fbpx

#LuyBook ធ្លាប់សរសេរអត្ថបទអំពី  F.I.R.E. ឬឯករាជ្យភាពហិរញ្ញវត្ថុ និងការចូលនិវត្តន៍លឿន ម្ដងរួចហើយ។

ដូចនេះ យើងបានដឹងថាអ្នកដែលនៅក្នុងចលនា FIREនេះ គឺខិតខំសន្សប្រាក់ឱ្យបានពីចន្លោះពី ២៥ ទៅ ៣០ដងនៃការចំណាយប្រចាំឆ្នាំរបស់ពួកគេ ហើយការរស់នៅបែបនេះទាមទារឱ្យមានការសន្សំសំចៃខ្ពស់ និងត្បិតត្បៀតខ្លាំង ដែលមនុស្សមួយចំនួនប្រហែលជាគិតថាមិនសាកសមជាមួយពួកគេឡើយ។

អ៊ីចឹង, ក្នុងថ្ងៃនេះ #LuyBook នឹងនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ពីប្រភេទផ្សេងៗទាំង ៥នៃឯករាជ្យភាពហិរញ្ញវត្ថុ ដូចខាងក្រោម៖

១. Lean FI

ប្រភេទនេះគឺសម្រាប់អ្នកដែលមានកញ្ចប់សន្សំសម្រាប់វិនិយោគល្មមគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ចំណាយចាំបាច់ដូចជា ផ្ទះ, ម្ហូបអាហារ, ទឹក, ភ្លើង ជាដើម។ មនុស្សប្រភេទេនេះរស់នៅបែបតិចនិយម ហើយបើនិយាយឱ្យស្រួលស្ដាប់គឺថា ទោះគ្មានការងារធ្វើ ក៏មិនដាច់ពោះស្លាប់ដែរ គ្រាន់តែបានមួយរស់ មិនមានលុយសល់ ឬលុយទុកដើរលេង ជាដើម។

២.​ Regular FI

ប្រភេទនេះគឺសម្រាប់អ្នកដែលមានកញ្ចប់សន្សំសម្រាប់វិនិយោគល្មមសម្រាប់ការរស់នៅដូចជីវិតយើងធម្មតាប្រចាំថ្ងៃ។ នេះមានន័យថា យើងមានលុយទុកសម្រាប់ចំណាយចាំបាច់ហើយ មានលុយសល់ខ្លះសម្រាប់ចំណាយបន្ថែម ដូចជាដើរលេងយូរៗម្ដង ជាដើម។

៣. Barista FI

ប្រភេទនេះគឺសម្រាប់អ្នកដែលមានកញ្ចប់សន្សំសម្រាប់វិនិយោគមិនទាន់ល្មមសម្រាប់ការរស់នៅជីវភាពធម្មតានៅឡើយ ប៉ុន្តែចង់បាន Regular FI​ ដូចនេះត្រូវធ្វើការបន្ថែម ប៉ុន្តែបែបក្រៅម៉ោងលេងៗ ទៅតាមអ្វីដែលខ្លួនចូលចិត្ត។ និយាយឱ្យស្រួលស្ដាប់ទៅចង់បាន Regular FI យូរពេក អ៊ីចឹងមានតែ Lean FI សិន ហើយចាំធ្វើការក្រៅម៉ោងមកបង្គ្រប់។

៤. Fat FI

ប្រភេទនេះគឺសម្រាប់អ្នកដែលមានកញ្ចប់សន្សំសម្រាប់វិនិយោគលើសពីការរស់នៅធម្មតា និយាយទៅជីវភាពខ្ពស់ជាងធម្មតាបន្តិច។ មនុស្សភាគច្រើនចង់បានប្រភេទនេះ បើទោះជាចំណាយពេលវេលាយូរបន្តិច ព្រោះថាយើងអាចសល់លុយខ្លះ សម្រាប់ពេលដែលការវិនិយោគយើងអាចឡើងចុះដោយសារកត្តាណាមួយ។

៥. Coast FI

ប្រភេទនេះគឺសម្រាប់អ្នកដែលមានកញ្ចប់សន្សំសម្រាប់វិនិយោគគ្រប់គ្រាន់សម្រាប់ការចូលនិវត្តន៍ដោយមិនចាំបាច់ដាក់លុយចូលវិនិយោគបន្ថែមឡើយ ពោលគឺពឹងលើអត្រាការប្រាក់សមាស (compound interest) ដើម្បីឱ្យកញ្ចប់លុយកើនឡើង។ ឧទាហរណ៍៖ អ្នកចង់ចូលនិវត្តន៍នៅអាយុ ៦៥ឆ្នាំ និងពេលដែលមានលុយ ១ លានដុល្លារ។ ដូចនេះ, បើអ្នកមានកញ្ចប់លុយសន្សំចំនួន ១០០,០០០ដុល្លារ នៅអាយុ ៣០ ហើយលុយនេះកើនឡើងក្នុងអត្រាការប្រាក់ ៧%ប្រចាំឆ្នាំ (ដោយមិនដាក់លុយបន្ថែមជារៀងរាល់ឆ្នាំទៀតទេ) នោះអ្នកនឹងមានលុយជាង ១,០០០,០០០ដុល្លារ នៅអាយុ ៦៥ឆ្នាំ។

​បន្ទាប់ពីអានអត្ថបទនេះហើយ, សង្ឃឹមថាអ្នកទាំងអស់គ្នាអាចស្វែងរកឃើញប្រភេទឯករាជ្យភាពហិរញ្ញវត្ថុណាមួយដែលសាកសមនឹងការរស់នៅរបស់ខ្លួនផ្ទាល់។

ប្រភព និងអានបន្ថែម៖ https://www.timevaluemillionaire.com/five-types-of-financial-independence/​​

៥ ប្រភេទនៃឯករាជ្យភាពហិរញ្ញវត្ថុ

Leave a Reply

Scroll to top
%d bloggers like this: