មុននឹងធ្វើការវិនិយោគលើក្រុមហ៊ុនណាមួយ វិនិយោគិនត្រូវធ្វើការសិក្សាពីក្រុមហ៊ុននោះ។ ក្នុងការសិក្សានេះ វិនិយោគិនអាចប្រើវិធីវិភាគមួយចំនួន ក្នុងនោះមានវិធីមួយដែលហៅថារបៀបវិភាគបែប Top-down (Top-down Analysis)។
ការវិភាគនេះ តម្រូវឲ្យវិនិយោគិនពិនិត្យមើលទៅលើកត្តាធំៗ ដូចជាលក្ខខណ្ឌ និងបរិបទសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ហើយថាតើក្រុមហ៊ុននោះស្ថិតនៅក្នុងវិស័យមួយណា រួចពិនិត្យស៊ីជម្រៅលើរបាយការណ៍ហិរញ្ញវត្ថុ និងកត្តាតូចៗមួយចំនួនទៀត របស់ក្រុមហ៊ុន មុននឹងធ្វើការសម្រេចចិត្តវិនិយោគ។ ក្នុងការវិភាគ Top-down វិនិយោគិនត្រូវពិនិត្យមើលកត្តាធំៗ ៣ គឺសេដ្ឋកិច្ច វិស័យ និងក្រុមហ៊ុន។
១. វិភាគស្ថានភាពម៉ាក្រូសេដ្ឋកិច្ច
ដំបូងវិនិយោគិនត្រូវធ្វើការជ្រើសរើសទីផ្សារមួយដែលខ្លួនចង់វិនិយោគជាមុនសិន រួចធ្វើការសិក្សាទៅលើសេដ្ឋកិច្ចរបស់ប្រទេសនោះ ធៀបជាមួយនឹងស្ថានភាព និងបរិបទសេដ្ឋកិច្ចក្នុងតំបន់។ វិនិយោគិនអាចពិនិត្យមើល ទៅលើផលិតផលក្នុងស្រុកសរុប (Gross Domestic Products or GDP) របស់ប្រទេសនោះ។ ប្រសិនបើ GDP មានការលូតលាស់ នោះមានន័យថាសេដ្ឋកិច្ចរបស់ប្រទេសនេះមានស្ថានភាពល្អប្រសើរ។ ឧទាហរណ៍ប្រសិនបើគេចង់វិនិយោគនៅប្រទេសកម្ពុជា គេអាចមើលទៅលើ GDP របស់កម្ពុជាប្រៀបធៀបនឹងប្រទេសជិតខាង ឬទីផ្សារនៅអាស៊ីអគ្នេយ៍ និងអាស៊ីទាំងមូលក៏បាន។ វិនិយោគិន ក៏អាចជ្រើសយកប្រទេសមួយដែលមានស្ថានភាពសេដ្ឋកិច្ចប្រសើរជាងគេ ឬមានការលូតលាស់ GDP ខ្ពស់ជាងគេក៏បាន។ ឧទាហរណ៍ ជម្រើសនោះអាចជាប្រទេសចិនបើផ្អែកលើស្ថិតិនៅឆ្នាំ ២០១៩។
២. វិភាគវិស័យដែលមានសក្តានុពល
បន្ទាប់ពីពិនិត្យលើស្ថានភាពសេដ្ឋកិច្ច និងជ្រើសរើសទីផ្សាររបស់ប្រទេសណាមួយហើយ វិនិយោគិនត្រូវមើលទៅលើទំនោរទីផ្សារ ថាតើអតិថិជនក្នុងទីផ្សារនោះកំពុងពេញនិយមអី ហើយវិស័យណាដែលកំពុងមានសន្ទុះខ្លាំង។ ឧទាហរណ៍ ប្រទេសកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ មានសន្ទុះទីផ្សារខ្លាំងផ្នែកសំណង់ ជាពិសេសលើគម្រោងសំណង់បុរី។ បន្ទាប់ពីរកឃើញវិស័យដែលមានសក្តានុពលហើយ វិនិយោគិនត្រូវពិចារណាមើលថាតើខ្លួនគួរប្រឡូកចូលផ្នែកណានៃវិស័យនោះ ដើម្បីទទួលបានឱកាសលូតលាស់ខ្លាំង។ ឧទាហរណ៍ វិស័យសំណង់មានអាជីវកម្មពាក់ព័ន្ធជាច្រើនដូចជាអាជីវកម្មលក់គ្រឿងសំណង់ សេវាកម្មអចលនទ្រព្យ និងគម្រោងលំនៅដ្ឋានផ្សេងៗ។ អាស្រ័យទៅតាមវិភាគរបស់វិនិយោគិន គាត់អាចសម្រេចចិត្តជ្រើសយកអាជីវកម្មដែលគាត់គិតថាមានសក្តានុពលខ្ពស់ និងរកចំណូលបានច្រើន។
៣. វិភាគលក្ខខណ្ឌក្រុមហ៊ុនដែលខ្លួនចង់វិនិយោគ
ក្រោយពីគាត់បានជ្រើសរើសប្រទេស និងវិស័យអាជីវកម្មដែលគាត់ចង់វិនិយោគហើយ វិនិយោគិននឹងចាប់ផ្តើមមើលទៅលើក្រុមហ៊ុនដែលស្ថិតនៅក្នុងលក្ខខណ្ឌដែលគាត់បានជ្រើសរើសនោះ។ ពួកគាត់អាចប្រៀបធៀបក្រុមហ៊ុនក្នុងវិស័យតែមួយដោយប្រើការវិភាគលើដៃគូប្រកួតប្រជែង (Competitor Analysis) ដូចជាពិនិត្យមើល competitive advantage យុទ្ធសាស្ត្រទីផ្សារ ប្រភេទអតិថិជន ភាពខុសគ្នារវាងផលិតផល ឬសេវាកម្មជាដើម។ បន្ទាប់មក ពួកគាត់អាចពិនិត្យមើលលើចំណុចមួយចំនួនក្នុងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដូចជាប្រភពចំណូល អត្រាកំណើនប្រាក់ចំណូល លំហូរសាច់ប្រាក់ កមិ្រតប្រាក់ចំណេញ ការប្រៀបធៀប P/E Ratio និងតម្លៃនៃភាគហ៊ុនក្នុងផ្សារមូលបត្រ (បើវាជាក្រុមហ៊ុនសាធារណៈ) ជាដើម ដោយប្រើការវិភាគ Fundamental Analysis ដើម្បីសម្រេចចិត្តថាគួររើសយកក្រុមហ៊ុនមួយណា។
Top-down Analysis គឺជាវិធីមួយដែលវិនិយោគិនអាចប្រើជាយុទ្ធសាស្ត្រក្នុងការសម្រេចចិត្តធ្វើការវិនិយោគ តែនៅមានរបៀបវិភាគ និងយុទ្ធសាស្ត្រជាច្រើនទៀត ដែលវិនិយោគិនអាចប្រើប្រាស់បាន ទៅតាមលក្ខខណ្ឌ និងលទ្ធភាពដែលវិនិយោគិនចង់បាន។ ការវិភាគទាំងអស់មានចំណុចល្អ និងចំណុចអន់រៀងៗខ្លួន ដូចនេះបើអ្នកទាំងអស់គ្នាចង់វិនិយោគ គួរប្រើរបៀបវិភាគពីរបី រួចផ្ទៀងផ្ទាត់គ្នា មុននឹងធ្វើការសម្រេចចិត្ត។
ប្រភព៖ https://thebusinessprofessor.com/investments-trading-financial-markets/top-down-analysis-definition