fbpx

មានដឹងអត់ថាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អាចស្នើសុំការលើកទឹកចិត្តពន្ធបាន?

#LuyBook នឹងលើកយកពីរបៀបនៃការទទួលបានការលើកទឹកចិត្តសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា លើផ្នែកពន្ធដារ មកចែករំលែក ហើយផ្នែកពន្ធគយទុកសម្រាប់អត្ថបទក្រោយ។

១. តើសហគ្រាសធុនតូច និងមធ្យមត្រូវបានកំណត់និយមន័យដូចម្ដេច?

សម្រាប់និយមន័យថ្មីឆ្នាំ ២០២១, មានដូចខាងក្រោម៖

  • សហគ្រាសធុនតូច គឺជាសហគ្រាសឯកបុគ្គល ឬសហគ្រាសសហកម្មសិទ្ធិដែលមានផលរបរប្រចាំឆ្នាំចាប់ពី ២៥០លានរៀល ដល់១០០០លានរៀល សម្រាប់វិស័យកសិកម្ម សេវាកម្ម និងពាណិជ្ជកម្ម ឬមានផលរបរប្រចាំឆ្នាំចាប់ពី២៥០លានរៀល ដល់១៦០០លានរៀល សម្រាប់វិស័យឧស្សាហកម្ម ឬសហគ្រាសដទៃទៀតដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារអ្នកជាប់ពន្ធតូច ស្របតាមច្បាប់ និងបទប្បញ្ញត្ដិស្ដីពីពន្ធដារ។
  • សហគ្រាសធុនមធ្យម សំដៅសហគ្រាសដែលមានផលរបរប្រចាំឆ្នាំលើសពី១០០០លានរៀល ដល់៤០០០លានរៀលសម្រាប់វិស័យកសិកម្ម ឬមានផលរបរប្រចាំឆ្នាំលើសពី១០០០លានរៀល ដល់៦០០០លានរៀលសម្រាប់វិស័យសេវាកម្ម និងពាណិជ្ជកម្ម ឬ មានផលរបរប្រចាំឆ្នាំលើសពី១៦០០លានរៀល ដល់៨០០០លានរៀលសម្រាប់វិស័យឧស្សាហកម្ម ឬសហគ្រាសដទៃទៀតដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារអ្នកជាប់ពន្ធមធ្យម ស្របតាមច្បាប់ និងបទប្បញ្ញត្ដិស្ដីពីពន្ធដារ។

២. តើមានលក្ខខណ្ឌអ្វីខ្លះដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ?

សហគ្រាសធុនតូច និងមធ្យមដែលអាចទទួលបានការលើកទឹកចិត្ដផ្នែកពន្ធដារ ត្រូវមានលក្ខខណ្ឌ ២ ដូចខាងក្រោម៖

ក. ចុះបញ្ជីពន្ធដារ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស នៅរដ្ឋបាលសារពើពន្ធ ស្របតាមច្បាប់ និងបទប្បញ្ញត្ដិជាធរមាន។

ខ. ជាសហគ្រាសស្ថិតក្នុងវិស័យអាទិភាព ដូចខាងក្រោម៖

  • ផលិតផលកសិកម្ម ឬកសិ-ឧស្សាហកម្ម
  • ផលិត និងកែច្នៃម្ហូបអាហារ
  • កម្មន្ដសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក, កែច្នៃកាកសំណល់, និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍
  • ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនវានុវត្ដន៍
  • សហគ្រាសដែលស្ថិតក្នុងតំបន់ប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍតំបន់នេះ។

វិស័យអាទិភាពទាំងនេះ មិនរួមបញ្ចូលវិស័យដែលប៉ះពាល់ដល់សន្ដិសុខសង្គម សុខភាព និងបរិស្ថាន។

៣. តើនិតីវិធីនៃការស្នើសុំមានអ្វីខ្លះ?

មាននិតីវិធីចំនួន ២ សម្រាប់ការស្នើសុំការលើកទឹកចិត្ដផ្នែកពន្ធដារមានដូចខាងក្រោម៖

ក. សហគ្រាសដែលចុះបញ្ជីថ្មី៖ នៅពេលចុះបញ្ជីពន្ធដារ ម្ចាស់សហគ្រាសត្រូវបំពេញទម្រង់ស្នើសុំការលើកទឹកចិត្ដផ្នែកពន្ធដារ តាមរយៈគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ www.tax.gov.kh ឬបំពេញដោយដៃលើទម្រង់ (SMEs TIC) ជា PDF ដែលផ្ដល់ដោយរដ្ឋបាលសារពើពន្ធ។

ខ. សហគ្រាសដែលបានចុះបញ្ជីរួចហើយ៖ ម្ចាស់សហគ្រាសត្រូវបំពេញទម្រង់ស្នើសុំការលើកទឹកចិត្ដផ្នែកពន្ធដារតាមរយៈគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ www.tax.gov.kh ឬបំពេញដោយដៃលើទម្រង់ (SMEs TIC) ជា PDF ដែលផ្ដល់ដោយរដ្ឋបាលសារពើពន្ធ ហើយធ្វើការស្នើសុំនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ដ-ខណ្ឌ។

អគ្គនាយកដ្ឋានពន្ធដារត្រូវពិនិត្យនិងសម្រេចលើការស្នើសុំលើកទឹកចិត្តផ្នែកពន្ធដារ និងជូនដំណឹងទៅសហគ្រាសក្នុងរយៈពេលពី ៧ថ្ងៃ ទៅ១០ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីទទួលការស្នើសុំ។ ក្នុងករណីសហគ្រាសគ្មានលក្ខខណ្ឌដូចមានចែងក្នុងប្រការ៦នៃប្រកាសនេះ ឬពុំបានផ្ដល់ឯកសារគ្រប់គ្រាន់តាមការតម្រូវ អគ្គនាយកដ្ឋានពន្ធដារ អាចបដិសេធការស្នើសុំលើកទឹកចិត្តផ្នែកពន្ធដារ៕

ការលើកទឹកចិត្តពន្ធសម្រាប់សហគ្រាសធុនតូច និងមធ្យម

Leave a Reply

Scroll to top
%d bloggers like this: