ធ្លាប់ជួបបញ្ហា ចង់ដើរលេងដែរ តែខ្វះលុយ ឬសន្សំលុយ ចេះតែអស់…អត់? ចុះបើជួបបញ្ហាហ្នឹង តើគួរដោះស្រាយដូចម្ដេចទៅ? មុននឹងដោះស្រាយបញ្ហាខ្វះលុយ យើងមកឈ្វេងយល់ពីមូលហេតុបន្ដិចសិន។ ការខ្វះលុយមុខក្រោយ ឬសន្សំចេះតែដកចាយ វាភាគច្រើនកើតចេញពី ការមិនបានត្រៀមខ្លួនបានល្អ និងការមិនមានវិន័យនៅក្នុងការសន្សំ។
តោះ! ថ្ងៃនេះ LuyBook នឹងបង្ហើបពីគន្លឹះមួយចំនួន ដើម្បីធ្វើការសន្សំប្រកបដោយប្រសិទ្ធភាពខ្ពស់៖
១. កាត់បន្ថយចំណាយកំប៉ិចកំប៉ុកប្រចាំថ្ងៃរបស់អ្នក
ចាប់ពីពេលនេះ អ្នកគួរតែពិនិត្យមើលឡើងវិញ ពីខ្ទង់ចំណាយប្រចាំថ្ងៃរបស់អ្នក។ ជាការពិត ការកាត់បន្ថយចំណាយតិចតួច ១កាក់១សេន ជាប្រចាំ ក៏អាចឲ្យអ្នកសល់ប្រាក់សមល្មមសម្រាប់ថាទិញអ្វីចាំបាច់ ឬដើរលេងតិចតួចដោយសប្បាយចិត្ដដែរ។ សម្រាប់អ្នកមានទម្លាប់ផ្ដើមថ្ងៃថ្មី ជាមួយកាហ្វេប្រេន១កែវ គួរបន្ថយមកកាហ្វេធម្មតា ឬកាហ្វេកញ្ចប់បណ្ដោះអាសន្នសិន ដែលមានតម្លៃតិចជាងមុនជាដើម។ ការធ្វើបែបនេះ វានឹងធ្វើឲ្យអ្នកសល់ប្រាក់ ហើយវាក៏បង្កើតទម្លាប់ល្អ នៅក្នុងការសន្សំសំចៃទៀតផង។
២. បង្កើតកញ្ចប់សន្សំសម្រាប់វិស្សមកាល
ចំណុចនេះសំខាន់ណាស់ ជាពិសេសសម្រាប់អ្នកចូលចិត្តដើរលេង ព្រោះរកលុយមកហើយ ដើរលេងលំហែខ្លះទៅ យ៉ាងណាមួយឆ្នាំបានម្ដងអីដែរ។ ពេលមានគោលដៅច្បាស់លាស់បែបនេះ អ្នកនឹងមានការតាំងចិត្តខ្ពស់ ហើយដើម្បីអាចឲ្យការចាយវាយរបស់អ្នកមានសណ្ដាប់ធ្នាប់ល្អ អ្នកគួរតែបង្កើតកញ្ចប់សន្សំមួយ ឬហៅថា Envelope Budget ដោយធ្វើការដាក់ប្រាក់មួយចំនួនជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃវិស្សមកាល សឹមយកវាមកប្រើប្រាស់ការ។
៣. ដើរផ្សារកុំភ្លេចបញ្ជីមុខទំនិញ ប្រយ័ត្នអស់ប្រាក់ពីហោប៉ៅដោយមិនដឹងខ្លួន
តើអ្នកធ្លាប់បានសង្កេតមើលពីខ្ទង់ចំណាយរបស់ខ្លួនឯងដែរ ឬទេ នៅពេលដែលអ្នកដើរផ្សារដោយគ្មានបញ្ជីមុខទំនិញ ឬ Shopping list? ច្បាស់ណាស់ថា នៅពេលដែលអ្នកគ្មានបញ្ជីមុខទំនិញតាមខ្លួន នោះ អ្នកនឹងចង់ទិញរបស់របរជាច្រើនដែលអ្នកបានឃើញ ឬទំនិញដែលមិនចាំបាច់ ដែលធ្វើឲ្យចំណាយរបស់អ្នកកើនឡើងដោយមិនដឹងខ្លួន។
៤. ប្រើការសន្សំដោយស្វ័យប្រវត្ដិ (Auto-Saving)
ប្រសិនបើអ្នកព្យាយាមសន្សំលុយសម្រាប់ចំណាយចាំបាច់ពេលក្រោយ ឬសន្សំទុកវិនិយោគជាដើម អ្នកគួរតែពិចារណាប្រើប្រាស់ការសន្សំដោយស្វ័យប្រវត្ដិ។ អ្នកអាចធ្វើការទាក់ទងទៅភ្នាក់ងារធនាគាររបស់អ្នក ដើម្បីស្វែងយល់ពីសេវាកម្មនេះបន្ថែម ឬកំណត់ខ្លួនឯងពេលប្រាក់ខែចូលកុង កាត់ចំនួនប៉ុន្មានទុកសន្សំសិន។ អ្នកអាចធ្វើការកំណត់ពីអត្រាដែលចង់កាត់សន្សំជារៀងរាល់ខែពីគណនីធនាគារគោលរបស់អ្នក ទៅគណនីសន្សំដោយស្វ័យប្រវត្ដិ។ ឧទាហរណ៍៖ អ្នកមានចំណូលក្នុង១ខែ ១,០០០ ដុល្លារ ហើយអ្នកបានកំណត់ការសន្សំដោយស្វ័យប្រវត្ដិ ដោយកំណត់ចំនួន ១០% នៃចំណូលនោះទុកសន្សំជារៀងរាល់ខែ។ ដូច្នេះ រាល់ចំណូលដែលរកបាននៅរៀងរាល់ខែ នឹងត្រូវកាត់១០% ដោយស្វ័យប្រវត្ដិចូលក្នុងគណនីសន្សំមួយទៀតរបស់អ្នក។
ជារួមមក ដើម្បីអាចឲ្យការសន្សំរបស់អ្នកកាន់តែមានប្រសិទ្ធភាព អ្នកចាំបាច់ត្រូវមានការអត់ធ្មត់ និងមានវិន័យក្នុងការសន្សំ ផងដែរ ចៀសវាងដកលុយសន្សំមុនកាលកំណត់។