fbpx

មេរៀនហិរញ្ញវត្ថុពីរឿង Disney

កាលពីតូច អ្នកណាខ្លះធ្លាប់មើលរឿងតុក្កតារបស់ Disney? រឿងទាំងនេះ មិនត្រឹមតែមានសាច់រឿងល្អប៉ុណ្ណោះទេ ហើយថែមទាំងមានបង្កប់អត្ថន័យអប់រំល្អៗសម្រាប់ការរស់នៅទៀតផង។ 

តែសំខាន់ជាងនេះ តើអ្នកទាំងអស់គ្នាដឹងទេថា រឿងទាំងនេះក៏មានបង្កប់មេរៀនហិរញ្ញវត្ថុដែល អ្នកទាំងអស់គ្នាអាចរៀនពីតួអង្គក្នុងរឿង?

ថ្ងៃនេះ អេដមីននឹងលើកយករឿងរបស់ Disney ចំនួន ៥ ដែលអេដមីនជាហ្វេន និង​មេរៀនហិរញ្ញវត្ថុដែលមានបង្កប់នៅក្នុងរឿងទាំងនោះ មកប្រាប់បងប្អូនទាំងអស់គ្នាឲ្យបានដឹង៖

Moana

ប្រជាជនក្នុងកុលសម្ព័ន្ធ Motunui របស់ Moana រស់នៅពឹងផ្អែកលើធនធានធម្មជាតិដែលមាននៅលើកោះរបស់ពួកគេ។ ដោយសារតែទំនុកចិត្តទៅលើភាពអំណោយផលនេះ នាំឲ្យពួកគេជួបប្រទះបញ្ហាស្បៀងយ៉ាងខ្លាំងពេលដែលកោះរបស់ពួកគេជួបគ្រោះទុរភិក្ស។ ចំណុចនេះប្រៀបបានទៅនឹងការវិនិយោគដែរ ដែលវិនិយោគិនទាំងអស់ត្រូវតែគិតគូរពីការធ្វើពិពិធកម្ម​ ទៅលើផលប័ត្រវិនិយោគរបស់ខ្លួន ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានក្នុងករណីដែលមូលប័ត្រណាមួយមានឱនភាព។ មួយវិញទៀត គ្រោះទុរភិក្សនេះប្រៀបបាននឹងរឿងអាសន្នដែលអាចកើតមានជាយថាហេតុផងដែរ ហើយឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការត្រៀមទុកកញ្ចប់លុយពេលមានអាសន្ន។ ប្រសិនអ្នកនៅលើកោះនោះ មានត្រៀមស្បៀងទុក ពួកគេប្រហែលជាមិនសូវរងការលំបាកខ្លាំងប៉ុន្មាននោះទេ។

Frozen

ក្នុងរឿងនេះ ព្រះអង្គម្ចាស់ Hans បានទាក់ចិត្តព្រះនាង Anna ដោយការបង្ហាញអត្តចរិករួសរាយ និងមានមន្តស្នេហ៍។ តែយើងបានដឹងថា ចុងបញ្ចប់តួអង្គ​ ព្រះអង្គម្ចាស់ Hans នេះជាតួអង្គអាក្រក់ដែលមានគម្រោងចង់សម្លាប់ព្រះនាងទាំងពីរ ហើយកាន់កាប់នគររបស់ពួកទ្រង់។ យើងឃើញថាព្រះនាង Anna ត្រូវបានគេបំភ័ន្តភ្នែក និងបង្វក់ស្មារតី។ ចំណុចនេះក៏ប្រៀបបាននឹងការវិនិយោគផងដែរ  យើងត្រូវចេះពិចារណា នឹងវិភាគឲ្យបានដិតដល់មុននឹងសម្រេចចិត្តវិនិយោគលើអី្វមួយ មិនត្រូវចេះតែជឿតាមការបញ្ចុះបញ្ចូលរបស់គេ ឬមើលតែសំបកក្រៅរបស់មូលបត្រដែលអ្នកចង់វិនិយោគនោះទេ។

The Little Mermaid

ក្នុងរឿងនេះ Ariel ជាស្រីមច្ឆាដែលចង់ស្គាល់ជីវិតរស់នៅលើដីគោក ហើយនាងស្ម័គ្រចិត្តចុះកុងត្រាជាមួយមេធ្មប់មឹក Ursula ដើម្បីប្តូរកន្ទុយរបស់នាងមកជាជើងមនុស្សអាចដើរលើគោកបាន។ ដោយសារតែការធ្វេសប្រហែស នាងមិនបានចាប់អារម្មណ៍ថាកុងត្រានេះប្តូរយកសម្លេងនាងជាថ្នូរ និងជើងមួយគូរនោះទេ។ ដូចគ្នានេះដែរ មុនពេលអ្នកទាំងអស់ធ្វើការសម្រេចចិត្តហិរញ្ញវត្ថុអ្វីមួយ​ ត្រូវប្រាកដថាខ្លួនបានដឹង និងយល់ច្បាស់អំពីហានិភ័យដែលជាប់មកជាមួយនឹងសេចក្តីសម្រេចនេះ​ ចៀសវាងការស្តាយក្រោយនៅថ្ងៃខាងមុខ។ 

The Princess and The Frog

នាង Tiana មានគោលដៅធំមួយគឺនាងចង់បើកភោជនីយដ្ឋានរបស់ខ្លួនមួយនៅថ្ងៃអនាគត។ ដើម្បីសម្រេចបានគោលដៅនេះ នាងបានខិតខំប្រឹងប្រែងពុះពារឧបសគ្គនានា ក្នុងជីវិតរស់នៅ ក៏ដូចជាជីវិតស្នេហារបស់នាង។ នៅទីបញ្ចប់ការខិតខំប្រឹងប្រែង និងការវិនិយោគមកលើរូបនាងផ្ទាល់ រួមទាំងទម្លាប់សន្សំលុយដ៏ល្អរបស់នាង អនុញ្ញាតឲ្យនាងសម្រេចក្តីស្រមៃក្នុងការបើកភោជនីយដ្ឋានរបស់នាងនៅ New Orlean ហើយរៀបការជាមួយ Naveen ដែលជាគូស្នេហ៍របស់នាងផងដែរ។​ រឿងរបស់ Tiana បានបង្ហាញឲ្យយើងឃើញថា ជីវិតគឺជាការតស៊ូ ហើយគ្មានផ្លូវកាត់ដែលអាចនាំយើងឲ្យក្លាយជាមនុស្សធូរធារ ក្នុងមួយប្រព្រិចភ្នែកឡើយ។ មានតែការខិតខំប្រឹងប្រែង បូករួមនឹងការចេះរៀបចំគម្រោងហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវទេ ដែលអាចនាំយើងឲ្យសម្រេចគោលដៅរបស់យើងបាន។

Inside Out

Riley ជាក្មេងស្រីអាយុ ១១ ឆ្នាំមួយរូបដែលផ្លាស់ទីលំនៅពីរដ្ឋ Minnesota ទៅ San Francisco សហរដ្ឋអាមេរិក។ នៅក្នុងរឿងនេះ នាងមានអារម្មណ៍ ដែលតំណាងឲ្យតួអង្គដែលមានឈ្មោះដូចអារម្មណ៍ទាំងនោះ។ ពេលដែលនាងអនុញ្ញាតឲ្យ Fear, Anger, Disgust ដែលត្រូវនឹងអារម្មណ៍ភ័យខ្លាច កំហឹង និងការស្អប់ខ្ពើមត្រួតត្រាការសម្រេចចិត្តរបស់នាង ការសម្រេចចិត្តទាំងនោះធ្វើឲ្យនាងជួបបញ្ហាជាច្រើន ដែលមិនល្អសម្រាប់រូបនាងឡើយ។ រឿងនេះដូចគ្នាទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនដែរ ប្រសិនបើយើងយកអារម្មណ៍មកគ្រប់គ្រងលុយកាក់របស់យើងនោះ យើងអាចធ្វើការសម្រេចចិត្តមិនត្រឹមត្រូវដូចជាការចាយវាយលើសកម្រិត ធ្វើឲ្យអ្នកអាចធ្លាក់ក្នុងបំណុលជាដើម។ ត្រូវគ្រប់គ្រងលុយកាក់ដោយប្រើហេតុផល!

ប្រភព៖ https://www.mybudget.com.au/blog/money-management/10-money-lessons-from-disney-movies/ 

មេរៀនហិរញ្ញវត្ថុពីរឿង Disney

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading