សាកសួរខ្លួនឯងទៅមើលថា តើអ្នកនឹងចង់ធ្វើអ្វីប្លែកពីជីវិតរាល់ថ្ងៃ ប្រសិនបើលុយមិនមែនជាបញ្ហា? តើអ្នកនឹងចំណាយពេលវេលារបស់អ្នកយ៉ាងដូចម្តេច?
មនុស្សម្នាក់ៗតែងមានជំនឿ និងដាក់កំហិតជាច្រើនទៅលើអ្វីដែលគេគិតថាអាច និងមិនអាចធ្វើបានក្នុងជីវិត។ ហើយជាលទ្ធផលពួកគេមិនអើពើនឹងសម្លេងខាងក្នុង និងវិចារណញាណ (intuition) របស់ពួកគេ។ ពួកគេព្រងើយកន្តើយចំពោះទេពកោសល្យ និងអំណោយពីធម្មជាតិដ៏មានតម្លៃរបស់ខ្លួន ហើយចាប់ផ្តើមធ្វើអ្វីដែលគេគិតថានឹងនាំផ្លូវទៅរកប្រាក់ចំណូលច្រើន បើទោះបីជាគេមិនសប្បាយចិត្តនឹងធ្វើវាក៏ដោយ។ ពួកគេហាក់គិតថានេះជាអ្វីដែលសង្គមប្រាប់ថា ជារឿងត្រឹមត្រូវដែលពួកគេគួរតែដើរតាម។
អ្នកអាចមានលុយទាំងអស់នៅលើពិភពលោក ប៉ុន្តែប្រសិនបើអ្នកមិនឱ្យតម្លៃ និងផ្តល់កិត្តិយសដល់ខ្លួនឯង និងផ្លូវជីវិតរបស់អ្នក ព្រមទាំងមិនរស់នៅស្របទៅនឹងគោលបំណងជីវិតរបស់អ្នក, អ្នកនឹងមិនមានភាពរីករាយពិតប្រាកដ ឬមានអារម្មណ៍ថាស្កប់ស្កល់នោះទេ។ អ្នកនឹងមានអារម្មណ៍ថា ជីវិតអ្នកនៅតែខ្វះអ្វីម្យ៉ាង…
លុយគួរតែជាសមិទ្ធផលបន្ទាប់បន្សំ ដែលអ្នកទទួលបានបន្ទាប់ពីធ្វើអ្វីដែលអ្នកពេញចិត្ត។ ហើយដូចលោក Alan Watts បានពន្យល់ថា “ ប្រសិនបើអ្នកនិយាយថាការរកលុយគឺជាអ្វីដែលសំខាន់បំផុត អ្នកនឹងខ្ជះខ្ជាយពេលវេលាពេញមួយជីវិតដើម្បីដេញតាមវា។ សុខចិត្តរស់នៅរយៈពេលខ្លី តែពោរពេញទៅដោយអ្វីដែលអ្នកចូលចិត្តធ្វើ ប្រសើរជាងមានជីវិតដ៏យូរអង្វែង ប៉ុន្តែចំណាយដើរលើផ្លូវដ៏វេទនា។”