ជំហានទី១នៅក្នុងដំណើរការបង្កើតអាជីវកម្ម គឺការបង្កើតបាននូវគំនិតដ៏អស្ចារ្យមួយ ដែលអាចយកទៅអនុវត្ដបាននៅក្នុងភាពជាក់ស្ដែង។ ចំណែក ដើមទុនក៏ជារឿងដែលមិនអាចខ្វះបានដែរសម្រាប់ដំណើរការអាជីវកម្ម។ មានទុនគ្រប់គ្រាន់អាចឲ្យអ្នករក្សាបាននូវប្រតិបត្ដិការប្រចាំថ្ងៃ ជួលបុគ្គលិកជំនាញ ជួលការិយាល័យ និងទិញឧបករណ៍ប្រើប្រាស់ចាំបាច់ ដែលធានាដល់ការអភិវឌ្ឍក្រុមហ៊ុនជាដើម។ ម្ចាស់អាជីវកម្មអាចធ្វើការអង្គាសទុនបានច្រើនប្រភព អាចជាទុនផ្ទាល់ខ្លួន ពីគ្រួសារមិត្ដភក្ដិ វិនិយោគិនដែលមានលុយច្រើន ធនាគារ ឬមីក្រូហិរញ្ញវត្ថុ និងទុនពីសាធារណជន។
សំណួរដ៏សំខាន់មួយនៅពេលនេះ គឺ តើត្រូវធ្វើដូចម្ដេចទើបអាចប្រមូលទុនបានដោយជោគជ័យ? ប្រសិនបើអ្នកមានបំណងចង់បានទុនពីវិនិយោគិនខាងក្រៅ គន្លឹះខាងក្រោមនេះអាចជួយអ្នកបាន៖
១. ការត្រៀមខ្លួនគឺជាគន្លឹះសំខាន់
នៅមុនពេលដែលចង់ប្រមូលទុនពីប្រភពផ្សេងៗ អ្នកគួរតែរៀបចំ និងត្រៀមខ្លួនឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ការត្រៀមខ្លួនបានល្អ វាអាចជួយអ្នកកំណត់បាននូវតួលេខច្បាស់លាស់មួយដែលអាចឲ្យវិនិយោគិនទទួលយកបាន និងអាចមានពេលធ្វើការវិភាគពីស្ថានភាពហិរញ្ញវត្ថុ រួមទាំងការសិក្សាយល់បន្ថែមអំពីវិនិយោគិនម្នាក់ៗ ដើម្បីងាយស្រួលនៅក្នុងការចរចា ឬធ្វើបទបង្ហាញ។ ការរៀបចំឯកសារជំនួយផ្សេងៗ ដូចជា ការវិភាគទីផ្សារ ឬវិភាគហិរញ្ញវត្ថុ ដើម្បីបង្ហាញដល់វិនិយោគិន និងសម្រាប់ខ្លួនអ្នកផ្ទាល់ វាគឺជារឿងសំខាន់ណាស់ដែរ។
២. ជួលអ្នកជំនាញផ្នែកទីផ្សារមកជួយ
បើអាច អ្នកគួរជួលអ្នកជំនាញការផ្នែកទីផ្សារមកជួយ ក្នុងការរៀបចំផែនការអាជីវកម្មឲ្យបានសមស្រប និងត្រូវនឹងទីផ្សារគោលដៅ ទំហំទីផ្សារ អតិថិជនគោលដៅ និងបំពេញបន្ថែមនូវព័ត៌មានចាំបាច់ពាក់ព័ន្ធមួយចំនួនទៀត។ ការសរសេរផែនការអាជីវកម្មដោយសង្ខេប ខ្លី តែមានន័យគ្រប់គ្រាន់ វានឹងជួយឲ្យវិនិយោគិនអាចមើលឃើញបានច្បាស់ពីចក្ខុវិស័យរបស់អ្នក និងអាចឲ្យពួកគេធ្វើការសម្រេចចិត្ដផ្ដល់ទុនវិនិយោគដល់អ្នក។ អ្នកទីផ្សារដ៏ជំនាញម្នាក់ អាចនឹងជួយអ្នកបានច្រើន ជាពិសេសការបង្ហាញច្បាស់ពីបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែង។
៣. បង្ហាញពីគំរូ និងមុខងារផលិតផលរបស់អ្នក
ការបង្ហាញពីគំរូផលិតផលរបស់អ្នកដល់វិនិយោគិន វានឹងជួយបង្កើនភាពជឿជាក់របស់ពួកគេលើគំនិតអាជីវកម្មរបស់អ្នក។ ការបង្ហាញគំរូផលិតផល គឺជាការបង្ហាញថាគំនិតរបស់អ្នក គឺជាគំនិតដែលអាចទៅរួច និងមានភាពជាក់លាក់ រួមទាំងអាចបង្ហាញវិនិយោគិនឲ្យដឹងពីដំណើរការ លក្ខណៈពិសេស និងអាចស្នើសុំយោបល់បន្ថែមពីពួកគេដើម្បីអភិវឌ្ឍបន្ថែមទៀត។ អត្ថប្រយោជន៍ផ្សេងទៀតនៃការបង្ហាញគំរូផលិតផលរបស់អ្នកទៅកាន់វិនិយោគិន គឺដើម្បីបង្ហាញប្រាប់ពួកគេថា អ្នកមានក្រុមការងារដែលមានសមត្ថភាព និងបានចំណាយពេលវេលា កម្លាំងកាយចិត្ដយ៉ាងច្រើន ដើម្បីធ្វើការបង្កើត និងអភិវឌ្ឍគំនិតរបស់ខ្លួនឲ្យបានល្អបំផុត។
៤. ផ្ដោតសំខាន់លើតួលេខដែលត្រូវពន្យល់វិនិយោគិន
ជាទូទៅ កំហុសដែលតែងតែកើតឡើង និងដែលជាចំណុចវាយប្រហាររបស់វិនិយោគិនទៅលើគម្រោង និងគំនិតអាជីវកម្មអ្នកនោះគឺ ទិន្នន័យទីផ្សារ និងតម្លៃនៃក្រុមហ៊ុនអ្នកដែលយកមកប្រាប់វិនិយោគិន។ វិនិយោគិន នឹងធ្វើការសួរដេញដោលដោយធ្វើយ៉ាងណាឲ្យតម្លៃក្រុមហ៊ុនដែលអ្នកស្នើនោះ ធ្លាក់មកនៅទាបបំផុត។ ការព្យាករ និងសូចនាករដែលអ្នកកំណត់អាចនឹងខុស ប៉ុន្ដែមិនមែនមានន័យថាអ្នកមិនអាចធ្វើកើត ឬបន្ដទៅមុខបាននោះទេ។ វិនិយោគិន មុននឹងប្រគល់លុយឲ្យអ្នកយកទៅប្រើប្រាស់ ពួកគេត្រូវតែច្បាស់ និងគិតពីផលដែលអាចនឹងទទួលបានមកវិញ។ បញ្ហាដែលពួកគេនឹងលើកឡើង នោះគឺ តើអ្នកទទួលបានទិន្នន័យទាំងនោះមកពីណា និងដោយរបៀបណា ឬអាចទុកចិត្ដបានដែរឬទេ? ការសន្មត់ ផែនការ ការធ្វើបទបង្ហាញរបស់អ្នក វានឹងបង្ហាញពីសមត្ថភាពរបស់អ្នកប្រាប់វិនិយោគិន ថាតើអ្នកពូកែលក់កម្រិតណា។ នៅពេលដែលអ្នកដាក់តួលេខណាមួយ ឬតួលេខធំ អ្នកត្រូវតែច្បាស់ពីរបៀបដែលអ្នកទទួលបានទិន្នន័យទាំងនោះ និងបង្ហាញពីរបៀបដែលអ្នកនឹងប្រើប្រាស់ទិន្នន័យទាំងនោះ នៅក្នុងផែនការអាជីវកម្មរបស់អ្នក។
សរុបមក ដើម្បីឲ្យអាជីវកម្មមួយដើរទៅមុខបានដោយរលូន គឺតម្រូវឲ្យមានធនធានមិនថាមនុស្ស និងហិរញ្ញវត្ថុ។ ធនធានមនុស្សគឺអាស្រ័យលើអ្នក ធនធានហិរញ្ញវត្ថុគឺអាស្រ័យលើវិនិយោគិនរបស់អ្នក។ ប្រសិនបើអ្នកអាចធ្វើការសហការគ្នាបានល្អ នោះការរីកចម្រើន និងភាពជោគជ័យនឹងកើតឡើងជាមិនខាន។
ជារួមមក ដើម្បីអាចឲ្យការសន្សំរបស់អ្នកកាន់តែមានប្រសិទ្ធភាព អ្នកចាំបាច់ត្រូវមានការអត់ធ្មត់ និងមានវិន័យក្នុងការសន្សំ ផងដែរ ចៀសវាងដកលុយសន្សំមុនកាលកំណត់។