fbpx

សម្រាប់មនុស្សដែលមានអាយុ ២០ ក្រាស់ ឬកំពុងគិតចង់ចាប់ផ្តើមបង្កើតគ្រួសារ, ការទិញផ្ទះដំបូងត្រូវបានគេគិតថាជាជំហានមួយដ៏សំខាន់ និងចាំបាច់នៅក្នុងជីវិត។ ពួកគេទទួលសម្ពាធជាច្រើនពីក្រុមគ្រួសារក្នុងការទិញផ្ទះ។ គំនិតមួយដែលដក់ជាប់ជាមួយមនុស្សគ្រប់គ្នា គឺ “ការទិញផ្ទះ តែងតែល្អជាងការជួល។ ពេលជួលផ្ទះ រាល់ខែត្រូវបង់លុយឱ្យគេ ហើយផ្ទះនៅតែជារបស់គេ តែបើទិញផ្ទះ រឺបង់រំលួសផ្ទះហាក់ដូចជាយើងកំពុងសន្សំលុយ និងវិនិយោគជាមួយផ្ទះអញ្ចឹង។” តើគំនិតនេះ ត្រឹមត្រូវរាល់កាលៈទេសៈដែរ ឬទេ?

នៅក្នុងអត្ថបទនេះ #LuyBook នឹងបកស្រាយចម្ងល់របស់អ្នកទាំងអស់គ្នា ។

ឧបមាថា សីហា និងកញ្ញា កំពុងរកទិញផ្ទះមុនពេលរៀបការ។ ពួកគេបានរកឃើញផ្ទះពីរដូចគ្នា ដែលមួយជួលក្នុងតម្លៃ ៤០០ ដុល្លារក្នុងមួយខែ (៤,៨០០ ដុល្លារក្នុងមួយឆ្នាំ) និងផ្ទះមួយទៀតលក់ក្នុងតម្លៃ ១០០,០០០ ដុល្លារ។

ដើម្បីប៉ាន់ស្មានថាគួរជ្រើសយកជម្រើសណា សីហា និងកញ្ញា ធ្វើការគណនាតម្លៃផ្ទះធៀបនឹងថ្លៃជួលក្នុងមួយឆ្នាំ។

សមាមាត្រថ្លៃផ្ទះទៅនឹងថ្លៃជួល = តម្លៃផ្ទះ / ថ្លៃជួលក្នុងមួយឆ្នាំ

វាគឺជាការវាស់សាមញ្ញមួយ ដែលឆ្លើយសំណួរសំខាន់ៗចំនួនពីរ៖ ១) តើខ្ញុំអាចមានលទ្ធភាពវិនិយោគលើអចលនទ្រព្យនៅក្នុងទីផ្សារនេះបានទេ? ២)ហើយឥឡូវនេះជាពេលវេលាដ៏ល្អដើម្បីធ្វើការទិញឬទេ?

យើងដឹងហើយថាទីតាំង និងពេលវេលានៃទីផ្សារ គឺជាកត្តាសំខាន់ដើម្បីទទួលបានជោគជ័យក្នុងអចលនទ្រព្យ។

សីហា និងកញ្ញា គណនាតាមរូបមន្តខាងលើ ហើយទទួលបានសមាមាត្រគឺ ២០.៨ ។ តើសមាមាត្រនេះ សាកសមសម្រាប់ សីហា និងកញ្ញា ពិចារណាក្នុងការទិញផ្ទះនេះទេ?

សមាមាត្រដែលគណនា នឹងស្ថិតនៅក្នុងចំណាត់ថ្នាក់បីប្រភេទ៖

  • ១៥ ចុះក្រោម – ទាប ៖ បង្ហាញថាតម្លៃផ្ទះជាមធ្យមមានតម្លៃថោក បើប្រៀបធៀបទៅនឹងតម្លៃជួលប្រចាំឆ្នាំ មានន័យថាវាជាការប្រសើរក្នុងការទិញផ្ទះជាជាងជួលផ្ទះ។
  • ចាប់ពី ១៦ ដល់ ២០ – ល្មម ៖ បង្ហាញថាតម្លៃផ្ទះជាមធ្យមខ្ពស់ បើប្រៀបធៀបទៅនឹងការជួល ដូច្នេះវាជាការប្រសើរក្នុងការជួលអចលនទ្រព្យជំនួសឱ្យការទិញ (ប៉ុន្តែបើមានកត្តាល្អមួយចំនួន ក៏អាចពិចារណសទិញបាន)។
  • ២១ និងខ្ពស់ជាងនេះ – ខ្ពស់ ៖ បង្ហាញថាតម្លៃផ្ទះមានតម្លៃថ្លៃពេក បើប្រៀបធៀបទៅនឹងថ្លៃជួលមធ្យមនៅក្នុងទីផ្សារអចលនទ្រព្យ ដូច្នេះអ្នកគួរតែជ្រើសរើសជួលហើយកុំទិញវា។

ជាមួយចំណេះដឹងនេះ សីហា និងកញ្ញា បានសំរេចចិត្តជួល និងវិនិយោគលុយដែលនៅសល់ពីការមិនទិញផ្ទះទៅក្នុង S&P 500 index fund ដែលទទួលបានផលចំណេញជាមធ្យម ១០% ក្នុងមួយឆ្នាំ ហើយពួកគេរង់ចាំរហូតដល់ទីផ្សារផ្ទះចុះថ្លៃបន្តិច ឬរហូតដល់ខ្លួនរកឃើញផ្ទះ ដែលមានទីតាំងល្អ និង សមាមាត្រថ្លៃផ្ទះទៅនឹងថ្លៃជួលក្រោម ១៥ ទើបធ្វើការទិញ។

ក្នុងករណីនេះការជួល គឺជាជម្រើសល្អសម្រាប់ សីហា និងកញ្ញា។ ប៉ុន្តែមិនមានន័យថា វាជាជម្រើសប្រសើរសម្រាប់មនុស្សគ្រប់គ្នានោះទេ! ប្រសិនបើអ្នកមិនមានយុទ្ធសាស្រ្តច្បាស់លាស់ អ្នកអាចនឹងមានអារម្មណ៍ថាអ្នកកំពុងបោះលុយចោលទៅលើការជួលផ្ទះ។ ប៉ុន្តែប្រសិនបើអ្នកមានការប្រុងប្រយ័ត្ន និងរក្សាថ្លៃបង់ផ្ទះឱ្យទាប ហើយវិនិយោគលុយដែលអ្នកសន្សំបានទៅលើជម្រើសដែលផ្តល់ផលចំណេញច្រើនជាងការទិញផ្ទះ វាអាចជាជម្រើសមួយក្នុងរយៈពេលខ្លី ឬមធ្យមដែលអ្នកអាចពិចារណាបាន ទំរាំដល់អ្នកអាចរកឃើញជម្រើសល្អសម្រាប់ទិញ ។

គួរទិញ ឬជួលផ្ទះ?

Leave a Reply

Scroll to top
%d bloggers like this: