ធ្លាប់តែលឺគេនិយាយថា Fintech រហូត, តែមិនទាន់ដឹងច្បាស់ថាពាក្យហ្នឹងមានន័យដូចម្ដេច ឬសំដៅទៅលើអ្វីសោះ។ ដើម្បីឱ្យអស់ចម្ងល់នេះ, ថ្ងៃនេះ #LuyBook នឹងនាំអ្នកទាំងអស់គ្នាឱ្យយល់បន្ថែមពីពាក្យមួយនេះ។
Fintech គឺជាពាក្យមួយដែលត្រូវបានប្រើតំណាងឱ្យ “បច្ចេកវិទ្យាហិរញ្ញវត្ថុ” ដែលជាវិស័យមួយដែលប្រើប្រាស់បច្ចេកវិទ្យាគ្រប់ប្រភេទដើម្បីផ្ដល់សេវាកម្មផ្នែកហិរញ្ញវត្ថុ។ ជាទូទៅ Fintech ត្រូវបានគេប្រើប្រាស់ដើម្បីជួយក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ឬប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ ឱ្យកាន់តែមានភាពងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃ ដោយប្រើប្រាស់ software និង algorithms នៅក្នុងកំព្យូទ័រ ឬទូរស័ព្ទដៃស្មាតហ្វូនរបស់ពួកគេ។
តើអ្វីខ្លះដែលគេចាត់ទុកថាជា Fintech?
១. ថ្នាលក្រោដហ្វាន់ឌីង (crowdfunding platform): ថ្នាលនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់អ៊ិនធឺណិត និងអ្នកប្រើប្រាស់កម្មវិធីទាំងអស់ អាចផ្ញើឬទទួលប្រាក់ពីអ្នកដទៃបាន ដែលមានន័យថាបុគ្គល ឬអាជីវកម្មអាចប្រមូលផ្ដុំជាមូលនិធិពីប្រភពផ្សេងៗគ្នាជាច្រើន ក្នុងគោលបំណងផ្សេងៗដូចជាមូលនិធិគម្រោងធុរកិច្ចបង្កើតថ្មី, គម្រោងជួយសង្គម ឬជាទម្រង់បរិច្ចាគក៏មាន។ ឧទាហរណ៍មានដូចជា Kickstarter, Patreon, GoFundMe ជាដើម។
២. ការទូទាត់តាមទូរស័ព្ទស្មាតហ្វូន៖ ការប្រើប្រាស់បច្ចេកវិទ្យាស្មាតហ្វូនកាន់តែទំនើបខ្លាំងឡើងៗ ដែលយើងឃើញថាមានសេវាកម្មជាច្រើនបានលេចចេញ និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរប្រាក់ និងទូទាត់តាមអ៊ីនធើណិត ឬលើទូរស័ព្ទចល័ត។ ឧទាហរណ៍ៈ PiPay, ABAPay, WingPay, AliPay ជាដើម។
៣. ធានារ៉ាប់រង៖ ជាទូទៅនេះសំដៅទៅលើ “Insurtech” ដែលជាការរួមបញ្ចូលគ្នានៃពាក្យ “ធានារ៉ាប់រង” និងពាក្យ “បច្ចេកវិទ្យា”។ ជាទូទៅ ក្រុមហ៊ុនធានារ៉ាប់រងប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីសម្រួលប្រតិបត្តិការ និងផ្ដល់សេវាកម្មផ្នែករដ្ឋបាលជូនអតិថិជន តាមរយៈកម្មវិធីស្មាតហ្វូន, ការទទួលយកសំណងដោយបំពេញបែបបទតាមអនឡាញ, ការផ្ដល់ព័ត៌មានពីគោលការណ៍របស់ក្រុមហ៊ុន ជាដើម។ មិនតែប៉ុណ្ណោះ Insurtech នេះគឺជាបច្ចេកវិទ្យាមួយដែលក្រុមហ៊ុនធានារ៉ាប់រងប្រើ ដើម្បីប្រមូល និងវិភាគទិន្នន័យរបស់អតិថិជន ក្នុងគោលបំណងទាក់ទាញអតិថិជនគោលដៅ ជាមួយតម្លៃសមស្របទៅតាមអតិថិជននីមួយៗ។ ឧទាហរណ៍: Bidu, Kakau ជាដើម។
៤. Robo-Advising: គឺជាការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យគ្រប់គ្រងទ្រព្យសម្បត្តិ (asset management) ដោយផ្តល់អនុសាសន៍លើទ្រព្យសកម្ម ដោយប្រើប្រាស់មូលដ្ឋាន algorithms សម្រាប់ការគ្រប់គ្រងផលប័ត្រ (portfolio) ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព និងកាត់បន្ថយចំណាយ។ ឧទាហរណ៍: Etoro, Betterment, Ellevest ជាដើម។
៥. កម្មវិធីជួញដូរភាគហ៊ុន៖ ជាមួយនឹងភាពច្នៃប្រឌិតខ្ពស់ និងនវានុវត្តន៍ យើងឃើញមានកម្មវិធីជាច្រើនដែលជាថ្នាលសម្រាប់ទិញ-លក់ភាគហ៊ុន ដែលវិនិយោគិនបុគ្គល អាចចូលក្នុងផ្សារមូលប័ត្រដោយផ្ទាល់។ ឧទាហរណ៍ៈ Robinhood, Ameritrade, Tradestation, MTS របស់ផ្សារមូលប័ត្រកម្ពុជា ជាដើម។
៦. កម្មវិធីថវិកា (budgeting app)៖ មានកម្មវិធីជាច្រើនដែលផ្ដល់សេវាកម្មហិរញ្ញវត្ថុជូនអតិថិជន អាចតាមដានសាច់ប្រាក់ ទាំងចំណូល និងចំណាយ ព្រមទាំងរៀបចំថវិកាឱ្យកាន់តែងាយស្រួល ដោយមិនចាំបាច់កត់បញ្ជីដោយដៃទៀតឡើយ។ ឧទាហរណ៍: Mint, EveryDollar, Goodbudget, Money Lover ជាដើម។
៧. Cryptocurrency: រូបិយប័ណ្ណ Crypto គឺជាប្រភេទរូបិយប័ណ្ណឌីជីថល ដែលត្រូវបានគេបង្កើតឡើងដើម្បីរក្សាសុវត្ថិភាពដល់ការធ្វើប្រតិបត្តិការសាច់ប្រាក់ ដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain ដើម្បីលាក់ទុកនូវពត៌មានសំខាន់ៗចូលទៅក្នុងនោះ។ ហើយប្រតិបត្តិការទិញលក់រូបិយប័ណ្ណប្រភេទនេះ មិនស្ថិតនៅក្រោមធនាគារកណ្ដាលឡើយ។ ថ្នាលទីផ្សាររូបិយប័ណ្ណ Crypto មានដូចជា Kraken, Bitfinex, Coinbase និង Gemini ជាដើម ដែលភ្ជាប់អ្នកប្រើប្រាស់ទៅទិញឬលក់រូបិយប័ណ្ណ crypto ដូចជា bitcoin, Litecoin, Ethereum, Zcash, Dash, Ripple, Monero ជាដើម។