fbpx

ខណៈពេលដែលមនុស្សចាប់ផ្តើមមានចិត្តចង់ផ្តោតលើការសម្រេចគោលដៅហិរញ្ញវត្ថុផ្សេងៗ មនុស្សជាច្រើនមិនបានសម្រេចគោលដៅរបស់ខ្លួននោះទេ។ ហើយនេះគឺជាទម្លាប់អាក្រក់ ៩ យ៉ាងដែលនឹងរារាំងអ្នកពីការឈានដល់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។

១.មិនមានផែនការច្បាស់លាស់៖

ខ្វះផែនការហិរញ្ញវត្ថុមានន័យថា អ្នកមិនមានការផ្តោតអារម្មណ៍ ហើយអ្នកអាចងាយនឹងធ្វើអ្វីមិនខុសពីការគ្រោងទុក។ ការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Scranton បានបង្ហាញថាមនុស្ស ៩២ ភាគរយ ដែលមិនបានសម្រេចគោលដៅរបស់ពួកគេប គឺដោយសារមិនមានផែនការច្បាស់លាស់តែម្ដង។

២.កំណត់គោលដៅមិនសមស្រប៖

មនុស្សភាគច្រើនមានគោលដៅមិនសមស្របសម្រាប់គោលដៅហិរញ្ញវត្ថុរបស់ខ្លួន មានន័យថាគោលដៅនោះទូលំទូលាយពេក ឬបំផ្លើសដោយគ្មានពេលវេលា និងកាលវិភាគច្បាស់លាស់សម្រាប់ឈានទៅរកភាពជោគជ័យ។ ដូច្នេះ អ្នកគួរកំណត់គោលដៅរយៈពេលខ្លី ដើម្បីឈានដល់ការសម្រេចគោលដៅរយៈពេលវែង។ អ្នកអាចកំណត់ជាជំហានតូចៗ សម្រាប់ការអនុវត្តជាក់ស្តែង ហើយពេលដែលសម្រេចបានជំហាននីមួយៗ អ្នកនឹងមានទឹកចិត្តព្យាយាមបន្តសម្រេចដល់គោលដៅចុងក្រោយ។

៣.កង្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ៖

មនុស្សមួយចំនួនធំ ខ្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ អ្នកគួរបើកចិត្តឱ្យទូលាយ ដើម្បីទទួលបានបទពិសោធន៍ល្អៗពីមនុស្សជុំវិញខ្លួន ទាំងការទំនាក់ទំនង, ភាពច្នៃប្រឌិត និងបុគ្គលិកលក្ខណៈ ជាពិសេសពីបុគ្គលដែលមានចំណូលចិត្ត ឬគោលដៅដូចអ្នកផ្ទាល់។ អ្នកគួរអានសៀវភៅ មើលព័ត៌មាន និងតាមដានបញ្ហាផ្សេងៗ ដែលកំពុងកើតមាននៅក្នុងវិស័យហិរញ្ញវត្ថុ។

៤.មិនមានភាពអត់ធ្មត់៖

មនុស្សភាគច្រើនចាប់ផ្តើមស្វែងរកគោលដៅហិរញ្ញវត្ថុរបស់ពួកគេ ដោយមានទំនុកចិត្តខ្ពស់ ប៉ុន្តែបន្ទាប់ពីមួយរយៈពេលមក ពួកគេអាចជួបប្រទះនូវឧបសគ្គដែលខុសពីការរំពឹងទុក និងការលំបាកផ្សេងទៀតដែលតម្រូវឱ្យមានភាពអត់ធ្មត់ និងតស៊ូព្យាយាម។ ដើម្បីឈានដល់គោលដៅផ្នែកហិរញ្ញវត្ថុ វាត្រូវការពេលវេលា ដូចនេះ ត្រូវប្រាកដថា អ្នកមានភាពអត់ធ្មត់ជានិច្ច។

៥.កង្វះការប្រកាន់ខ្ជាប់វិន័យ៖

គ្មានអ្វីអាចសម្រេចបានដោយគ្មានការប្រកាន់វិន័យនោះឡើយ។ ជ្រើសរើសយុទ្ធសាស្ត្រ និងគោលការណ៍របស់អ្នកដើម្បីសម្រេចគោលដៅ ហើយរៀបចំជាវិន័យផ្ទាល់ខ្លួនដើម្បីប្រកាន់ខ្ជាប់។ ភាពជោគជ័យ គឺជាលទ្ធផលនៃការខិតខំប្រចាំថ្ងៃ ហើយមិនត្រឹមតែជាសមិទ្ធិផលតែមួយពេលប៉ុណ្ណោះទេ។ ឧទាហរណ៍ អ្នកជាមនុស្សដែលចូលចិត្តចំណាយច្រើន ក្នុងការទិញឥវ៉ាន់បើទោះបីជារបស់មិនត្រូវការក៏ដោយ នោះអ្នកអាចកំណត់វិន័យឱ្យខ្លួនឯង មិនសូវទៅទិញឥវ៉ាន់ញឹកញាប់ឬព្យាយាមរំលឹកខ្លួនឯងពេលទិញអ្វីលើសកំណត់ និងមិនសមស្រប។

៦. ការមិនព្រមធ្វើការផ្លាស់ប្ដូរ៖

ការផ្លាស់ប្តូរ មិនដែលងាយស្រួលទេ។ អ្នកមិនអាចសម្រេចបានអ្វីដែលថ្មី ដោយរក្សាទម្លាប់ដដែលនោះឡើយ។ ដូចនេះការសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នក នឹងតម្រូវឱ្យអ្នកលះបង់ទម្លាប់ណាមួយរបស់ខ្លួនចេញដូចជាឧទាហរណ៍ខាងលើជាដើម។

៧.ខ្វះភាពច្នៃប្រឌិត៖

គិតដោយច្នៃប្រឌិតអំពីរបៀបដែលអ្នកនឹងធ្វើឱ្យខ្លួនអ្នកផ្លាស់ប្ដូរ និងដើម្បីឱ្យអ្នកសម្រេចគោលដៅបានទាន់ពេលវេលា។ មិនតែប៉ុណ្ណោះ ភាពច្នៃប្រឌិតនេះហើយ អាចកាត់បន្ថយពេលវេលារបស់អ្នកសម្រាប់ការសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នកបាន។

៨.ស្តីបន្ទោសអ្នកដទៃអំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក៖

ការស្តីបន្ទោស គឺជាទម្លាប់អាក្រក់មួយ ពីព្រោះវាផ្តល់អំណាចនិងការគ្រប់គ្រងរបស់អ្នកទៅ “ កម្លាំង” ខាងក្រៅខ្លួន ខណៈដែលការពិត គឺមានតែខ្លួនឯងម្នាក់គត់ជាអ្នកគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុ និងធ្វើការសម្រេចចិត្តខ្លួនឯង។ ដូច្នេះ វាគឺជាខ្លួនអ្នកផ្ទាល់ដែលសម្រេចចិត្តថា តើត្រូវវិនិយោគលើខ្លួនឯង ឬវិនិយោគលើអ្វី និងធ្វើអ្វីខ្លះ ដើម្បីឈានដល់គោលដៅហិរញ្ញវត្ថុរបស់អ្នក។

៩.ការពន្យារពេល (procrastination)៖

ឧបសគ្គចម្បងចំពោះភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់អ្នក គឺពាក្យថា “ចាំមួយភ្លែត ឬមួយថ្ងៃមិនអីទេ” ដែលអ្នកអនុវត្តខុសវិន័យនឹងផែនការរបស់ខ្លួន។ ពេលវេលាមួយថ្ងៃកន្លងផុតទៅយ៉ាងរហ័ស ហើយអ្នកអាចនឹងស្ដាយក្រោយដែលមិនបានសម្រេចជំហានតូចមួយប្រចាំថ្ងៃដើម្បីឈានដល់គោលដៅខ្លួនបាន។ ដូចនេះ រាល់ពេលដែលអ្នកមានអារម្មណ៍ថាចង់ពន្យារពេល សូមដាស់តឿនខ្លួនឯង និងសម្រេចចិត្តធ្វើវាជាបន្ទាន់។

ទម្លាប់អាក្រក់ទាំង ៩ រារាំងអ្នកមិនឱ្យសម្រេចគោលដៅហិរញ្ញវត្ថុ

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading