fbpx

ដោយសារតែមានការរីករាលដាលជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំថ្មីមួយកាលពីខែមីនា ឆ្នាំ២០២០ ទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឲ្យរៀបចំឥណទាន (កម្ចី) របស់ខ្លួនឡើងវិញ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូទាត់សង។ ការណ៍នេះគឺផ្ដោតសំខាន់លើ ៤ វិស័យដូចជា៖ ១. ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំណីអាហារ ភេសជ្ជៈ និងសេវាកម្មគាំទ្រផ្សេងៗ) ២. កាត់ដេរ (ដោយរាប់បញ្ចូលទាំងនិយោជិត) ៣. សំណង់ (ចំពោះតែឥណទានសាងសង់ផ្ទះ/ហាងដំបូង និងឥណទានទិញផ្ទះដំបូង)និង ៤. ការដឹកជញ្ជូន (ជាពិសេស អ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បី) និងឡូជីស្ទ៊ីក។

ការធ្វើឥណទានរៀបចំឡើងឡើងវិញនេះ នឹងធ្វើរហូតដល់ដំណាច់ឆ្នាំ២០២១នេះ ពោលគឺថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ តាមរបាយការណ៍របស់សមាគមន៍គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថាគិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដល់ដំណាច់ខែកុម្ភៈឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញដល់អតិថិជន បានប្រមាណ២៩ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់ប្រមាណ១៤០០លានដុល្លារអាមេរិក។

ដូច្នេះ តើអ្វីជាការរៀបចំឥណទានឡើងវិញ?

មែនទែនទៅ ការរៀបចំឥណទានឡើងវិញ ឬ Loan Restructuring ជាឥណទានដែលលក្ខខណ្ឌនៃកិច្ចសន្យាដើមត្រូវបានកែប្រែដោយផ្តល់ការអនុគ្រោះដល់អតិថិជន ដែលជួបស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុជាក់ស្តែង និងបណ្តោះអាសន្ន។

តើឥណទានរៀបចំឡើងវិញ ត្រូវបានគេធ្វើឡើងក្នុងរូបភាពបែបណាខ្លះ?

ការរៀបចំឥណទានឡើងវិញ ត្រូវបានធ្វើឡើងក្នុងលក្ខខណ្ឌអនុគ្រោះចំនួន ៩ ចំណុច ដែលគ្រឹះស្ថានអាចជ្រើសរើសយកមួយ ឬ ៣, ៤ បញ្ចូលគ្នានៅក្នុងចំណោម ៩ ចំណុចដូចខាងក្រោម ដើម្បីជាដំណោះស្រាយមួយឲ្យត្រូវនឹងបញ្ហាជាក់ស្ដែងដែលអតិថិជនកំពុងជួបប្រទះ៖

១. ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន

២. ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម

៣. ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់

៤. ការពន្យារឥណទានប្រតិទាន

៥. ការបន្ថែម និង/ឬ ការផ្លាស់ប្តូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន

៦. ការផ្លាស់ប្តូរពីឥណទានមានការទូតទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន

៧. ការលើកលែង ឬបន្ថយទ្រព្យធានា

៨. ការបន្ថយលក្ខខណ្ឌកិច្ចសន្យា ឬ/និង

៩. ការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង ដែលអាចមានរយៈពេលរហូតដល់ ៦ ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចការរៀបចំឥទានឡើងវិញ (Loan Restructure)។

អតិថិជនដែលកំពុងស្ថិតក្នុងអំឡុងពេលទទួលបានការអនុគ្រោះ អាចស្នើសុំធ្វើឥណទានរៀបចំឡើងវិញលើសពី ៣ ដងបាន។ ចំណែកស្ថាប័នហិរញ្ញវត្ថុខ្លះ អតិថិជនអាចធ្វើការស្នើសុំជ្រើសរើសយកជម្រើសចំនួន ២ គឺ ជម្រើសទី១ បង់តែការប្រាក់ពី ៣ ទៅ ៦  ខែ និងជម្រើសទី២ ផ្អាកទាំងការទាំងដើម ពី ៣ ទៅ ៦ ខែ។

ដោយឡែក មុននឹងសម្រេចចិត្តផ្ដល់ ឥណទានរៀបចំឡើងវិញ ឬការអនុគ្រោះណាមួយ ជូនអតិថិជន ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ នឹងធ្វើការសិក្សាពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ ដូចជាចំណូល និងការលំបាកជាក់ស្ដែងដែលកំពុងកើតឡើង។ ការរៀបចំឥទានឡើងវិញនេះ គ្រឹះស្ថានហិរញ្ញវត្ថុមិនអាចធ្វើទៅបានទេប្រសិនបើគ្មានការយល់ព្រមពីអតិថិជន ពីព្រោះវាជាផ្នែកមួយនៃកិច្ចសន្យារវាងអតិថិជន និងគ្រឹះស្ថាន។ អ្នកក៏អាចធ្វើការពិភាក្សាអំពីការទទួលបានការរៀបចំឥណទានឡើងវិញជាមួយធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ដែលអ្នកបានខ្ចីប្រាក់ ប្រសិនបើអ្នកកំពុងជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ៕

អ្វីទៅជាការរៀបចំឥណទានឡើងវិញ?

Leave a Reply

Scroll to top
%d bloggers like this: