fbpx

ប្រសិនបើអ្នកឈ្នះឆ្នោត ១,០០០,០០០ រៀល ហើយក្រុមហ៊ុនឆ្នោតឱ្យជម្រើស ២ រវាងទទួលលុយថ្ងៃនេះ ឬចាំមួយឆ្នាំទៀតចាំបើក។ តើអ្នកនឹងជ្រើសរើសជម្រើសមួយណា?

#LuyBook គិតថាអ្នកទាំងអស់គ្នាប្រាកដជាចង់បានលុយនៅក្នុងដៃឆាប់ហើយមែនទេ? ត្រឹមត្រូវ ហើយមូលហេតុគឺថាយើងមិនអាចប្រៀបធៀបតម្លៃនៃលុយថ្ងៃនេះ ជាមួយតម្លៃលុយក្នុងឆ្នាំក្រោយបានទេ ព្រោះយើងមិនអាចដឹងពីតម្លៃលុយដែលទទួលបានក្នុងពេលផ្សេងគ្នាឡើយ បើទោះបីជាចំនួនទឹកប្រាក់ដូចគ្នាក៏ដោយ។ សួរថាហេតុអ្វី? ព្រោះលុយមានលក្ខណៈពិសេសមួយគឺឯកតាពេលវេលា (time unit)។ ជាមួយនឹងលុយនៅក្នុងដៃ យើងអាចដាក់វាឱ្យដំណើរការតាមដែលយើងពេញចិត្ត ពោលយើងអាចដាក់លុយយនៅក្នុងគណនីសន្សំ, ទិញសញ្ញាប័ណ្ណសាជីវកម្ម, ទិញភាគហ៊ុន, ទិញអចលនៈទ្រព្យ ជាដើម។ ហើយការធ្វើបែបនេះ យើងនឹងរកប្រាក់ត្រឡប់មកវិញ (ជាការប្រាក់ ឬផលចំនេញពីការកើនឡើងតម្លៃ) លើការវិនិយោគរបស់យើង។ ដូច្នេះ លុយដែលយើងមាននៅថ្ងៃនេះ នឹងមានតម្លៃដែលខុសពីពេលអនាគត ហើយជាមធ្យមគឺមានតម្លៃច្រើនជាងលុយក្នុងបរិមាណដូចគ្នានៅថ្ងៃអនាគត។ ក្នុងន័យនេះ នៅពេលដែលពិភាក្សារឿងលុយកាក់ យើងត្រូវចាំច្បាស់ថាលុយដែលទទួលបាននៅពេលវេលាផ្សេងៗគ្នា ពិតជាមានតម្លៃខុសគ្នា។

ជារួម គំនិតនេះត្រូវបានគេហៅថា “តម្លៃពេលវេលានៃប្រាក់ (Time Value of Money)” ដែលមានន័យថាលុយដែលយើងមាននៅពេលនេះ មានតម្លៃច្រើនជាងចំនួនដូចគ្នានាពេលអនាគត ដោយសារសក្តានុពលដែលលុយនោះអាចរកប្រាក់បន្ថែម។ គោលការណ៍សំខាន់នៃគំនិតនេះ គឺថាបើយើងទទួលបានប្រាក់កាន់តែឆាប់គឺកាន់តែមានតម្លៃច្រើនជាងពេលអនាគត។

ត្រឡប់មកសំនួរខាងលើរបស់យើងវិញ ប្រសិនបើអ្នកយកលុយបើកបានពីការឈ្នះឆ្នោតថ្ងៃនេះ ហើយដាក់ធនាគារក្នុងគណនីបញ្ញើមានកាលកំណត់ (fixed deposit) ជាមួយការប្រាក់ប្រមាណ ៥% នោះឆ្នាំក្រោយអ្នកនឹងមានលុយសរុបចំនួន ១,០៥០,០០០ រៀល។ ដូច្នេះ បើយោងតាមឧទាហរណ៍នេះ ១,០០០,០០០ រៀលថ្ងៃនេះ មានតម្លៃ ១,០៥០,០០០ ក្នុងរយៈពេលមួយឆ្នាំក្រោយ។

ទទួលលុយថ្ងៃនេះ ឬចាំឆ្នាំក្រោយ?

Leave a Reply

Scroll to top
%d bloggers like this: