មានគ្នាយើងណាខ្លះ បានមើលរឿងដែលកំពុងតែល្បីឈ្មោះថា “Squid Game” ហើយ?
បើបានមើលហើយ មានបានចាប់អារម្មណ៍មេរៀនហិរញ្ញវត្ថុពីរឿងនេះទេ?
ថ្ងៃនេះ LuyBook សូមលើកយកមេរៀនហិរញ្ញវត្ថុមួយចំនួនដែលយើងអាចរៀនពីការមើលរឿងនេះ ដូចខាងក្រោម៖
១. មុនខ្ចីលុយ ត្រូវប្រុងប្រយ័ត្នបំផុត៖
ការខ្ចីលុយអាចធ្វើឱ្យអ្នកវង្វេងបាន ជាពិសេសបើខ្ចីលុយមិនមានគោលដៅច្បាស់លាស់ មិនមានផែនការរកប្រាក់ចំណេញមកសងលុយវិញ។ ដូចក្នុងរឿងដែលយើងឃើញថាអ្នកចូលលេងហ្គេមភាគច្រើនជា អ្នកដែលជំពាក់បំណុលវ័ន្តក។
២. ខិតខំរកលុយឱ្យច្រើនជាងការចាយ៖
ការរស់នៅតាមលទ្ធភាពដែលខ្លួនមានពិតជាសំខាន់ណាស់ ហើយការគ្រប់គ្រងចំណាយរបស់ខ្លួនរឹតតែសំខាន់ នៅពេលដែលយើងកំពុងជួបបញ្ហាហិរញ្ញវត្ថុ។ តែប្រសិនបើមិនអាចកាត់បន្ថយចំណាយបានទៀតទេ ត្រូវខំប្រឹងរកចំណូលបន្ថែម មិនមែនខ្ចីលុយដើម្បីចាយមួយគ្រានោះទេ។
៣. ភាពលោភលន់ធ្វើឱ្យខាតបង់៖
នៅពេលលេងហ្គេមនេះ អ្នកលេងទាំងអស់សុទ្ធតែចង់ឈ្នះដើម្បីបានលុយ ប៉ុន្តែដោយសារតែភាពលោភលន់ខ្លាំងពេកបាំងមុខ ធ្វើឱ្យមានហេតុការណ៍អាក្រក់ជាច្រើនកើតឡើង។ ដូចនេះហើយភាពលោភលន់ហួសហេតុមានតែនាំឱ្យខាតបង់ប៉ុណ្ណោះ។
៤. ស្ថេរភាពហិរញ្ញវត្ថុមិនមែនកើតឡើងងាយៗទេ៖
មនុស្សគ្រប់រូបសុទ្ធតែចង់រស់នៅជីវិតសុខស្រួល និងមានសុខុមាលភាពហិរញ្ញវត្ថុល្អប្រសើរ។ បើសិនជាសង្គម និងស្ថានភាពមនុស្សម្នាក់ៗក្នុងពេលបច្ចុប្បន្នសុទ្ធតែខុសៗគ្នា ប៉ុន្តែការដែលអាចសម្រេចបានស្ថេរភាពហិរញ្ញវត្ថុមិនមែនជារឿងមួយថ្ងៃអាចធ្វើបានទេ ពោលគឺស្ថិតលើការខិតខំប្រឹងប្រែង ហើយប្រកាន់ខ្ជាប់ការគ្រប់គ្រងហិរញ្ញវត្ថុឱ្យល្អផងដែរ។
៥. លុយមិនមែនជាចម្លើយសម្រាប់អ្វីគ្រប់យ៉ាងទេ៖
អ្នកលេងហ្គេមទាំងអស់ខំប្ដូរជីវិត និងហ៊ានសម្លាប់គ្នាទៅវិញទៅមកដើម្បីលុយ។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងលុយដែលឈ្នះបានមក Gi-Hun មិនបានធ្វើឲ្យជីវិតគាត់បានប្រសើទេ។ មិត្តភក្ដិ និងម្ដាយក៏ស្លាប់។ គ្រួសារក៏មិនបានជួបជុំគ្នាដដែល។ Gi-Hun ក៏បានសួរ Il-Nam ដែលជាអ្នកបង្កើតហ្គេមដ៏សាហាវនេះថា ហេតុអ្វីបានគាត់ចូលលេងហ្គេមដោយ្ទាល់ដែរ។ គាត់បានឆ្លើយថាបើទោះបីជាមានលុយប៉ុន្មាន ក៏ជីវិតនៅតែធុនទ្រាន់ ហើយលុយមិនអាចទិញបានឡើយ។ ជាមួយគ្នាដែរ, អ្វីដែលសំខាន់គឺសេចក្ដីសុខក្នុងជីវិត ហើយលុយមិនមែនជាចម្លើយសម្រាប់អ្វីគ្រប់យ៉ាងឡើយ។