មហាសេដ្ឋីចិន Jack Ma បាត់ខ្លួនពីវេទិការសាធារណៈអស់រយៈពេលប្រមាណ ៣ខែ បន្ទាប់ពីការបង្ហាញខ្លួនរបស់លោកលើវេទិកា Bund Summit នៅទីក្រុងសៀងហៃ កាលពីថ្ងៃទី ២៤ តុលា ឆ្នាំ ២០២០ កន្លងទៅ។ នៅក្នុងវេទិកានោះ លោកបានធ្វើឱ្យអាជ្ញាធរអាក់អន់ស្រពន់ចិត្ត ដោយលោកបានរិះគន់និយ័តករវិស័យហិរញ្ញវត្ថុប្រទេសចិន ថារារាំងការច្នៃប្រឌិត ហើយធនាគាររដ្ឋធំៗគឺមានចរិតជាហាងបញ្ចាំ។
ការិះគន់នេះបានធ្វើឲ្យ ក្រុមហ៊ុនពាណិជ្ជកម្មតាមអនឡាញ Alibaba និងក្រុមហ៊ុនបណ្ដាញរបស់ខ្លួនគឺ Ant Group បានក្លាយជាផ្ទាំងស៊ីបរបស់អាជ្ញាធរចិន។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Ant Group ភាគច្រើនគេស្គាល់ដោយប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចដ៏ធំពោលគឺ Alipay តែក៏មានផ្ដល់សេវាកម្មផ្សេងៗដូចជា ផលិតផលវិនិយោគ, ការផ្ដល់កម្ចី និងធនាគារអនឡាញ ជាដើម។ ជាការដាក់សម្ពាធរបស់អាជ្ញាធរ, កាលពីដើមខែវិច្ឆិកា អាជ្ញាធរគ្រប់គ្រងទីផ្សារមូលប័ត្រចិន បានសម្រេចមិនអនុញ្ញាតឱ្យក្រុមហ៊ុន Ant Group ដែលមានតម្លៃ ៣៧ លានដុល្លារ ធ្វើការបោះផ្សាយមូលបត្រដំបូង (IPO) នៅផ្សារមូលប័ត្រហុងកុង និងសៀងហៃឡើយ បើទោះបី IPO នេះត្រូវបានរំពឹងទុកថាជា IPO ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រក៏ដោយ។ បន្តទៀត កាលពីចុងខែធ្នូ និយតករចិនក៏បានបើកការស៊ើបអង្កេតប្រឆាំងនឹងការធ្វើពាណិជ្ជកម្មផ្ដាច់មុខ (Anti-Monopoly) លើក្រុមហ៊ុន Alibaba ហើយនឹងសាកសួរមន្ត្រីក្រុមហ៊ុន Ant Group អំពីការអនុវត្តន៍គោលការណ៍ប្រកួតប្រជែង និងការការពារអ្នកប្រើប្រាស់ផងដែរ។
លោក Jack Ma បានចូលនិវត្តន៍ និងលាលែងពីតួនាទីជាម្ចាស់ក្រុមហ៊ុន តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ហើយងាកមកបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍ និងកម្មវិធីសប្បុរសធម៌ផ្សេងៗជាសាធារណៈវិញ ប៉ុន្តែលោកនៅតែមានឥទ្ធិពលខ្លាំងលើក្រុមហ៊ុន Alibaba និង Ant Group ដដែល ព្រោះលោកជាម្ចាស់ភាគហ៊ុនធំ។ ជាមុខមាត់មួយ និងតំណាងឱ្យភាពជោគជ័យរបស់ចិននៅលើពិភពលោក Jack Ma ពិតជាមានឥទ្ធិពលខ្លាំងដែលលោកបានជួបជាមួយប្រមុខរដ្ឋល្បីៗជាច្រើននៅលើពិភពលោក ហើយអាជ្ញាធរចិនខ្លាចឥទ្ធិពលរបស់ក្រុមហ៊ុន Alibaba និងជាពិសេស ខ្លាចក្រុមហ៊ុន Ant Group ជ្រៀតចូលក្នុងវិស័យកម្ចីប្រាក់តាមអនឡាញ ដែលអាចរំលងធនាគារសាធារណៈបាន។
ការណ៍នេះបាន បង្ហាញឱ្យឃើញថា បើទោះជា Alibaba មានអំណាចប៉ុនណា និងទោះក្រុមហ៊ុនឯកជនមួយមាន ការរីកចម្រើនយ៉ាងណាក៏ដោយ តែច្បាប់ត្រូវស្ថិតនៅក្រោមការកំណត់របស់បក្សកុម្មុយនិស្តចិន។ តើនេះជាការព្រមានរបស់អាជ្ញាធរលើលោក Jack Ma និងក្រុមហ៊ុនរបស់លោក ឬយ៉ាងណា? នេះជាឱកាសដែលអាជ្ញាធរ ចាត់វិធានការគ្រប់គ្រងក្រុមហ៊ុនធំៗ ឬយ៉ាងណា? ហើយ តើលោក Jack Ma មិនបាត់ខ្លួនទៅណាទេ តែគ្រាន់ laying low ឬយ៉ាងណា?
យ៉ាងណាមិញ, នាពេលថ្មីៗនេះ លោក Jack Ma បានបង្ហាញមុខជាសាធារណៈជាលើកដំបូង នៅក្នុងកម្មវីធីមួយដោយប្រជុំតាមអនឡាញ ជួបជាមួយនឹងគ្រូបង្រៀនជនបទ ១០០នាក់ នៅថ្ងៃទី ២០ ខែមករា ២០២១។