fbpx

ធ្លាប់អត់និយាយគ្នាលេងជាមួយមិត្តភក្តិពីនេះពីនោះ ស្រាប់តែមានគំនិតដូចគ្នាចង់បើកអាជីវកម្មអ្វីមួយជាមួយគ្នាទេ?

ចាប់ផ្ដើមអាជីវកម្មអ្វីមួយគឺមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែបើបានដើរផ្លូវនេះជាមួយមនុស្សដែលយើងទុកចិត្តប្រហែលជាមិនសូវពិបាកទេដឹង។ យ៉ាងណាមិញ ការធ្វើអាជីវកម្មជាមួយមិត្តភក្តិនេះ មានន័យថាទំនាក់ទំនងរបស់អ្នកទាំងអស់គ្នាអាចមានការប្រែប្រួល ពោលគឺពេលជួបគ្នាមិនមែនសម្រាប់កម្សាន្តសប្បាយដូចពីមុនឡើយ ហើយពេលម៉ោងធ្វើការគឺត្រូវម្មត់ចត់ធ្វើការទើបអាចទៅមុខបាន។

ខាងក្រោមនេះ ជាចំណុចមួយចំនួនដែលអ្នកទាំងអស់គ្នាត្រូវធ្វើ និងមិនត្រូវធ្វើ បើចង់រកស៊ីជាមួយមិត្តភក្តិ៖

១. កុំចាប់ផ្ដើមរកស៊ីជាមួយគ្នាព្រោះតែជាមិត្តភក្ដិគ្នា

អ្វីដែលមនុស្សមួយចំនួនយល់ច្រឡំនោះគឺថា ជាមិត្តភក្តិនឹងគ្នាល្អហើយ ទុកចិត្តហើយប្រហែលជាអាចរកស៊ីជាមួយគ្នាបាន។ ប៉ុន្តែជាក់ស្ដែង វាទាមទារឱ្យអ្នកទាំងអស់គ្នាមានជំនាញពាក់ព័ន្ធ មានគោលដៅដូចគ្នា និងឆន្ទៈដូចគ្នា ទើបអាចដើរផ្លូវជាមួយគ្នាបានដែរ បើមិនដូច្នោះទេ អ្នកទាំងអស់គ្នាអាចខាតពេលវេលា ការរកស៊ី ឬបាត់បង់មិត្តភាពនេះទៀតផងក៏ថាបាន។

២. បែងចែកតួនាទីឱ្យបានច្បាស់លាស់

ការរកស៊ីនេះគឺទូលំទូលាយណាស់ ហើយចាប់ផ្ដើមដំបូងនេះ គឺមានការងារច្រើនដែលត្រូវធ្វើ ដូចនេះត្រូវចែកតួនាទីគ្នាឱ្យបានច្បាស់លាស់តាំងពីដំបូង ទើបមានការទទួលខុសត្រូវរៀងៗខ្លួន។ ជាមួយគ្នាដែរ, ការបែងចែកភាគហ៊ុនក្នុងអាជីវកម្មក៏ត្រូវធ្វើការបែងចែកឱ្យសមស្របនឹងទំហំការងារ និងការដាក់ដើមទុនចូលដូចគ្នា។

៣. និយាយគ្នាឱ្យបានច្បាស់លាស់

ឧទាហរណ៍ គួរធ្វើការនិយាយគ្នាឱ្យច្បាស់លាស់តាំងពីដំបូង ឱ្យដឹងថាសមាជិកនីមួយៗមានគោលដៅ​ គុណតម្លៃ និងការរំពឹងទុកដូចម្ដេចខ្លះ។ ត្រូវចាំថាសមាជិកគ្រប់គ្នាសុទ្ធតែបានបញ្ចេញមតិយោបល់ពីគំនិតផ្ទាល់ខ្លួន ហើយសុទ្ធតែមានគោលដៅដូចគ្នា ទើបអាចឱ្យអាជីវកម្មដើរទៅមុខបាន។

៤. ត្រូវសរសេរផែនការអាជីវកម្ម

ចំណុចនេះគឺសំខាន់ណាស់ ព្រោះយើងត្រូវមានផែនការច្បាស់លាស់ ហើយកំណត់គោលដៅអាជីវកម្មក្នុងរយៈពេលខ្លី និងវែង។ បន្ថែមទៀត ផែនការអាជីវកម្មនេះក៏មានសារៈសំខាន់សម្រាប់ពេលដែលអ្នកទាំងអស់គ្នាចង់ដាក់ស្នើកម្ចីពីធនាគារ ឬរកហិរញ្ញប្បទានពីប្រភពនានាផងដែរ។

៥. កុំយករឿងផ្ទាល់ខ្លួនពាក់ព័ន្ធនឹងរឿងរកស៊ី

ពេលរកស៊ីជាមួយគ្នាធម្មតាតែងតែមានមនោសញ្ចេតនា ព្រោះមិត្តភក្តិគ្នា តែយ៉ាងណាមិញសូមកុំឱ្យរឿងផ្ទាល់ខ្លួនឡូកឡុំគ្នាឱ្យសោះ ព្រោះនេះអាចធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម បាត់បង់ទំនុកចិត្ត និងប៉ះពាល់ដល់ទំនាក់ទំនងអ្នកទាំងអស់គ្នា។

៦. និយាយគ្នាដោយស្មោះត្រង់

ចំណុចនេះអាចថាស្រួលសម្រាប់មិត្តភក្តិមួយចំនួន តែក៏អាចពិបាកសម្រាប់មិត្តភក្តិខ្លះ។ ពេលរកស៊ីជាមួយគ្នាត្រូវការផ្តល់ការរិះគន់គ្នាឱ្យចំៗ ដើម្បីស្ថាបនានិងអភិវឌ្ឍអាជីវកម្មឱ្យដើរទៅមុខ។ ដូចនេះ កុំខ្លាចចិត្តមិត្តភក្តិឯងអី និយាយឱ្យត្រង់ៗទៅ ដើម្បីជួយគ្នាដោះស្រាយបញ្ហា និងអភិវឌ្ឍបន្ត។

————————————————-

ប្រភព និងអានបន្ថែម៖ https://www.nerdwallet.com/article/small-business/starting-a-business-with-a-friend និង https://keap.com/business-success-blog/networking/should-you-start-a-business-with-a-friend-pros-cons-and-key-questions

ការរកស៊ីជាមួយមិត្តភក្តិ

Leave a Reply

Scroll to top
%d bloggers like this: