រូបិយបណ្ណឌីជីថល ឬ Digital Currency បច្ចុប្បន្ននេះកំពុងតែមានការចាប់អារម្មណ៏យ៉ាងខ្លាំង ជាពិសេសនៅពេលដែលលោក Elon Musk លើកយកមកនិយាយនៅក្នុងបទសម្ភាសន៏របស់គាត់នា ពេលថ្មីៗនេះ។ ប្រសិនបើសន្ទុះនៃការប្រើប្រាស់រូបិយបណ្ណឌីជីថលកាន់តែកើនឡើង តើអនាគតរបស់ រូបិណ្ណនេះនឹងទៅជាយ៉ាងណា?
រូបិយបណ្ណឌីជីថល គឺជាប្រាក់ដែលស្ថិតក្នុងទម្រង់ជាប្រព័ន្ធអេឡិចត្រូនិចអាចប្រើជំនួសសាច់ ប្រាក់ធម្មតាបានដូចជាប្រាក់គ្រីបតូ (Cryptocurrency) ជាដើម។ រីឯរូបិយបណ្ណអេឡិចត្រូនិច (Electronic Currency) ជាប្រាក់អេឡិចត្រូនិចប្រើសម្រាប់ការទូទាត់ផ្សេងៗ តែអាចដកមកចាយវាយជាទម្រង់ ក្រដាសប្រាក់បានតាមធនាគារ ឬទូATM ហើយការផ្ទេរប្រាក់តាមកម្មវិធីក្នុងទូរស័ព្ទដៃរបស់បងប្អូនសព្វ ថ្ងៃហៅថារូបិយបណ្ណអេឡិចត្រូនិច។ ចំណុចសំខាន់ដែលខុសគ្នាមួយទៀតនោះ គឺរូបិយបណ្ណឌីជីថល មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ ឬធនាគារកណ្តាលនោះទេនាពេលឥឡូវនេះ តែប្រាក់ អេឡិចត្រូនិចស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល និងធនាគារជាតិ។
ដោយសារឃើញពីសន្ទុះនៃការចាប់អារម្មណ៏ និងការប្រើប្រាស់រូបិយបណ្ណឌីជីថលកើនឡើង ប្រទេសមួយចំនួនចង់បង្កើត “ធនាគារកណ្តាលរូបិយបណ្ណឌីជីថល (Central Bank Digital Currency)” ដែលជាធនាគារពិសេសមួយសម្រាប់គ្រប់គ្រង និងកំណត់ប្រភេទរូបិយបណ្ណឌីជីថលនេះ។ បច្ចុប្បន្ននៅ ក្នុងឆ្នាំ២០២១នេះ ប្រទេសចិនបានបង្កើត CBDC នេះនឹងបានដាក់ឲ្យប្រជាជនប្រើប្រាស់តាមទូរស័ព្ទដៃ ជំនួសឲ្យការចាយសាច់ប្រាក់ ហើយចិនកំពុងតែពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រាក់ប្រភេទនេះផង ដែរ ដោយសាកល្បងចេញរូបិយបណ្ណឌីជីថលនេះចំនួន ៦.២ លានដុល្លារសហរដ្ឋអាមេរិកទៅកាន់ ប្រជាជននៅក្នុងទីក្រុងប៉េកាំង ។ ការបង្កើត CBDC នេះធ្វើឲ្យរដ្ឋាភិបាលអាចគ្រប់គ្រងការចាយវាយ ប្រាក់ប្រភេទនេះនៅក្នុងប្រទេស ហើយប្រាក់ឌីជីថលដែលចេញពី CBDC ត្រូវបានទទួលស្គាល់ជាទូទៅ និងអាចចាយបានជាធម្មតាមិនដូចប្រាក់ប្រភេទគ្រីបតូ (Cryptocurrency) ដែលទទួលស្គាល់តាម ក្រុមហ៊ុនមួយចំនួនតែប៉ុណ្ណោះ។ នាពេលអនាគតគេអាចរំពឹងទុកថាការប្រើប្រាស់រូបិយបណ្ណឌីជីថល នេះ អាចមកជំនួសការប្រើប្រាស់ ក្រដាសប្រាក់បាន ព្រោះក្នុងពេលនេះប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក អង់គ្លេស កាណាដាជាដើម កំពុងតែស្វែងយល់ បន្ថែមអំពីដំណើរការនៃការ ប្រើប្រាស់ ប្រាក់ប្រភេទនេះ។
ទោះបីជាការប្រើប្រាស់រូបិយបណ្ណឌីជីថលអាចផ្តល់ផលងាយស្រួលជាច្រើនដល់អ្នកប្រើប្រាស់ ដូចជា ធ្វើការទូទាត់ប្រាក់បានភ្លាមៗ និងប្រើប្រាស់បាន ២៤/៧ តែវានៅតែមានផលវិបាកមួយចំនួនដែល ទាមទារឲ្យមានការសម្រួលជាច្រើនមុនពេលដាក់ឲ្យប្រើប្រាស់ជាសាធារណៈជំនួសសាច់ប្រាក់ដូចជា តម្រូវឲ្យមានទូរស័ព្ទទំនើប ប្រព័ន្ធអុិនធឹណេតជាដើម។