អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ឮអំពីប្រាក់គ្រីបតូជាមិនខាន ហើយចុះវាទាក់ទងអីនឹងប្លុកឆេន? ប្រាក់គ្រីប តូជាឧទាហរណ៏នៃប្រព័ន្ធមួយដែលប្រើប្រាស់ប្លុកឆេនក្នុងការដំណើរការអាចនិយាយបានថាបើសិនគ្មានប្លុកឆេន ក៏មិនមានប្រាក់គ្រីបតូដែរ។ តើប្លុកឆេននេះជាអ្វី? ប្រើប្រាស់សម្រាប់ធ្វើអ្វីខ្លះ?
តើប្លុកឆេនគឺជាអ្វី?
ប្លុកឆេន គឺជាបច្ចេកវិទ្យាមួយផ្ទុកព័ត៌មានទាក់ទងនឹងប្រតិបត្តិការនីមួយៗ ដែលអាចចែកចាយទិន្នន័យ ទាំងនោះទៅកាន់ទូរស័ព្ទដៃ ឬកុំព្យូទ័រដទៃទៀតដែលនៅក្នុងប្រព័ន្ធ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងទទួលស្គាល់ថាជា ប្រតិបត្តិការពិតប្រាកដ។ ប្រព័ន្ធនេះកត់ត្រារាល់ការទិញលក់ ជួញដូរ ដំណើរការ សាច់ប្រាក់ និងទ្រព្យសម្បត្តិ ឌីជីថលរបស់អ្នកប្រើប្រាស់ ហើយទិន្នន័យទាំងអស់ដែលបានកត់ត្រាក្នុង ប្រព័ន្ធនេះមានសុវត្ថិភាពខ្ពស់ដោយមិន មានជនណាមកកែប្រែ ឬប៉ះពាល់ទិន្នន័យទាំងនេះបានទេ។
តើប្លុកឆេនប្រើប្រាស់សម្រាប់ធ្វើអ្វី?
ការប្រតិបត្តិការសាច់ប្រាក់
ការប្រើប្រាស់ប្រព័ន្ធប្លុកឆេនមិនឆ្លងកាត់ធនាគារអ្វីនោះទេ គឺផ្ទេរពីគណនីមួយទៅគណនីមួយ ទៀតបាន២៤ម៉ោងដោយមិនឆ្លងកាត់ប្រព័ន្ធកណ្តាលធ្វើឲ្យការផ្ទេរប្រាក់មានភាពរហ័ស ធូរថ្លៃជាង ការប្រើប្រាស់ការផ្ទេរប្រាក់ដោយប្រព័ន្ធធម្មតា។ ជាក់ស្តែង កម្មវិធីទូរស័ព្ទដៃបាគងដែលបង្កើតដោយ ធនាគារជាតិក៏កំពុងតែប្រើប្រាស់ប្រព័ន្ធប្លុកឆេននេះដែរ។
ផ្ទេរកម្មសិទ្ធិចលន និងអចលនវត្ថុ
រាល់ទិន្នន័យទាំងអស់ដែលបានកត់ត្រានៅលើប្រព័ន្ធប្លុកឆេនហើយគឺមិនអាចលុប ឬប្តូរបាននោះទេ លើកលែងតែម្ចាស់គណនីនោះជាអ្នកប្តូរ តែក៏នៅបន្សល់ភស្តុតាងការកែប្រែ (History) ផងដែរ។ ការប្រើ ប្រាស់ប្លុកឆេនក្នុងការកត់ត្រាឈ្មោះម្ចាស់កម្មសិទ្ធិបង្ការការក្លែងបន្លំផ្សេងៗ ដែលអាចធ្វើបានប្រសិនបើប្រើ ក្រដាសស្នាម ហើយវាងាយស្រួលសម្រាប់អ្នកទិញក្នុងការឆែកមើលថាតើអ្នកលក់ជាម្ចាស់ពិតមែន ឬទេ។
ប្រើសម្រាប់ការបោះឆ្នោត
ការបោះឆ្នោតតាមរយៈឌីជីថលដែលមានការប្រើប្រាស់ប្រព័ន្ធប្លុកឆេនធានានូវភាពយុត្តិធម៌ និងសុក្រឹត្យ ត្រឹមត្រូវ ព្រមទាំងអាចទទួលបានលទ្ធផលផ្លូវការភ្លាមៗផងដែរ។
ប្រើក្នុងវិស័យសុខាភិបាល
ប្រវត្តិនៃការតាមដានជំងឺ (Medical Records) ត្រូវបានគេកត់ចូលក្នុងកុំព្យូទ័រមន្ទីពេទ្យរក្សាជាការសម្ងាត់ ជាយូរឆ្នាំមកហើយ។ ប៉ុន្តែការធ្វើបែបនេះមិនទាន់មានសុវត្ថិភាពគ្រប់គ្រាន់នោះទេ ទើបមានការពិចារណា ក្នុងការបង្កើតកម្មវិធីកត់ត្រាទិន្នន័យប្រើប្រាស់ប្លុកឆេនដែលអាចពិនិត្យបានដោយខាងមន្ទីរពេទ្យ និង អ្នកជំងឺផ្ទាល់តែប៉ុណ្ណោះ។
សរុបមកវិញ ការប្រើប្រាស់ប្លុកឆេន គឺជាប្រព័ន្ធដែលមានសុវត្ថិភាពខ្លាំងនិងអាចជាប្រព័ន្ធដែលគេប្រើ ប្រាស់សម្រាប់កម្មវិធីនានាក្នុងពេលអនាគត។ ខាងលើនេះគ្រាន់តែជាការប្រើប្រាស់មួយចំនួនដែលត្រូវបានគេកំពុង តែគិតពិចារណា ឬបានចាប់ផ្តើមហើយនិងមានសន្ទុះជាងការប្រើប្រាស់បែបផ្សេង៕