ការចាប់ផ្ដើមអាជីវកម្ម Start-up និងក្លាយជាសហគ្រិនល្អម្នាក់ មិនមែនជារឿងដែលមនុស្សគ្រប់រូបសុទ្ធតែអាចធ្វើបាននោះទេ។ ធ្វើជាសហគ្រិនល្អម្នាក់ វាជារឿងដែលពិបាកណាស់ ពោលគឺទាមទារឲ្យបុគ្គលនោះ ជាមនុស្សដែលលះបង់ខ្ពស់ ហ៊ានទទួលយកហានិភ័យ មានទំនួលខុសត្រូវ មានសមត្ថភាពដែលបុគ្គលធម្មតាពិបាកមាន។ លើសពីនេះ ពួកគេត្រូវមានថាមពល មានទុន មានពេលវេលាគ្រប់គ្រាន់ មានការប្ដេជ្ញាចិត្ដខ្ពស់ រួមជាមួយនឹងក្ដីស្រមៃ និងចក្ខុវិស័យធំ។ វិថីនៃសហគ្រិនភាពគឺមិនស្រួលនោះទេ អ្នកអាចនឹងជួបរឿងជាច្រើនដូចខាងក្រោម៖
១. អ្នកនឹងមានអារម្មណ៍ថាឯកោ
បើទោះបីជាអ្នកមានសហស្ថាបនិកម្នាក់ ឬច្រើននាក់ក៏ដោយ ក៏អ្នកនៅតែអាចមានអារម្មណ៍ថាអ្នកហាក់ដូចជាប្រឈមមុខនឹងពិភពលោកនេះតែម្នាក់ឯង។ ហេតុអ្វី? ពីព្រោះថា ក្នុងនាមជាស្ថាបនិក អ្នកមានកិច្ចការជាច្រើនដែលត្រូវសម្រេច និងធ្វើដោយខ្លួនឯងផ្ទាល់ កិច្ចការខ្លះទាល់តែអ្នកចេញមុខ ឬធ្វើដោយផ្ទាល់ទើបមានប្រសិទ្ធភាព ហើយភាគច្រើននៃក្រុមហ៊ុន Start-up គឺស្ថាបនិកតែងតែចេញមុខដឹកនាំដោយផ្ទាល់។ នៅលើវិថីនៃសហគ្រិនភាព គឺមានឧបសគ្គច្រើនណាស់នៅដំណាក់កាលដំបូង ដែលមានតែអ្នក និងសហស្ថាបនិករបស់អ្នកតែប៉ុណ្ណោះដែលរួមប្រយុទ្ធ មុននឹងអ្នកអាចបង្កើតជាក្រុមការងារមួយដ៏រឹងមាំបាន។ នៅពេលដែលអ្នកមានអារម្មណ៍ថាឯកោ អ្នកគួរតែធ្វើការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនឲ្យបានច្រើន ឬជាមួយរៀមច្បងក្នុងវិស័យដែលធ្លាប់ឆ្លងកាត់ផ្លូវនេះ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធថ្មីៗបន្ថែម។
២. អ្នកនឹងមិនទទួលបានផលមកវិញភ្លាមៗនោះទេ
នៅក្នុងការចាប់ផ្ដើមអាជីវកម្ម Start-up អ្នកអាចនឹងត្រូវចំណាយច្រើន ប្រសិនបើអាជីវកម្មអ្នកជោគជ័យ ក្នុងរយៈពេលមួយ។ ពេលខ្លះការរំពឹងទុកនេះ អាចនឹងមិនផ្ដល់ផលឲ្យអ្នកមកវិញតាមការគ្រោងទុកនោះទេ ព្រោះStart-up វាមិនដូចក្រុមហ៊ុនដែលមានប្រតិបត្ដិការអាជីវកម្ម ឬមានប្រភពចំណូលច្បាស់លាស់ វាគ្រាន់តែជាការសាកល្បងយកគំនិតដែលសហគ្រិនបានគិតមកអនុវត្ដតែប៉ុណ្ណោះ ពោលគឺមានហានិភ័យខ្ពស់។ ដូច្នេះ អ្នកត្រូវតែត្រៀមចិត្ដ ត្រៀមកាយទទួលយកលទ្ធផលចុងក្រោយប្រកបដោយការអត់ធ្មត់ និងទំនួលខុសត្រូវ ព្រោះជាការសម្រេចចិត្តរបស់ខ្លួន។ យ៉ាងណាមិញ, អ្នកដែលជ្រើសរើសដើរផ្លូវនេះគឺតែងតែមានការតស៊ូខ្ពស់ មិនចុះចាញ់ឡើយបើទោះបីជាមានឧបសគ្គធំប៉ុនភ្នំក៏ដោយ។
៣. អ្នកអាចនឹងបរាជ័យគ្រប់ពេល
Start-up អាចនឹងបរាជ័យគ្រប់ពេល ពោលគឺគ្រប់ដំណាក់កាលនៃការសម្រេចចិត្ដរបស់សហគ្រិនដែលជាអ្នកកាច់ចង្កូត។ ដោយសារតែធនធានមានកម្រិត ដូច្នេះចំនួននៃការសម្រេចចិត្ដខុសរបស់អ្នក ក៏ត្រូវតែកម្រិតដូចគ្នាដែរ។ សហគ្រិន ត្រូវធ្វើការសម្រេចចិត្ដ ប្រកបដោយការគិតពិចារណាឲ្យច្បាស់ ជៀសវាងខុសឆ្គងច្រើន នាំឲ្យខាតពេលវេលា និងធនធាន។ Start-up ខ្លះអាចនឹងបិទទ្វារទៅវិញយ៉ាងឆាប់រហ័ស ដោយសារតែបញ្ហាហិរញ្ញវត្ថុ និងបញ្ហាក្រុមការងារ។ វាទាមទារឲ្យស្ថាបនិក និងក្រុមការងារទាំងមូល មានការរួមសហការគ្នាល្អ និងយល់ចិត្ដគ្នាច្រើននៅក្នុងការអនុវត្ដការងារ។ ភាគច្រើននៃអាជីវកម្មStart-up គឺតែងតែបរាជ័យនៅដំណាក់កាលសាកល្បងដំបូង ប៉ុន្ដែក៏មានភាគច្រើនដែរ ដែលមិនបោះបង់ ពួកគេព្យាយាមធ្វើវាម្ដងទៀត ដោយរៀនពីបទពិសោធន៏ដែលពួកគេបានធ្វើកន្លងមក។
សរុបមក នៅលើវិថីរបស់សហគ្រិន គឺពោរពេញទៅដោយឧបសគ្គ។ អ្នកអាចនឹងបង្កើតកំហុសឆ្គងច្រើនដោយចៀសមិនផុត ប៉ុន្ដែការបន្ដធ្វើដំណើរទៅមុខ និងកែកំហុសឆ្គងជាប្រចាំ វាជារឿងដែលចាំបាច់បំផុតសម្រាប់សហគ្រិន។ អ្នកត្រូវចាំថា គ្មានអ្វីដែលល្អឥតខ្ជោះ ឬស្របតាមបំណងរហូតនោះទេ ដូចនេះរៀនពីបទពិសោធន៍ នោះអ្នកនឹងជោគជ័យក្នុងថ្ងៃមួយ។