fbpx

ថ្ងៃនេះ #LuyBook នឹងរៀបរាប់អំពីកាក់ឌីជីថលទាំង១០ដែលមានតម្លៃទីផ្សារខ្ពស់ជាងគេ គិតត្រឹមថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១នេះ ដែលមាន ដូចខាងក្រោម៖

១. Bitcoin (BTC)

Bitcoin គឺជាប្រភេទកាក់ឌីជីថលមួយប្រភេទដែលបានប្រើប្រាស់បច្ចេកវិទ្យា Peer-to-Peer (Peer-to-peer គឺសំដៅដល់ប្រព័ន្ធមួយដែលតភ្ជាប់ប្រតិបត្ដិការរវាងបុគ្គលមួយទៅបុគ្គលមួយទៀតដោយផ្ទាល់ និងដោយមិនឆ្លងការអន្ដរការីណាមួយឡើយ) ដើម្បីប្រតិបត្ដិការដោយមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារកណ្ដាល ឬរដ្ឋាភិបាលណាមួយឡើយ។ Bitcoin គឺបង្កើតឡើងមានលក្ខណៈជា Open Source ដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាចូលទៅប្រើប្រាស់នៅក្នុងបណ្ដាញបាន ហើយគ្មាននរណាម្នាក់ជាអ្នកគ្រប់គ្រងនោះទេ។ កាក់ឌីជីថល Bitcoin នៅតែរក្សាបាននូវតំណែងកំពូលជាកាក់ដែលមានតម្លៃជាងនៅក្នុងចំណោមកាក់ឌីជីថលទាំងជាង៤០០០ប្រភេទ បើទោះបីជាតម្លៃរបស់វាមានភាពរង្គោះរង្គើបន្ដិចនាពេលថ្មីៗនេះ។ តម្លៃទីផ្សាររបស់កាក់មួយនេះ មានរហូតដល់ទៅជាង ៨៩១ពាន់លានដុល្លារអាម៉េរិក ហើយតម្លៃបច្ចុប្បន្នក្នុង១កាក់គឺប្រមាណ ៤៧,៣៨៦ដុល្លារ។

២. Ethereum (ETH)

Ethereum គឺជាបណ្ដាញ Blockchain មួយ ដែលមានលក្ខណៈបើកចំហរ ហើយវាក៏ជាអ្នកនៅពីក្រោយកាក់ឌីជីថល Ethereum (ETH) និងកម្មវិធីរាប់ពាន់ផ្សេងៗជាច្រើនទៀតផងដែរ។ ដោយឡែក នាពេលថ្មីៗនេះ តម្លៃទីផ្សាររបស់កាក់ឌីជីថល Ethereum មានតម្លៃជាង៣១៧ពាន់លានដុល្លារ។ នៅថ្ងៃនេះតម្លៃរបស់វាមានជាង៣,២៩២ដុល្លារ។

៣. Binance Coin (BNB)

កាក់ Binance ជាប្រភេទកាក់ឌីជីថលមួយដែលត្រូវបានបង្កើតឡើងដោយ​ក្រុមហ៊ុន Binance។ ដំបូងឡើយ វាដំណើរការនៅក្នុងបណ្ដាញ Blockchain របស់ Ethereum ប៉ុន្ដែក្រោយមក ក្រុមហ៊ុន Binance ក៏បង្កើតបណ្ដាញសម្រាប់ដំណើរការដោយខ្លួនឯង នោះគឺ Binancechain។ កាក់នេះត្រូវបានដាក់ឲ្យដំណើរការនៅក្នុងទីផ្សារជួញដូរនៅក្នុងឆ្នាំ២០១៧ ដែលបច្ចុប្បន្នមានតម្លៃទីផ្សារប្រមាណ ៧២ពាន់លានដុល្លារ និងមានតម្លៃប្រមាណ ៤២៨ដុល្លារក្នុង១កាក់។

៤. Cardano (ADA)

Cardano គឺជាបណ្ដាញBlockchain ជំនាន់ទី៣ និងដែលជា smart contracts platform ដែលមានកាក់ឌីជីថលឈ្មោះ (ADA)។ នៅដើមឆ្នាំ២០២១ តម្លៃរបស់វាបានកើនឡើងដល់ប្រមាណ២ដុល្លារ ពីតម្លៃដើមតែ១០សេន។ តម្លៃទីផ្សារបស់វាពេលនេះកើនដល់ ៦៩ពាន់លានដុល្លារអាម៉េរិក និងមានតម្លៃ២.១៧ដុល្លារក្នុង១កាក់។

៥. Tether (USDT)

Tether គឺប្រភេទកាក់ឌីជីថលមួយដែលដំណើរការនៅក្នុងបណ្ដាញ Blockchain ដែលត្រូវបានគេស្គាល់ជាទូទៅថាជាកាក់ឌីជីថលដែលមានស្ថេរភាពតម្លៃបំផុតនៅក្នុងទីផ្សារ។ តម្លៃរបស់វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងរូបិយបណ្ណដុល្លារអាមេរិក (peg to USD) ដែលតម្លៃក្នុង១កាក់ គឺ១ដុល្លារ ដែលមានការប្រែប្រួលតិចតួចបំផុត។ Tether ត្រូវបានវិនិយោគិនចាប់អាម្មរណ៍ច្រើនដោយសារវាត្រូវបានគេវិនិយោគ ដើម្បីចៀសវាងការបាត់បង់ប្រាក់នៅពេលដែលតម្លៃទីផ្សាររបស់Crypto មានការឡើងចុះខ្លាំង។ ពេលនេះតម្លៃទីផ្សាររបស់វាមានរហូតដល់ទៅជាង៦៣ពាន់លានដុល្លារអាមេរិក។

៦. Ripple (XRP)

Ripple គឺជាក្រុមហ៊ុនមួយដែលជាអ្នកនៅពីក្រោយកាក់ឌីជីថល XRP ដែលដំណើរការដោយប្រើប្រាស់បច្ចេកវិទ្យា Peer-to-Peer។ បច្ចុប្បន្នវាមានតម្លៃទីផ្សារប្រមាណ៥៩ពាន់លានដុល្លារអាម៉េរិក។ នៅក្នុងឆ្នាំ២០២០ តម្លៃរបស់វាខ្ពស់បំផុតត្រឹមតែ៦០សេនប៉ុណ្ណោះ ប៉ុន្ដែពេលនេះតម្លៃកើនដល់ជាង១ដុល្លារក្នុង១កាក់។ តម្លៃថ្ងៃនេះគឺ ប្រមាណ១.២៨ដុល្លារក្នុង១កាក់។

៧. Dogecoin (DOGE)

Dogecoin គឺជាកាក់ឌីជីថលមួយប្រភេទដែលដំណើរជាលក្ខណៈ Open-Source បង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដោយសហស្ថាបនិក២រូប គឺ លោក Jackson Palmer និងលោក Billy Markus។ កាក់ឌីជីថលមួយនេះ ត្រូវបានគេយកមក Meme ជារឿយៗនៅក្នុងបណ្ដាញសង្គមជាពិសេស Twitter ដែលធ្វើឲ្យតម្លៃរបស់វាកើនដ៏ចំណុចខ្ពស់បំផុតនៅតម្លៃ៧០សេន នៅក្នុងខែមេសា ឆ្នាំ២០២១។ យ៉ាងណាមិញ តម្លៃទីផ្សាររបស់វាពេលនេះមានប្រមាណ៤៥ពាន់លានដុល្លារអាម៉េរិក និងតម្លៃក្នុង១កាក់បានធ្លាក់ចុះមកក្នុងរង្វង់ ៣៤សេនប៉ុណ្ណោះ។

៨. USD Coin (USDC)

កាក់ឌីជីថល USD គឺជាប្រភេទកាក់មួយដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ ដែលដំណើរការនៅក្នុងបណ្ដាញEthereum។ វាជាប្រភេទកាក់ដែលមានស្ថេរភាពបំផុតមួយផងដែរ ដែលតម្លៃរបស់វាផ្សារភ្ជាប់ជាមួយនឹងប្រាក់ដុល្លារអាមេរិក (Peg to USD) ពោលគឺ១កាក់មានតម្លៃស្មើ១ដុល្លារអាមេរិក។ បច្ចុប្បន្នវាជាកាក់ដែលស្ថិតនៅលំដាប់ទី៩ ដែលមានតម្លៃទីផ្សារប្រមាណ២៧ពាន់លានដុល្លារអាម៉េរិក និងតម្លៃ០.៩៩ដុល្លារក្នុង១កាក់។

៩. Polkadot (DOT)

Polkadot គឺជាប្រព័ន្ធ Blockchain មួយ ដែលអនុញ្ញាតឲ្យបណ្ដាញ Blockchain ផ្សេងទៀតធ្វើការនៅក្នុងបណ្ដាញតែមួយ ដែលបង្កើតឡើងដោយសហស្ថាបនិក Ethereum លោក Gavin Wood នៅក្នុងឆ្នាំ២០២០ និងនៅពីក្រោយកាក់ឌីជីថល DOT។ កាក់ឌីជីថលមួយនេះត្រូវបានដាក់ឲ្យជួយដូរនៅក្នុងទីផ្សារនៅក្នុងឆ្នាំ២០២០ តែតម្លៃបានកើនឡើងយ៉ាងឆាប់រហ័សដល់ប្រមាណ៤១ដុល្លារ ប៉ុន្ដែពេលនេះតម្លៃរបស់វាបានធ្លាក់មកវិញនៅត្រឹមប្រមាណ២៤.៨៥ដុល្លារ។ ចំណែកតម្លៃទីផ្សាររបស់វាមានរហូតដល់ទៅជាង ២៤ពាន់លានដុល្លារអាម៉េរិក។

១០. Uniswap (UNI)

Uniswap គឺជាប្រព័ន្ធទូទាត់វិមជ្ឈការមួយដែលដំណើរការនៅក្នុង Blockchain របស់ Ethereum។ វាក៏ត្រូវបានគេចាត់ទុកជាកាក់ឌីជីថលមួយផងដែរ ដែលពេលបច្ចុប្បន្ននេះវាមានតម្លៃទីផ្សារប្រមាណ១៨ពាន់លានដុល្លារ និងមានតម្លៃជួញដូរប្រហែល៣១.០៩ដុល្លារ។

ប្រភព: https://coinmarketcap.com/

កំពូលកាក់ឌីជីថលទាំង១០ ដែលអ្នកគួរដឹង

Leave a Reply

Scroll to top
%d bloggers like this: