fbpx

អ្នកណាៗក៏ចង់ក្លាយជាម្ចាស់អចលនទ្រព្យមួយដែរមែនទេ?

តែធ្លាប់ឮគេថា ក្រដោយសារទិញផ្ទះអត់? តើវាមានន័យដូចម្តេច? ថ្ងៃនេះ #LuyBook នឹងចែករំលែកជាមួយអ្នកទាំងអស់គ្នា។

“ក្រដោយសារទិញផ្ទះ” គឺជាស្ថានភាពមួយ ដែលមនុស្សម្នាក់ចំណាយប្រាក់ចំណូលរបស់គេមួយភាគធំទៅលើថ្លៃចំណាយទាក់ទងនឹងផ្ទះ រួមមានការបង់រំលស់ផ្ទះ, ពន្ធ, ការជួសជុល និងថែទាំផ្ទះ, ទឹក ភ្លើង និងថ្លៃផ្សេងៗ។ វាធ្វើឱ្យពួកគេសឹងតែមិនមានប្រាក់នៅសល់សម្រាប់មុខចំណាយផ្សេងៗ ។ ដើម្បីចៀសវាងបញ្ហានេះ អ្នកប្រឹក្សាហិរញ្ញវត្ថុតែងណែនាំឱ្យអ្នកដែលទិញផ្ទះដោយបង់រំលស់ ចំណាយមិនលើសពី ៣០% នៃប្រាក់ចំណូលសរុបប្រចាំខែរបស់ពួកគេទៅលើថ្លៃផ្ទះជារៀងរាល់ខែ។

គិតថាអ្នកអាចនឹងស្ថិតនៅក្នុងក្រុមអ្នកក្រដោយសារទិញផ្ទះនេះឬទេ? មានសូចនាករមួយចំនួន ដែលនឹងបង្ហាញថាអ្នកកំពុងចំណាយច្រើនពេកលើការទិញផ្ទះ ដោយមិនគិតពីសុវត្ថិភាពហិរញ្ញវត្ថុរបស់ខ្លួន។

១. អ្នកព្រួយបារម្ភជាប្រចាំ ថាតើអ្នកនឹងអាចមានលទ្ធភាពបង់រំលស់ប្រាក់កម្ចីប្រចាំខែដែរឬទេ

២. អ្នកឧស្សាហ៍ដកលុយសន្សំ ដើម្បីអាចទូទាត់ថ្លៃបង់រំលស់ផ្ទះប្រចាំខែឱ្យគ្រប់

៣. អ្នកមិនមានថវិកាសម្រាប់ពេលអាសន្ន ហើយក៏មិនមានចំណូលគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមបង្កើតកញ្ចប់នេះដែរ

៤. អ្នកមិនមានលំហូរថវិកា សម្រាប់ដាក់ទៅក្នុងកញ្ចប់ប្រាក់ចូលនិវត្តន៍ទេ

៥. អ្នកមានបំណងប្រាថ្នា ឬតម្រូវការផ្សេងៗ ដែលអ្នកមិនមានលទ្ធភាពអាចធ្វើបាន ដោយសារលុយរកបានប៉ុន្មាន ត្រូវបង់ទៅបំណុលផ្ទះអស់

៦. អ្នកចំណាយមួយភាគធំនៃប្រាក់ចំណូលរបស់អ្នកទៅលើផ្ទះ (លើស ៣០% នៃចំណូលប្រចាំខែ)

ដើម្បីជៀសវាងធ្លាក់ខ្លួនទៅក្នុងស្ថានភាពក្រដោយសារផ្ទះ អ្នកគួរតែព្យាយាមរកទិញលំនៅដ្ឋាន ដែលមានតម្លៃសមរម្យសាកសមនឹងកញ្ចប់ថវិការបស់អ្នក ។ អ្នកក៏ត្រូវពិចារណាលើតម្រូវការចំណាយចាំបាច់ផ្សេងៗ និងបំណុលដែលខ្លួនកំពុងមានផងដែរ។

ការរងចាំបន្តិចឱ្យមានប្រាក់សន្សំច្រើន មុននឹងទិញផ្ទះក៏អាចជួយឱ្យអ្នកជៀសផុតពីភាពក្រីក្រដោយសារផ្ទះបានដែរព្រោះនៅពេលអ្នកមានប្រាក់តម្កល់ពេលទិញផ្ទះកាន់តែច្រើន (down payment) អ្នកនឹងកាត់បន្ថយចំនួនទឹកប្រាក់ដែលអ្នកត្រូវខ្ចីសម្រាប់បង់រំលស់ ហើយអាចគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនបានល្អជាងមុន។

ប្រយ័ត្នក្រដោយសារទិញផ្ទះ

Leave a Reply

Scroll to top
%d bloggers like this: