fbpx

ការបង់ពន្ធជូនរដ្ឋ ជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប។ ប៉ុន្តែពន្ធដារមានច្រើនប្រភេទទាំងពន្ធលើបុគ្គល ក៏ដូចជាពន្ធលើគ្រឹះស្ថានផ្សេងៗ។ ប្រសិនបើអ្នកទាំងអស់គ្នាមានគម្រោងបើកអាជីវកម្មខ្លួនឯងនៅថ្ងៃអនាគត អ្នកទាំងអស់គ្នាត្រូវត្រៀមខ្លួន និងស្វែងយល់ពីកាតព្វកិច្ចពន្ធដែលត្រូវបំពេញសម្រាប់អាជីវកម្ម។

នៅប្រទេសកម្ពុជា អគ្គនាយកដ្ឋានពន្ធដារបានបែងចែកធុរកិច្ចជា ៣ ប្រភេទ គឺអ្នកជាប់ពន្ធខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ។ ការកំណត់ប្រភេទអ្នកជាប់ពន្ធនេះ គឺផ្អែកទៅលើលក្ខខណ្ឌ ២ ធំៗ គឺ ១.) ចំនួនបុគ្គលិក និង ២.) ទំហំផលរបរប្រចាំឆ្នាំ ឬទំហំទ្រព្យសកម្មរបស់អាជីវកម្ម ហើយត្រូវបានបែងចែកជា ៣ វិស័យទៀត គឺវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម ឬពាណិជ្ជកម្ម។ 

សម្គាល់៖ ចំពោះលក្ខខណ្ឌទំហំផលរបរប្រចាំឆ្នាំ ឬទំហំទ្រព្យសកម្ម ត្រូវកំណត់យកលក្ខខណ្ឌមួយណាដែលមានកម្រិតខ្ពស់ជាគេ។ 

ខាងក្រោមនេះ គឺជាលក្ខខណ្ឌលម្អិត៖

១. អ្នកជាប់ពន្ធខ្នាតតូច

ម្ចាស់អាជីវកម្មដែលស្ថិតក្នុងប្រភេទពន្ធខ្នាតតូចនេះ រាប់បញ្ចូលសហគ្រាសឯកបុគ្គល (sole proprietorships) ឬសហគ្រាសមានដៃគូសហការ (partnerships) ដែលមានចំនួនបុគ្គលិកចាប់ពី ៥ ទៅ ៤៩ នាក់ ហើយត្រូវចូលក្នុងលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖

  • មានផលរបរប្រចាំឆ្នាំចាប់ពី ២៤៩ លានរៀល ទៅ ១ ពាន់លានរៀល (ប្រហែល ៦២,២៥០ ទៅ ២៥០,០០០ ដុល្លាអាមេរិក) សម្រាប់វិស័យកសិកម្ម និងសេវាកម្ម ឬពាណិជ្ជកម្ម ឬ ២៥០ លានរៀល ទៅ ១,៦០០ លានរៀល (ប្រហែល ៦៥,០០០ ទៅ ៤០០,០០០ ដុល្លាអាមេរិក) សម្រាប់វិស័យឧស្សាហកម្ម។

  • មានទ្រព្យសកម្មចាប់ពី ២០០ លានរៀល​ ទៅ ១ ពាន់លានរៀល (ប្រហែល ៥០,០០០ ទៅ ២៥០,០០០ ដុល្លាអាមេរិក) សម្រាប់វិស័យកសិកម្ម និងសេវាកម្ម ឬពាណិជ្ជកម្ម ឬ ចាប់ពី ២០០ លានរៀល​ ទៅ ២ ពាន់លានរៀល (ប្រហែល ៥០,០០០ ទៅ ៥០០,០០០ ដុល្លាអាមេរិក) សម្រាប់វិស័យឧស្សាហកម្ម។

២. អ្នកជាប់ពន្ធខ្នាតមធ្យម

អាជីវកម្មដែលមានចំនួនបុគ្គលិកចាប់ពី ៥០ ទៅ ៩៩ នាក់ សម្រាប់វិស័យសេវាកម្ម ឬពាណិជ្ជកម្ម ឬចាប់ពី ៥០ ទៅ​ ១៩៩ នាក់សម្រាប់វិស័យកសិកម្ម និង ឧស្សាហកម្ម ហើយត្រូវចូលក្នុងលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖

  • មានផលរបរប្រចាំឆ្នាំ៖
    • វិស័យកសិកម្ម៖ ចាប់ពី ១ ពាន់លាន ៤ ពាន់ រៀល ទៅ ៤ ពាន់លានរៀល (ប្រហែល ២៥,០០០១ ទៅ ១ លានដុល្លាអាមេរិក)
    • វិស័យឧស្សាហកម្ម៖ ចាប់ពី ១,៦០០ លាន ៤ ពាន់រៀល ទៅ ៨ ពាន់លានរៀល (ប្រហែល ៤០០,០០១ ទៅ​ ២ លានដុល្លាអាមេរិក)
    • វិស័យសេវាកម្ម ឬពាណិជ្ជកម្ម៖ ចាប់ពី ១ពាន់លាន ៤ ពាន់រៀល ទៅ ៦ ពាន់លានរៀល  (ប្រហែល ២៥,០០០១ ទៅ ១.៥ លានដុល្លាអាមេរិក)។

  • មានទ្រព្យសកម្មចាប់ពី ១ ពាន់លាន ៤ ពាន់ រៀល​ ទៅ ២ ពាន់លានរៀល (ប្រហែល ២៥,០០០១ ទៅ ៥០០,០០០ ដុល្លាអាមេរិក) សម្រាប់វិស័យកសិកម្ម និងសេវាកម្ម ឬពាណិជ្ជកម្ម ឬចាប់ពី ២ ពាន់លាន ៤ ពាន់រៀល​ ទៅ ៤ ពាន់លានរៀល (ប្រហែល ៥០០,០០១ ទៅ ១ លានដុល្លាអាមេរិក) សម្រាប់វិស័យឧស្សាហកម្ម។
  • ជាស្ថាប័នរដ្ឋាភិបាល បេសកកម្មការទូតនិងកុងស៊ុលបរទេស អង្គការនិងទីភ្នាក់ងារអន្តរជាតិ។

៣. អ្នកជាប់ពន្ធខ្នាតធំ

អាជីវកម្មដែលមានចំនួនបុគ្គលិកលើស​ពីប្រភេទអាជីវកម្មខាងលើ ហើយ ចូលក្នុងលក្ខខណ្ឌមួយក្នុងចំណោម លក្ខខណ្ឌខាងក្រោម៖

  • មានផលរបរប្រចាំឆ្នាំ៖
    • វិស័យកសិកម្ម៖ ចាប់ពី ៤ ពាន់លានរៀលឡើងទៅ (លើសពី ២៥០,០០០ ដុល្លាអាមេរិក)
    • វិស័យសេវាកម្ម ឬពាណិជ្ជកម្ម៖ ចាប់ពី ៦ ពាន់លានរៀលឡើងទៅ (លើសពី ១,៥ លានដុល្លាអាមេរិក)
    • វិស័យឧស្សាហកម្ម៖ ចាប់ពី ៨ ពាន់លានរៀលឡើងទៅ (លើសពី ២ លានដុល្លាអាមេរិក)

  • មានទ្រព្យសកម្មលើសពី ២ ពាន់លានរៀល (លើសពី ៥ សែនដុល្លាអាមេរិក) សម្រាប់វិស័យកសិកម្ម និងសេវាកម្ម ឬពាណិជ្ជកម្ម ឬលើសពី ៤ ពាន់លានរៀល (លើសពី ១ លានដុល្លាអាមេរិក) សម្រាប់វិស័យឧស្សាហកម្ម
  • ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬសាខារបស់ក្រុមហ៊ុនបរទេស
  • ជាអាជីវកម្មដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (Qualified Investment Project or QIP)

ប្រភេទពន្ធដែលបានរៀបរាប់ខាងលើនេះ សម្តៅទៅលើតែពន្ធលើធុរកិច្ចតែប៉ុណ្ណោះ។ ក្នុងការធ្វើបញ្ជីគណនេយ្យ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នក អ្នកទាំងអស់គ្នានឹងត្រូវបញ្ជូល និងប្រកាសពន្ធផ្សេងៗទៀតផងដែរ។ ការគ្រប់គ្រងហិរញ្ញវត្ថុក្នុងអាជីវកម្មមួយមិនមែនជារឿងងាយនោះទេ។ ប្រសិនបើអ្នកទាំងអស់គ្នានៅមានភាពស្រពិចស្រពិលអំពីកតព្វកិច្ចពន្ធរបស់ខ្លួន អេដមីនសូមណែនាំឲ្យអ្នកទាំងអស់គ្នា ទៅប្រឹក្សាជាមួយអ្នកជំនាញហិរញ្ញវត្ថុដែលមានជំនាញខាងពន្ធដារមុននឹងធ្វើការសម្រេចចិត្តអ្វីមួយ។

ប្រភព៖ https://advisers.tech/cambodian-tax-startups/ 

https://www.tax.gov.kh/u6rhf7ogbi6/gdtstream/5fb1b312-5e47-41c8-9344-abadf5e850c4https://
www.facebook.com/760964934260488/posts/1335251893498453/?d=n

ប្រភេទអ្នកជាប់ពន្ធនៅប្រទេសកម្ពុជា

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading