fbpx

៥ ជំហាន ទទួលបានកម្ចីអាជីវកម្មឆាប់រហ័ស

ដើម្បីងាយស្រួលនៅក្នុងការទទួលបានកម្ចីឆាប់ មកចាប់ផ្ដើមអាជីវកម្ម ឬពង្រីកអាជីវកម្ម អ្នកគួរតែស្វែងយល់ពីលក្ខខណ្ឌមួយចំនួនដែលខាងស្ថាប័នហិរញ្ញវត្ថុតែងតែពិនិត្យ និងត្រូវការដូចខាងក្រោម៖

១. ពិនិត្យមើលថា តើអ្នកមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ដើម្បីអាចទទួលកម្ចីបានដែរឬទេ?

ជាធម្មតាមុននឹងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុសម្រេចផ្ដល់កម្ចីឲ្យនរណាម្នាក់ គេតែងតែសិក្សាពីស្ថានភាពទូទៅ និងហិរញ្ញវត្ថុរបស់បុគ្គលនោះ ដូចជា Capacity (លទ្ធភាពសង), Capital(ទ្រព្យសម្បត្ដិ), Character (ប្រវត្ដិសង), Collateral (វត្ថុបញ្ចាំ), Conditions (លក្ខខណ្ឌ), និងCash Flow(លំហូរសាច់ប្រាក់) ដែលត្រូវបានគេហៅ6Cs ឬគេពិនិត្យមើលពីពិន្ទុក្រេឌីតរបស់អ្នក ឬពិន្ទុ ខេ ស្ករ ដែលជា​លេខ​​បក​ស្រាយ​​អំពី​​ព័ត៌មាន​​ទាំង​អស់​នៃ​​របាយការណ៍​​ឥណទាន​​ទៅ​ជា​​ពិន្ទុមួយ។ វា​វាយ​​តម្លៃ​​ទៅលើ​កម្រិត​​ហានិភ័យ​នៃការ​ស្នើ​សុំ​​ឥណទាន​របស់បុគ្គល​ម្នាក់ៗ​ តាមរយៈទិន្នន័យ​​​នីមួយៗ​​ក្នុង​ទម្រង់​នៃការស្នើសុំ​ និង​ព្យាករ​លទ្ធភាព​ដែល​អាច​សងត្រលប់​មក​វិញ។ អ្នកអាចពិនិត្យមើលពីពិន្ទុនេះបាន ឬព័ត៌មានលម្អិតពីរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកដោយស្នើទៅ CBC (https://www.creditbureau.com.kh/)។

២. តើប្រភេទកម្ចីអ្វីដែលអ្នកត្រូវការ?

ជាទូទៅ សម្រាប់កម្ចីអាជីវកម្មមានច្រើនទម្រង់ដែលអ្នកអាចសម្រេចចិត្តនៅក្នុងការជ្រើសរើស ដើម្បីស្នើសុំកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដូចជា៖

  • កម្ចីសម្រាប់បើកអាជីវកម្មថ្មី៖ ជាទូទៅកម្ចីនេះគឺពិបាកនៅក្នុងទទួលបាន ដោយសារតែអាជីវកម្មនៅឆ្នាំដំបូងគឹតែងតែមិនអាចខ្ចីប្រាក់ពីធនាគារបាន ដោយសារតែធនាគារត្រូវការសាច់ប្រាក់ត្រលប់មកវិញទៀងទាត់ ម៉្យាងដោយសារតែអាជីវកម្មអ្នកមិនទាន់រឹងមាំ និងប្រាកដប្រជា។ ប៉ុន្ដែអ្នកអាចខ្ចីប្រាក់នៅក្នុងទម្រង់ផ្សេងបាន ដូចជា កម្ចីផ្ទាល់ខ្លួន។ 
  • ក្រៅពីនេះ អ្នកអាចមើលលើកម្ចីសម្រាប់ចំណាយលើប្រតិបត្ដិការអាជីវកម្មប្រចាំថ្ងៃ និងកម្ចីសម្រាប់ពង្រីកអាជីវកម្ម ឬស្ដារអាជីវកម្មជាដើម។

៣. ជ្រើសរើសប្រភេទគ្រឹះស្ថានហិរញ្ញវត្ថុ ឬអ្នកឲ្យខ្ចីដែលស្របតាមតម្រូវការ និងលក្ខខណ្ឌដែលអ្នកចង់បាន

មានប្រភពហិរញ្ញវត្ថុច្រើនដែលអ្នកអាចខ្ចីប្រាក់បាន ដូចជា កម្ចីតាមអនឡាញ បុគ្គល ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ។ គ្រឹះស្ថានហិរញ្ញវត្ថុតែងតែមានលក្ខខណ្ឌ និងសេវាកម្ចីផ្សេងៗគ្នា ដូច្នេះ អ្នកអាចធ្វើការសិក្សាបន្ថែមពីប្រភេទកម្ចីនីមួយៗ ដែលមានភាពសាកសមសម្រាប់អ្នក និងអាជីវកម្មអ្នក។ 

៤. អ្នកគួរតែរៀបចំឯកសារឲ្យបានត្រឹមត្រូវ និងរួចរាល់តាមលក្ខខណ្ឌដែលបានកំណត់

នៅពេលដែលអ្នកសម្រេចចិត្តថាជ្រើសរើសប្រភេទកម្ចី និងស្ថាប័នផ្ដល់កម្ចីហើយ អ្នកគួរតែរៀបចំឯកសារឲ្យបានត្រឹមត្រូវ និងរួចរាល់តាមលក្ខខណ្ឌដែលបានកំណត់ ដើម្បីទទួលបានកម្ចី ជៀសវាងខាតពេលវេលាច្រើន។ សម្រាប់លក្ខខណ្ឌតម្រូវផ្សេងៗ គឺអាស្រ័យលើការកំណត់របស់ស្ថាប័នហិរញ្ញវត្ថុនីមួយៗ ប៉ុន្ដែជាទូទៅ គេត្រូវត្រូវការព័ត៌មានផ្ទាល់របស់អ្នកខ្ចី (ប្រវត្ដិរូបសង្ខេប, អត្ដសញ្ញាណបណ្ណ, សៀវភៅគ្រួសារ, និងលិខិតបញ្ជាក់ទីលំនៅជាដើម),  របាយការណ៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអាជីវកម្ម ពី៣ ទៅ៥ខែ, ទ្រព្យបញ្ចាំអាចជាអចលនវត្ថុ ឬប្លង់ដី ផ្ទះ, ឯកសារផ្លូវច្បាប់ស្ដីពីការបើកអាជីវកម្ម ឬទិញសិទ្ធិអាជីវកម្ម រួមទាំងផែនការអាជីវកម្មរបស់អ្នកទៀតផង។

៥. ដាក់ពាក្យសម្រាប់ទទួលកម្ចីអាជីវកម្ម

នៅពេលដែលអ្នកបានបំពេញតាមទម្រង់ និងលក្ខខណ្ឌផ្សេងៗដើម្បីទទួលបានកម្ចីរួចហើយ អ្នកអាចដាក់ពាក្យស្នើសុំកម្ចីបានហើយ។ 

ជាចុងក្រោយអ្នកក៏ត្រូវប្រាកដថា អ្នកអាចមានលទ្ធភាពនៅក្នុងការសងត្រលប់ទៅវិញ និងប្រើប្រាស់កម្ចីនោះយ៉ាងមានប្រសិទ្ធភាពដើម្បីចាប់ផ្ដើមអាជីវកម្ម ឬពង្រីកអាជីវកម្មឲ្យកាន់តែរីកចម្រើនឡើងជាលំដាប់។

ព័ត៌មានសេវាកម្មផ្ដល់កម្ចីសម្រាប់សហគ្រាសធុនតូច និងមធ្យម(SMEs)មួយចំនួនរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា៖

ធនាគារអេស៊ីលីដា៖ កម្ចីជាប្រាក់រៀលអាចមានរយៈ​ពេល​ខ្ចី​​អតិបរមា ៧២​ខែ, ទំហំឥណទាន រហូត​ដល់ ២០០,០០០,០០០ រៀល, អត្រា​ការប្រាក់ ចាប់​ពី ៨.៣% ដល់ ១៨% ក្នុង​មួយ​ឆ្នាំ។ កម្ចីជាប្រាក់ដុល្លារអាមេរិក, រយៈ​ពេល​ខ្ចី​​អតិបរមា ៧២​ខែ, ទំហំឥណទាន រហូត​ដល់ ៥០,០០០ ដុល្លារ, អត្រា​ការប្រាក់ ចាប់​ពី ៧.៥% ដល់ ១៨% ក្នុង​មួយ​ឆ្នាំ។

គ្រឹស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់៖ ទំហំប្រាក់កម្ចីរហូតដល់២,១០០លានរៀល ឬ ៥០ម៉ឺនដុល្លារអាមេរិក, អត្រាការប្រាក់ចាប់ពី០.៥៨% ក្នុងមួយខែ, រយៈពេលខ្ចីរហូតដល់១២០ខែ, របៀបសងបត់បែនតាមលំហូរសាច់ប្រាក់។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទំហំប្រាLOLC៖ ទំហំប្រាក់កម្ចីចាប់ពី ៤០.០០០.០០១រៀល អត្រាការប្រាក់ប្រចាំខែចាប់ពី១.២% – ១. ៥%, រយៈពេលចាប់ពី៣  ដល់ ១២០ ខែ។ សម្រាប់ប្រាក់ដុល្លារ ទំហំកម្ចីចាប់ពី ១០, ០០១ដុល្លារ ឡើងទៅ, អត្រាការប្រាក់ប្រចាំខែចាប់ពី១.២% ដល់១.៥%, រយៈពេលចាប់ពី៣ ដល់១២០ ខែ។

៥ ជំហាន ទទួលបានកម្ចីអាជីវកម្មឆាប់រហ័ស

Leave a Reply

Scroll to top
%d bloggers like this: