មនុស្សទូទៅតែងតែមានភាពក្រែងរអារពេលឮពាក្យប័ណ្ណឥណទាន។ នេះក៏ដោយសារភាគច្រើន អ្នកប្រើប័ណ្ណឥណទានមិនចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេបានល្អ បណ្តាលឲ្យពួកគេធ្លាក់ទៅក្នុងបំណុល។ តែតាមការពិត ប្រសិនបើអ្នកមានវិន័យហិរញ្ញវត្ថុល្អ ប័ណ្ណឥណទានអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នក!
ថ្ងៃនេះ LuyBook លើកយកមូលហេតុ ៥ ដែលអ្នកគួរចាប់ផ្តើមប្រើប័ណ្ណឥណទាន៖
១. ការទទួលបានការបញ្ចុះតម្លៃ ឬលុយត្រលប់មកវិញ (Cash-back)
ហាងលក់ទំនិញធំៗជាច្រើន តែងមានកម្មវិធីបញ្ចុះតម្លៃពី ៥% ទៅ ១០% ជាដើម ជាមួយប័ណ្ណឥណទាននៃធនាគារដៃគូ។ ហើយធនាគារមួយចំនួននៅកម្ពុជាក៏ មានការសងលុយត្រលប់មកវិញពេលយើងប្រើប្រាស់ប័ណ្ណឥណទានរបស់គេ ដើម្បីទិញទំនិញ ឬ បង់វិក្កយបត្រផ្សេងៗចន្លោះពី ០,១% ទៅ ១% នៃវិក្កយបត្រថែមទៀតផង។
២. សុវត្ថិភាពក្នុងប្រតិបត្តិការ
ការធ្វើប្រតិបតិ្តការដោយប្រើប័ណ្ណឥណទាន ការពារអ្នកពីការឆបោកផ្សេងៗ ព្រោះទឹកប្រាក់ដែលអ្នកចំណាយលើប្រតិបតិ្តការនានានឹងមិនត្រូវកាត់ចេញពីគណនីរបស់អ្នកភ្លាមៗនោះទេ។ អ្នកអាចរាយការណ៍ទៅកាន់ធនាគារ ឬក្រុមហ៊ុនប័ណ្ណឥណទានរបស់អ្នកពីការចំណាយដែលមិនត្រឹមត្រូវទាំងនេះ ហើយមិនចាំបាច់សងលុយទៅធនាគារឡើយ បើការស៊ើបអង្កេតបង្ហាញថាវាជាការឆបោក។ បណ្តាញប័ណ្ណឥណទានល្បីៗដូចជា Visa និង Mastercard ក៏មានគោលការណ៍ការពារអតិថិជនពីប្រតិបត្តិការដែលមិនមានការអនុញាតពីម្ចាស់កាតផងដែរ ដើម្បីជម្រុញឲ្យអតិថិជនងាកមកចាយវាយតាមកាតពួកគេជាជាងការប្រើលុយ។
៣. បង្កើនពិន្ទុឥណទានរបស់អ្នក
ការប្រើប្រាស់ប័ណ្ណឥណទានត្រឹមត្រូវ និងផ្តល់សំណងទាន់ពេលវេលា នឹងជួយបង្កើនពិន្ទុឥណទានរបស់អ្នកដោយសាររបាយការណ៍ប្រតិបត្តិការរបស់អ្នក នឹងត្រូវបានបញ្ជូនទៅកាន់ការិយាល័យឥណទាន។ វិធីនេះជាមធ្យោបាយមួយដែលអាចឲ្យនាំឲ្យ អ្នកអាចទទួលបានឥណទានច្រើន ជាមួយការប្រាក់ទាបទៅថ្ងៃមុខនៅពេលដែលអ្នកមានគម្រោងចង់ខ្ចីឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីចំណាយធំៗដូចជាការបង់រំលោះផ្ទះ និងការបើកអាជីវកម្មជាដើម។
៤. ទទួលបានម៉ាយសម្រាប់ការហោះហើរ (Frequent Flyer Miles)
សម្រាប់អ្នកដែលឧស្សាហ៍ធ្វើដំណើរទៅក្រៅប្រទេសតាមរយៈការហោះហើរ អ្នកអាចប្រើប័ណ្ណឥណទានដើម្បីទិញសំបុត្រយន្តហោះ ជាមួយក្រុមហ៊ុនអាកាសចរជាដៃគូ ដែលអាចឲ្យអ្នកទទួលបានម៉ាយសម្រាប់ការហោះហើរ។ ពិន្ទុនេះអ្នកអាចសន្សំដើម្បីយកទៅប្តូរសំបុត្រយន្តហោះហ្វ្រី ឬទិញសំបុត្រ Business និង First Classក្នុងតម្លៃថោកក៏បាន តាមលក្ខខណ្ឌរបស់ក្រុមហ៊ុន។
៥. ទទួលបានពិន្ទុសម្រាប់ប្តូរយករង្វាន់
ក្រៅពីអត្ថប្រយោជន៍ខាងលើ ការចំណាយតាមរយៈប័ណ្ណឥណទានជាទូទៅ ក៏អាចផ្តល់ជាពិន្ទុក្នុងកាតដែលអ្នកអាចសន្សំប្តូរយករង្វាន់ផ្សេងៗផងដែរ ទៅតាមគោលការណ៍របស់ក្រុមហ៊ុននីមួយៗ។ ប័ណ្ណឥណទានភាគច្រើនផ្តល់ពិន្ទុសម្រាប់ការចំណាយលើការទំនិញក្នុងផ្សារទំនើប ភោជនីយដ្ឋាន និងស្ថានីយប្រេងឥន្ធនៈជាដើម។ ពេលដែលអ្នកចំណាយអស់កម្រិតទឹកប្រាក់មួយ អ្នកនឹងអាចទទួលបានរង្វាន់ដូចជាដំណើរកម្សាន្ត ប័ណ្ណបញ្ចុះតម្លៃនៅតាមហាងនានា ឬឧបករណ៍ប្រើប្រាស់ដូចជាទូរស័ព្ទដៃជាដើម។
តើអ្នកទាំងអស់គ្នាគិតថា អ្នកទាំងអស់គ្នាមានវិន័យហិរញ្ញវត្ថុខ្ជាប់ខ្ជួន ក្នុងការទទួលយកចំណាយតាមរយៈប័ណ្ណឥណទានហើយ ឬនៅ?
ប្រភព៖ https://www.investopedia.com/articles/pf/10/credit-card-debit-card.asp