fbpx

តើគួរស្នាក់នៅផ្ទះស្នាក់ ឬសណ្ឋាគារ? 

ជិតដល់ថ្ងៃឈប់សម្រាកទៀតហើយ តើដំណើរកម្សាន្តខាងមុខនេះគួរតែជ្រើសរើសការស្នាក់នៅបែបណា​ ដែលសាកសមសម្រាប់អ្នក និងកញ្ចប់លុយរបស់អ្នក? ផ្ទះស្នាក់នៅ ឬ Airbnb ក្នុងអត្ថបទនេះសម្តៅទៅលើផ្ទះ ឬបន្ទប់ដែលគេដាក់ឲ្យជួល សម្រាប់អ្នកដំណើរមួយរយៈដែលភាគច្រើនជា​ផ្ទះអ្នកស្រុកដែលស្ថិតនៅក្នុងតំបន់។ ចឹងមកមើលចំណុចទាំងនេះ ដើ​ម្បីដឹងថាអ្នកគួរជ្រើសរើសកន្លែងមួយណាសម្រាប់ស្នាក់នៅសម្រាប់ដំណើរកម្សាន្តខាងមុខនេះ។​

តើមានចំនួនមនុស្សប៉ុន្មានអ្នក? 

ចំនួនមនុស្សជាកត្តាសំខាន់សម្រាប់ការសម្រេចចិត្តជ្រើសរើសកន្លែងស្នាក់នៅ។ ប្រសិនបើអ្នកធ្វើដំណើរ បែបគ្រួសារ ឬជុំមិត្តភក្តិដែលមានគ្នាច្រើនអាចត្រូវស្នាក់នៅច្រើនបន្ទប់ សម្រាប់សណ្ឋាគារអ្នកប្រាកដជាត្រូវ ចំណាយថ្លៃ ប៉ុន្តែសម្រាប់ផ្ទះស្នាក់ Airbnb វិញ គឺអ្នកទទួលបានផ្ទះមួយទាំងមូលតែម្តង ហើយចំណាយតិចទៀត។ 

តើអ្នកត្រូវការប្រើប្រាស់អ្វីខ្លះ?

បើអ្នកមានគម្រោងស្នាក់នៅយូរ ការបោកគក់សម្លៀកបំពាក់ និងការហូបចុកអាចជារឿងដែលចាំបាច់ត្រូវ យកមកពិចារណា។ សម្រាប់ផ្ទះស្នាក់ អ្នកអាចបោកគក់និងចំអិនម្ហូបអាហារខ្លួនឯងដោយសេរី ព្រោះវាមានគ្រឿង ប្រើប្រាស់ចាំបាច់ ព្រមទាំងចង្ក្រានបាយផងដែរ ប៉ុន្តែសម្រាប់សណ្ឋាគារវិញ បន្ទប់ដែលមានចង្ក្រានបាយបែបនេះគឺមាន តម្លៃថ្លៃហើយសេវាបោកគក់ក៏ត្រូវគិតផ្សេងផងដែរ។ 

តើអ្នកចង់ស្នាក់នៅដូចអ្នកស្រុកតាមតំបន់ ឬទេ?

ប្រសិនបើអ្នកចង់ធ្វើដំណើរកម្សាន្តទៅកាន់តំបន់ណាមួយ ហើយចង់រស់នៅដូចអ្នកស្រុកក្នុងតំបន់នោះ អ្នកគួរតែជ្រើសរើសយកផ្ទះស្នាក់។ ម្យ៉ាងទៀត ផ្ទះស្នាក់មួយចំនួនមានម្ចាស់ផ្ទះដែលអាចជួយណែនាំកន្លែងទេសចរ សំខាន់ៗ និងពិសេសៗសម្រាប់តំបន់នោះទៅកាន់អ្នកទៀតផង។​​​​

តើសេវាកម្មបែបណាដែលអ្នកចង់បាន?

សម្រាប់ផ្ទះស្នាក់មិនមានការផ្តល់សេវាកម្មដូចការស្នាក់នៅសណ្ឋាគារនោះទេ ព្រោះជារបៀបរស់នៅ សាមញ្ញមិនមានការយាម ចំណត អ្នកបោសសម្អាតបន្ទប់ ជាដើម។ ប្រសិនបើអ្នកគិតថាអ្នកចង់បានសេវាកម្ម ផ្សេងៗទាំងនោះ អ្នកគួរតែជ្រើសរើសយកសណ្ឋាគារវិញ។ 

តើកន្លែងណាដែលអ្នកមានផាសុកភាពជាង?

ផ្ទះស្នាក់ គឺជាផ្ទះរបស់អ្នកស្រុកនៅក្នុងតំបន់នោះដែលគេធ្លាប់ស្នាក់នៅហើយយកមកជួលដើម្បីបាន ចំណូលខ្លះ ដូច្នេះវាអាចមានការរៀបចំដូចផ្ទះធម្មតាអាចមានរូបថតគ្រួសារជាដើម។ ប៉ុន្តែសម្រាប់សណ្ឋាគារ គឺរៀបចំបែបស្តង់ដារ និងគ្មានការតុបតែងបែបលក្ខណៈផ្ទាល់ខ្លួនទេ។ 

សរុបមក ការជ្រើសរើសរវាងផ្ទះស្នាក់ និងសណ្ឋាគារគឺជាសម្រេចចិត្តមួយដែលផ្អែកទៅលើកត្តាជាច្រើន។ មនុស្សមួយចំនួនចូលចិត្តនៅបែបទំនើបដូចក្នុងសណ្ឋាគារ រីឯមនុស្សមួយចំនួនទៀតចង់សាកនៅបែបអ្នកស្រុកក៏ ជ្រើសរើសយកផ្ទះស្នាក់។ នៅពេលដែលអ្នកឆ្លើយសំណួរខាងលើហើយ អ្នកនឹងដឹងថាអ្នកគួរជ្រើសរើសយកការ ស្នាក់នៅបែបណា៕

តើគួរស្នាក់នៅផ្ទះស្នាក់ ឬសណ្ឋាគារ? 

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading