fbpx

មានអារម្មណ៍ថានឿយហត់ ចង់ឈប់ពីការងារដែរទេ?

មួយរយៈចុងក្រោយនេះ មានរឿងថ្មីៗជាច្រើនកើតឡើង។ បងប្អូនមួយចំនួនប្រហែលជារងការប៉ះពាល់ យ៉ាងហោចណាស់ផ្នែកផ្លូវអារម្មណ៍ និងចិត្តគំនិត។ ហើយហត់នឿយណាយ ចង់លាឈប់ពីការងារ ចង់ដកឃ្លាសម្រាកមួយរយៈ។

តែបើឈប់ ចេះតែឈប់ភ្លាមៗម៉េចកើត? អ្នកទាំងអស់គ្នាត្រូវពិចារណា យ៉ាងហោចណាស់លើចំណុចខាងក្រោមនេះសិន ដើម្បីកុំឲ្យការលាឈប់សម្រាកនេះ នាំឲ្យមានសម្ពាធផ្នែកអារម្មណ៍ និងលុយកាក់កាន់តែខ្លាំងជាងមុន។

១. សួរខ្លួនឯងថាតើហេតុអ្វីចង់ឈប់ពីការងារបច្ចុប្បន្ន

អ្នកគួរគិត ហើយសរសេរចម្លើយដាក់ក្នុងសៀវភៅដើម្បីឲ្យមានភាពច្បាស់លាស់ និងងាយស្រួលដៅរកមូលហេតុពិតប្រាកដ។ សួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកជ្រើសយកការងារនោះតាំងពីដើមមក។ មានអ្វីខ្លះបានផ្លាស់ប្ដូរទើបចង់លាឈប់ និងផ្លាស់ប្ដូរការងារ?

២. មានសល់លុយប៉ុន្មាន

ជាក់ស្ដែងទៅ ប្រសិនជាបងប្អូនចង់ឈប់សម្រាកមួយរយៈ បងប្អូនត្រូវគិតគូររឿងលុយកាក់។ តើមានសល់លុយប៉ុន្មានសម្រាប់ចាយក្នុងរយៈពេលសម្រាក។ បានប៉ុន្មានខែ?

កញ្ចប់លុយនេះ មិនគួរប៉ះពាល់ជាមួយកញ្ចប់លុយសម្រាប់គោលដៅហិរញ្ញវត្ថុផ្សេងទៀតនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់គោលដៅទាំងអស់នោះ។

៣. រៀបចំផែនការការងារ ឬអាជីវកម្ម

បន្ទាប់ពីគិតគូររឿងលុយកាក់ហើយ បងប្អូនត្រូវគិតលើផ្លូវដើរបន្ទាប់។ តើបងប្អូនដឹងថាចង់ធ្វើអ្វីបន្ទាប់ហើយឬនៅ? បើមិនទាន់ទេ បងប្អូនអាចចាប់ផ្តើមដោយសួរខ្លួនឯងថា តើចង់បានអ្វីខ្លះពីការងារ ឬមុខរបរថ្មី? តើបងប្អូនគួរមានចំណេះដឹង សមត្ថភាពបន្ថែមអ្វីខ្លះ សម្រាប់ការងារ ឬមុខរបរថ្មីនោះ? បើត្រូវការការរៀនសូត្របន្ថែម ប្រសិនជាអាច អ្នកគួរឆ្លៀតពេលរៀនមុននឹងលាឈប់ពីការងារចាស់ ដើម្បីមិនចាំបាច់ចំណាយពេលរៀនហើយមិនមានចំណូល។

៤. ឈោងចាប់គោលដៅថ្មីសិន

ចុងក្រោយបំផុត មុននឹងលាឈប់​ អ្នកទាំងអស់គ្នាត្រូវរកការងារថ្មី ឬមានគម្រោងអាជីវកម្មឲ្យបានរួចរាល់សិន ជាពិសេសក្នុងពេលឥឡូវនេះ ដែលទីផ្សារការងារ និងអាជីវកម្មមិនសូវល្អ។ អ្នកអាចទុកពេលសម្រាកមួយរយៈ មុននឹងបន្តទៅការងារ មុខរបរថ្មី ប៉ុន្តែប្រសិនបើបងប្អូនឈប់ភ្លាមៗ​ មិនទាន់មានកន្លែងថ្មីរៀបចំទុក ការឈប់សម្រាកនេះអាចនាំឲ្យមានរឿងឈឺក្បាល ពិបាកចិត្តច្រើនជាងមុន។

សរុបទៅ​ អ្នកទាំងអស់គ្នាត្រូវពិចារណាឲ្យបានដិតដល់ និងធ្វើការស្វែងយល់ឲ្យបានច្បាស់ពីតម្រូវការ គោលដៅរបស់ខ្លួនឯង និងការងារ ឬមុងរបរថ្មី។ ត្រូវប្រាកដថា ការលាឈប់នេះគឺដើម្បីឆ្ពោះទៅរកគោលដៅដែលអ្នកចង់បាន និងមិនមែនដោយសារអ្នកចង់រត់គេចពីការងារលំបាកនៅទេ។ 

មានអារម្មណ៍ថានឿយហត់ ចង់ឈប់ពីការងារដែរទេ?

Leave a Reply

Scroll to top
%d bloggers like this: