fbpx

ជាធម្មតា គ្មាននរណាម្នាក់ចង់ឱ្យខ្លួនឯងជាប់បំណុលឡើយ។ ប៉ុន្តែបើមានបំណុលហើយ មិនចេះគ្រប់គ្រងបំណុលឱ្យបានល្អ នោះអ្នកនឹងលង់ខ្លួនកាន់តែជ្រៅក្នុងបំណុលទាំងនោះ។

កំហុសរបស់បងប្អូនខ្មែរយើងភាគច្រើនក្នុងការគ្រប់គ្រងបំណុលនោះ គឺការខ្ចីលុយដោយគ្មានគោលដៅច្បាស់លាស់ ឬខ្ចីបំណុលអាក្រក់ (bad debt) មានន័យថាខ្ចីមិនដើម្បីបង្កើតប្រាក់ចំណូលមកសងបំណុលវិញទេ បែរជាខ្ចីដើម្បីទិញម៉ូតូ, ឡាន និងសម្ភារៈនិយម ដើម្បីភាពឡូយឆាយ និងធ្វើឱ្យអស់លុយទាំងដើមទាំងការប្រាក់ទៅវិញ។

ថ្ងៃនេះ #LuyBook នឹងនិយាយអំពីកំហុសក្នុងការគ្រប់គ្រងបំណុលចំនួន ៤ ដូចខាងក្រោម៖

១. កង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ការសិក្សាស្រាវជ្រាវបានបង្ហាញថា មនុស្សដែលមានចំណូលទាប ប៉ុន្តែមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចេះគ្រប់គ្រងលុយបានល្អ គឺមិនធ្លាក់ខ្លួនខ្លាំងវ័ន្តកក្នុងបំណុលនោះទេ ព្រោះពួកគេអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ជាពិសេសពេលខ្ចីលុយហ្នឹងតែម្ដង។

២. មិនកាត់បន្ថយចំណាយខ្លួនឯង

ការសងបំណុលប្រាកដជាពិបាកជាមិនខាន ប្រសិនបើជាប់បំណុលហើយ បែរជាមិនចេះគ្រប់គ្រងការចាយវាយរបស់ខ្លួនឯង។ ពីមិនទាន់មានបំណុល ចំណូលយើងអាចចាយបាន ប៉ុន្តែពេលមានបំណុលហើយត្រូវដកលុយសងគេប្រចាំខែមុន ហើយសល់ប៉ុន្មានទើបអាចចាយបាន។ មិនតែប៉ុណ្ណោះត្រូវគិតគូរសន្សំលុយដើម្បីសងដើមគេទៀតផង និងព្យាយាមដោះបំណុលដែលមានការប្រាក់ខ្ពស់ឱ្យបានមុន។

៣. លង់ខ្លួននឹងបំណុល

កំហុសដ៏ធំបំផុតក្នុងការគ្រប់គ្រងបំណុល គឺការដែលបង្កើតបំណុលថ្មី ដើម្បីចាយបន្ត ឬដើម្បីសងការប្រាក់បំណុលចាស់។ ប្រាកដណាស់ ធ្វើបែបនេះដំបូងហាក់ដូចជាសប្បាយមួយឆាវ ព្រោះមានលុយចាយ។ ប៉ុន្តែការធ្វើបែបនេះ នឹងធ្វើឱ្យអ្នកលង់ខ្លួនកាន់តែជ្រៅ ព្រោះបំណុលថ្មីប្រាកដជាការប្រាក់កាន់តែច្រើនជាងមុន និងធ្វើឱ្យទំហំបំណុលកាន់តែធំឡើងៗ។

៤. ខ្ចីលុយក្រៅផ្លូវការ

មានបងប្អូនមួយចំនួន ពេលដែលមានបំណុលច្រើនក្នុងដៃហើយ តែទីទាល់ខ្លាំង ខ្ចីលុយផ្លូវការតាមធនាគារអ្វីលែងបានហើយ មិនដឹងធ្វើយ៉ាងម៉េច មានតែហ៊ានប្រថុយខ្ចីលុយក្រៅផ្លូវការដែលមានការប្រាក់ខ្ពស់ខ្លាំង និងពិបាកក្នុងការសងបំផុត។ គួរចៀសវាងដាច់ខាតខ្ចីលុយក្រៅផ្លូវការដែលមានការប្រាក់ខ្ពស់ ព្រោះការខ្ចីលុយនេះគេមិនបានសិក្សាពីលទ្ធភាពសងរបស់យើងទេ។

ចំណុចទាំង ៤ខាងលើនេះ ជាចំណុចដែលបងប្អូនគួរចៀសវាង។​ បើសួរវិញថាគួរធ្វើបែបណាល្អ? #LuyBook ធ្លាប់មានអត្ថបទនិយាយពីការគ្រប់គ្រងបំណុលដែរ អាចចូលអានក្នុងវេបសាយបាន។ បើនិយាយឱ្យខ្លីវិញ, វិធីដែលល្អគឺខំរកចំណូលបន្ថែម, កាត់បន្ថយចំណាយ, សន្សំឱ្យបានច្រើន, និងព្យាយាមសងបំណុលណាដែលមានការប្រាក់ខ្ពស់ឱ្យអស់មុនគេ។

កំហុសរឿងគ្រប់គ្រងបំណុល

Leave a Reply

Scroll to top
%d bloggers like this: