តើអ្នកទើបរៀបការថ្មីថ្មោងមែនទេ? តើគួរទុកដាក់លុយបែបណា? និយាយទៅ គ្មានវិធីទុកដាក់លុយណាមួយដែលសាកសមសម្រាប់ ភរិយា និងស្វាមីគ្រប់គូនោះទេ។ សំខាន់ គឺត្រូវពិភាក្សាគ្នាថាតើទុកដាក់ចំណូល និងបែកចែកចំណាយណាដែលមានភាពស្មើគ្នា ហើយអ្នកទាំងពីរយល់ស្របជាមួយគ្នា។
អញ្ចឹង LuyBook នឺងចែករំលែកពីរបៀបនៃការទុកលុយ ៣ប្រភេទ និងគុណសម្បត្តិ និងគុណវិបត្តិរបស់ប្រភេទនីមួយៗ ហើយអ្នកទាំងអស់គ្នាអាចយកទៅថ្លឹងថ្លែងបាន៖
១. ទុកលុយដាច់គ្នា
គុណសម្បត្តិ៖ ភាគីម្នាក់ៗទទួលខុសត្រូវចំពោះទម្លាប់នៃចំណាយផ្ទាល់ខ្លួន និងការសងបំណុលដែលអ្នកខ្ចីពេលមុនរៀបការ។ ប្រសិនបើ ភាគីទាំងសងខាងរីករាយជាមួយនឹងការបែកចែកចំណាយផ្សេងៗ វិធីសាស្រ្តនៃការគ្រប់គ្រងប្រាក់នេះគឺ“ យុត្តិធម៌បំផុត” ហើយអ្នកទំនងជាមិនប្រកែកនឹងការចាយវាយរបស់ប្តី ឬប្រពន្ធរបស់អ្នកឡើយ។
គុណវិបត្តិ៖ វិធីសាស្រ្តនៃទុកលុយនេះនឹងមានភាពពិបាកប្រសិនបើអ្នកមានកូន ដែលធ្វើឲ្យការបែកចែកចំណាយឲ្យស្មើគ្នាមានភាពស៊ាំញ៊ាំ។ ម្យ៉ាងទៀត ប្រសិនបើអ្នក ឬដៃគូអ្នកចង់ផ្លាស់ប្តូរអាជីព ឬត្រឡប់ទៅរៀនវិញ ហើយមិនមានចំណូល ឬរកចំណូលបានតិចជាងមុន អ្នកនឹងអាចមានភាពពិបាកក្នុងការបែកចែកចំណាយឱ្យស្មើគ្នា
២. ទុកលុយរួមគ្នា
គុណសម្បត្តិ៖ វិធីនេះ មានភាពងាយស្រួលក្នុងការតាមដានចំណូល និងចំណាយ ហើយមិនបាច់បែងចែកថាអ្នកណាត្រូវចេញចំណាយមួយណា នោះទេ។
គុណវិបត្តិ៖ បើមានអ្នកណាម្នាក់ទម្លាប់ចាយច្រើនជាង វាអាចនាំឱ្យមានការអាក់អន់ចិត្តរវាងគ្នានឹងគ្នា ជាពិសេសប្រសិនបើដៃគូម្នាក់រកចំណូលបានច្រើនជាង។ ម្យ៉ាងទៀត ពេលខ្លះ ក៏ពិបាកដែរបើអ្នកចង់ទិញកាដូ surprise ដល់ដៃគូអ្នក។
៣. ដាក់លុយមួយចំនួនចូលគ្នា និងទុកមួយចំនួនដោយឡែក
គុណសម្បត្តិ៖ វិធីនេះ ធ្វើឱ្យអ្នកមានភាពងាយស្រួលក្នុងការតាមដានចំណូលនៅក្នុងគណនីធនាគាររួម ហើយអ្នកមិនចាំបាច់ឈឺក្បាលក្នុងការបែកចែកចំណាយរួមឱ្យសមមាត្រទៅនឺងចំណូលរៀងៗខ្លួននោះទេ។ ម្នាក់ៗមានសេរីភាពក្នុងការទិញអ្វីដែលអ្នកចង់បានដោយមិនចាំបាច់ពិភាក្សាជាមួយដៃគូរបស់អ្នកនោះទេ ប៉ុន្តែអ្នកក៏មានកញ្ចប់ថវិកាមួយជាមួយគ្នាសម្រាប់ការវិនិយោគរួមគ្នា គោលដៅរួមគ្នា និងការចូលនិវត្តន៍ផងដែរ។
គុណវិបត្តិ៖ វិធីសាស្រ្តនេះ ធ្វើឱ្យអ្នកមានភាពងាយស្រួលតាមដានចំណូល ចំណាយ ប៉ុន្តែវាទាមទារ ឱ្យមានការបើក និងគ្រប់គ្រងគណនីធនាគារពីរ។ ប្រសិនបើអ្នកទាំងពីរ រកចំណូលបានខុសគ្នា អ្នកទាំងពីរនឹងត្រូវសម្រេចសម្រួលគ្នាថាតើ ម្នាក់ៗត្រូវដាក់លុយប៉ុន្មានរួមគ្នាដើម្បីឱ្យមានភាពយុត្តិធម៌។
សរុបមក អ្វីដែលសំខាន់គឺត្រូវ ផ្ដល់សេរីភាពទៅគ្នាគ្រប់គ្រាន់ក្នុងការចាយវាយ មានតម្លាភាព ជាមួយគ្នា មិនត្រូវព្យាយាមលាក់បាំង ឬកុហក។ ជាពិសេស គឺត្រូវមានគោលដៅហិរញ្ញវត្ថុរួមគ្នាមួយ ដែលអ្នកទាំងពីរព្យាយាមដើរឆ្ពោះទៅជាមួយគ្នា។