ដុល្លារ=១៧៨,០០០ដុល្លារ។
ប្រាក់ដែលត្រូវបង់ពន្ធគឺ [(១៧៨,០០០x៨០%)-២៥,០០០$]x០.១%=១៤២.៤ដុល្លារ។
២. ពន្ធប្រថាប់ត្រា
ពន្ធប្រថាប់ត្រាត្រូវកំណត់តាមអត្រា៤% ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬការផ្ទេរសិទ្ធិកាន់កាប់ដីដែល គ្មានសំណង់ក្រោមរូបភាពជាការលក់ ការដោះដូរ ការទទួលអំណោយ ការដាក់ភាគទុនក្រុមហ៊ុន។ ពន្ធប្រថាប់ត្រាត្រូវបានបង់ដោយអ្នកទទួលកម្មសិទ្ធិ ទទួលសិទ្ធិកាន់កាប់ដីធ្លីដែលគ្មានសំណង់ គិតជាសមាមាត្រ លើតម្លៃពិតប្រាកដនៃទ្រព្យសម្បត្តិនាថ្លៃផ្ទេរកម្មសិទ្ធិនិងសិទ្ធិកាន់កាប់។ បច្ចុប្បន្ន ពន្ធនេះ ត្រូវបានលើកលែង សម្រាប់អចលនទ្រព្យតម្លៃទាបជាង៧ម៉ឺនដុល្លារ ដល់ខែធ្នូ ឆ្នាំ២០២១ នេះ។
៣. ពន្ធលើដីធ្លីមិនបានប្រើប្រាស់
ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់ នឹងត្រូវជាប់ពន្ធចំនួន២% លើមូលដ្ឋានកំណត់ពន្ធ។ ដោយឡែក បើដីនោះមានការដាំដំណាំពេញ គឺមិនជាប់ពន្ធនេះទេ។ មួយវិញទៀត បើអ្នកជាប់ពន្ធដីមិនបានប្រើប្រាស់ហើយ អ្នកមិនជាប់ពន្ធអចលនទ្រព្យ ០.១% ទេ។
៤. ពន្ធលើចំណេញមូលធន
ពន្ធនេះនឹងចាប់ផ្ដើមអនុវត្ដនាដើមឆ្នាំ២០២២ខាងមុខ ទៅលើរាល់ផលចំណេញពីការលក់អចលទ្រព្យទូទៅ ដែលនឹងត្រូវបង់ពន្ធ២០% លើចំណែក២០%នៃតម្លៃអចលទ្រព្យដែលបានលក់។ ឧទាហរណ៍ បើអ្នកលក់ដី១កន្លែងបានតម្លៃ៥០ម៉ឺនដុល្លារ នោះមិនមែនបង់ពន្ធ ២០%នៃ ៥០ម៉ឺនដុល្លារទេ គឺបង់តែ ២០% នៃចំណែក២០% នៃតម្លៃដីសរុបនោះឬ ២០% នៃ ១០ម៉ឺនដុល្លារ។ ដូច្នេះ អ្នកនឹងត្រូវបង់ពន្ធចំណេញមូលធននេះ ២ម៉ឺនដុល្លារប៉ុណ្ណោះ។ ចំពោះការផ្ទេរអចលនទ្រព្យរវាងសាច់ញាតិដែលមានការលើកលែងនៅក្នុងពន្ធប្រថាប់ត្រា ក៏នឹងទទួលបានការលើកលែងលើពន្ធលើចំណេញមូលធននេះផងដែរ។