fbpx

ការជជែករឿងហិរញ្ញវត្ថុជាមួយកូនតូចៗរបស់អ្នក មិនមែនជារឿងដែលងាយស្រួលប៉ុន្មានទេ។ ប៉ុន្ដែ ហិរញ្ញវត្ថុគឺជាចំណេះដឹងដ៏សំខាន់មួយដែលកូនតូចៗត្រូវយល់ដឹងតាំងពីតូចបណ្ដើរៗមក។ 

ដើម្បីបង្រៀនចំណេះដឹងហិរញ្ញវត្ថុទៅកូនតូចៗឲ្យបានជោគជ័យ ឪពុកម្តាយគួរតែជៀសវាងនូវកំហុសទាំង៥នេះ៖

១. មិនបានជជែកឲ្យបានចប់ចុងចប់ដើមជាមួយកូន នៅពេលពួកគេសួរម្ដងៗ

ក្មេង តែងតែចូលចិត្ដសួរ និងចង់ដឹងចង់ឮច្រើន។ ដូច្នេះ ប្រសិនបើកូនៗរបស់អ្នកចាប់ផ្ដើមជជែកអំពីលុយ ចូរអ្នកកុំព្រងើយកន្ដើយ ហើយត្រូវតែជជែកជាមួយពួកគេរហូតពួកគេអស់ចម្ងល់។ ម៉្យាង ប្រសិនបើអ្នកមិនបង្រៀនគេអំពីការប្រើប្រាស់លុយ ការទុកដាក់លុយ ប្រភេទលុយ ដូច្នេះ តើនរណានឹងជាអ្នកណែនាំគេ?

២. ព្យាយាមធ្វើការគ្រប់គ្រងគ្រប់ការចាយវាយរបស់កូន

ឪពុកម្ដាយជាច្រើន ព្យាយាមធ្វើការគ្រប់គ្រង និងរៀបចំរាល់ការចំណាយរបស់កូនៗ ដោយសារតែខ្លាចមានការចាយខ្ជះខ្ជាយ និងមិនចេះទុកដាក់លុយកាក់។​ ការធ្វើបែបនេះមិនមែនជារឿងដែលល្អទាំងស្រុងនោះទេ។ ការធ្វើតឹងរឹងបែបនេះ ធ្វើឲ្យពួកគេមិនអាចរៀន និងគិតឯករាជ្យដោយខ្លួនឯង មិនមានឱកាសជួបបទពិសោធផ្សេងៗ និងរៀនសូត្រពីការសម្រេចចិត្តខុស។ ទាំងអស់នេះ អាចនឹងជះឥទ្ធិពលទៅលើការគ្រប់គ្បងលុយកាក់របស់ពួកគេនៅថ្ងៃអនាគត។

៣. គិតថាកូនមិនអាចយល់បានច្រើនអំពីរឿងប្រើប្រាស់លុយ

ក្មេងគឺឆ្លាតជាងអ្វីដែលយើងគិតទៅទៀត។ ឪពុកម្តាយភាគច្រើន បង្រៀនត្រឹមការចំណាយ និងសន្សំ ប៉ុន្ដែអ្នកអាចសាកល្បងធ្វើការពន្យល់ពួកគេអំពីការវិនិយោគ និងអាជីវកម្ម  ព្រោះ ការរវិនិយោគ និងធ្វើអាជីវកម្មគឺជាប្រភពចំណូលធំៗជាងគេ។ អ្នកអាចធ្វើការលើកជាឧទាហរណ៍ងាយៗ ដូចជា ការលក់នំ លក់របស់ប្រើប្រាស់ដែលឈប់ប្រើ និងការសន្សំលុយក្នុងធនាគារជាដើម។ អ្នកវិនិយោគ Kevin O’Leary ធ្លាប់បានធ្វើការចែករំលែកអំពីរបៀបដែលលោកបង្រៀនកូនរបស់លោកថា នៅរៀងរាល់ពេលដែលកូនរបស់លោកធ្វើការដាក់ប្រាក់សន្សំចូលទៅក្នុង “កូនជ្រូក” លោកតែងតែលួចដាក់បន្ថែម១កាក់ជានិច្ចនៅរៀងរាល់យប់ ពោលគឺនៅពេលដែលពួកគេគេងលក់។ ការធ្វើដូច្នេះ ពួកគេនឹងយល់ពីរបៀបនៃការសន្សំនៅធនាគារ និងមូលដ្ឋានគ្រឹះនៃការវិនិយោគ។

៤. បង្ខំពួកគេឲ្យសន្សំ

ការបង្ខំឲ្យកូនរបស់អ្នកធ្វើអ្វីដែលពួកគេមិនចង់ មិនមែនជារឿងដែលជោគជ័យយូរអង្វែងនោះទេ។ អ្នកគួរតែធ្វើការផ្ដល់មូលហេតុមួយសមស្របសម្រាប់ពួកគេ ថាតើហេតុអ្វីបានជាពួកគេត្រូវធ្វើតាមអ្នក? ជាក់ស្ដែងចំពោះការសន្សំ ប្រសិនបើពួកគេមិនចង់សន្សំ ហើយយល់ថាការសន្សំគឺពិបាក នោះអ្នកមិនគួរបង្ខំពួកគេឲ្យសន្សំនោះទេ។ អ្នកគួរតែរកវិធីធ្វើយ៉ាងណាឲ្យការសន្សំរបស់ពួកគេក្លាយជាការកម្សាន្ដ និងអាចឲ្យពួកគេរីករាយរាល់ពេលដែលពួកគេដាក់លុយសន្សំ ដូចជាសន្សំដើម្បីទិញរបស់ដែលពួកគេចង់បានជាដើម។

៥. មិននាំកូនទៅផ្សារជាមួយ

រាល់ការបង្រៀនរបស់អ្នកវានឹងក្លាយជាទ្រឹស្ដីដែលអាចនឹងភ្លេចបានគ្រប់ពេលវេលា ប្រសិនបើមិនបានអនុវត្ដ ឬបង្ហាញកូនៗរបស់អ្នកអំពីភាពជាក់ស្ដែង។ កន្លែងដែលអាចបង្ហាញបានពិតប្រាកដពីរបៀបចាយលុយ គឺនាំពួកគេទៅផ្សារ ទៅមើលតម្លៃទំនិញ និងប្រៀបធៀបតម្លៃចំពោះផលិតផលដែលប្រហាក់ប្រហែលគ្នា រួមទាំងអាចឲ្យពួកគេអនុវត្ដបានជាក់ស្ដែង។ អ្នកអាចធ្វើការចែកលុយមួយចំនួនឲ្យកូនរបស់អ្នក ហើយឲ្យកូនរបស់អ្នកទិញនូវអ្វីដែលគេចង់បាន ចំណែកអ្នកអាចធ្វើជាទីប្រឹក្សាដល់គេ ដោយបង្ហាញពីតម្លៃលុយដែលគេមាន និងតម្លៃទំនិញដែលគេចង់ទិញ។

កំហុស៥យ៉ាង របស់ឪពុកម្តាយពេលបង្រៀនកូនរឿងលុយកាក់

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading