fbpx

ធ្លាប់សរសេរសំបុត្រទៅខ្លួនឯងនាពេលអនាគតអត់?

ស្ដាប់ទៅដូចជាចម្លែកបន្តិចព្រោះសរសេរឱ្យខ្លួនឯង ប៉ុន្តែអ្នកទាំងអស់គ្នាអាចសាកសរសេរបាន ប្រសិនបើចង់ឱ្យខ្លួនឯងសន្យាថាសម្រេចគោលដៅអ្វីមួយ, ចង់ដឹងថាខ្លួនឯងសម្រេចបានគោលដៅប៉ុន្មាន, សរសេរដើម្បីលើកទឹកចិត្តខ្លួនឯងពេលអនាគត, រៀបរាប់អំពីស្ថានភាពខ្លួនឯងបច្ចុប្បន្ន, ឬគ្រាន់តែចង់សរសេរសំបុត្រលេងៗឱ្យខ្លួនឯងពេលអនាគតក៏បាន។​

ជំហានទី១៖

កំណត់ឱ្យអាយុដែលចង់សរសេរជូន, ៥ឆ្នាំទៀត?​ ១០ឆ្នាំទៀត? ឬ ២០ឆ្នាំ?

ឧទាហរណ៍៖ ជូនចំពោះសីហា ១០ឆ្នាំខាងមុខ, ជូនចំពោះសីហានៅអាយុ ៣០ឆ្នាំ។


ជំហានទី២៖
និយាយពីស្ថានភាពខ្លួនឯងបច្ចុប្បន្នឱ្យអនាគតស្ដាប់។

ឧទាហរណ៍៖ ឆ្នាំនេះខ្ញុំអាយុ ២២ឆ្នាំហើយ, ទើបរៀនចប់សកលវិទ្យាល័យ ហើយបានចូលបម្រើការងារនៅក្រុមហ៊ុនមួយកន្លែង បានប្រាក់ខែល្មមគួរសមដែរគ្រប់គ្រាន់នឹងការចាយវាយម្នាក់ឯង និងអាចសន្សំបានតិចតួច។

ជំហានទី ៣៖

និយាយអំពីជំនាញ និងអ្វីដែលអ្នកចូលចិត្ត និងមិនចូលចិត្ត។

ឧទាហរណ៍៖ ជំនាញរបស់ខ្ញុំទីផ្សារ ព្រោះរៀនខាងនឹង ហើយខ្ញុំក៏អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អដែរ។ អ្វីដែលខ្លាចជាងគេគឺអត់លុយចាយ ព្រោះពេលខ្លះរៀងជ្រុលដៃបន្តិច និងដាច់លុយចុងខែ។ ប៉ុន្តែប្រហែលជាមិនអីទេ ឥឡូវទើបបានស្គាល់ LuyBook បានចាប់ផ្ដើមយល់ដឹង និងចូលចិត្តអានបន្ថែមអំពីការគ្រប់គ្រងលុយ និងការវិនិយោគ។

ជំហានទី ៤៖

និយាយពីអ្វីដែលអ្នកសង្ឃឹមថាខ្លួនឯងនាពេលអនាគត នឹងឈប់ធ្វើ។

ឧទាហរណ៍៖ រាល់ថ្ងៃស្ត្រេសណាស់ ការងារក៏ពិបាក ហើយឱ្យតែទៅដល់ផ្ទះវិញអ្នកផ្ទះរអ៊ូរហូត បើនិយាយមិនស្រួលប៉ះពាល់សម្ដីជ្រុលឈ្លោះគ្នាពេញនឹង។ អ៊ីចឹង ខ្ញុំសង្ឃឹមថាខ្ញុំនៅពេលអនាគតនឹងឈប់ធ្វើបែបនេះ ហើយចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានច្រើន។

ជំហានទី ៥៖

សំណួរដែលចង់សួរខ្លួនឯងពេលអនាគត។

ឧទាហរណ៍៖ តើមានចូលចិត្តនឹងអ្វីដែលខ្លួនឯងធ្វើឬអត់? តើសប្បាយចិត្តឬអត់ឥឡូវនេះ? តើទំនាក់ទំនងជាមួយមិត្តភក្ដិ និងគ្រួសារយ៉ាងម៉េចហើយ? តើមាននៅលេងហ្គីតាអត់? តើនៅអានសៀវភៅ និងហាត់ប្រាណជាប្រចាំអត់? តើមានតាមដាន LuyBook ជាប្រចាំអត់?

ជំហានទី ៦៖

និយាយអំពីគោលដៅ ថាខ្លួនចង់ដឹងអំពីអ្វីខ្លះនៅក្នុងរយៈពេលកំណត់នោះ។

ឧទាហរណ៍៖​ គោលដៅខ្ញុំ ១០ឆ្នាំទៀត គឺចង់ឱ្យខ្លួនឯងមានបទពិសោធន៍ខាងទីផ្សារច្រើន ហើយបើកជាក្រុមហ៊ុនផ្សព្វផ្សាយមួយខ្លួនឯង។ មួយទៀតដោយឥឡូវនេះចូលចិត្តអានអំពីការវិនិយោគ, សង្ឃឹមថា ១០ឆ្នាំទៀតមានបទពិសោធន៍ច្រើនខាងនេះ ហើយវិនិយោគចំណេញបានយ៉ាងតិច ២០ភាគរយក្នុង ១ឆ្នាំ។ ចុងក្រោយ សង្ឃឹមថាសល់លុយ ១០ម៉ឺនដុល្លារដើម្បីទុកវិនិយោគសម្រាប់ចូលនិវត្តន៍។

ជំហានទី៧៖

ឱ្យដំបូន្មានខ្លួនឯងនៅពេលអនាគត។

ឧទាហរណ៍៖ ឥឡូវនេះ ស្ថានភាពសេដ្ឋកិច្ច ពិបាកបន្តិចព្រោះមានវិបត្តិកូវីដ-១៩ ទម្រាំរកបានការងារធ្វើមែនប៉ុន្តែប្រាក់ខែក៏មិនឡើង ហើយអ្នកខ្លះត្រូវកាត់បន្ថយចំណូលផងដែរ។ អ៊ីចឹង, ដំបូន្មានមួយគឺគួរតែមានប្រាក់សន្សំសម្រាប់គ្រាអាសន្នជាដាច់ខាត។

ជាចុងក្រោយ, អ្នកទាំងអស់គ្នាអាចរក្សាទុកសំបុត្រនេះនៅកន្លែងណាមួយបិទជិត ហើយដាក់ reminder ខ្លួនឯងថាដល់ពេលចាំអានសំបុត្រ។ បើពិបាកទុក, អាចនឹងប្រើប្រាស់កម្មវិធី ឬវេបសាយនានា ដូចជា FutureMe ជាដើម។

អានបន្ថែម៖ WikiHow

សរសេរសំបុត្រទៅខ្លួនឯងនាពេលអនាគត

Leave a Reply

Scroll to top
%d bloggers like this: