fbpx

នៅក្នុងអត្ថបទមុនៗ​ LuyBook បានសរសេរជាច្រើនអំពីការវិនិយោគនៅលើផ្សារមូលបត្រកម្ពុជា ប៉ុន្តែនៅ​ ក្នុងអត្ថបទនេះ LuyBook សុំលើកយកក្រុមហ៊ុនដែលបានដាក់លក់ភាគហ៊ុនមកនិយាយម្តង។ នៅលើផ្សារ មូលបត្រត្រូវបែងចែកជា ២ផ្នែកគឺ​ ផ្នែកលក់សញ្ញាបណ្ណ (Bond)ដែលមាន ៧ក្រុមហ៊ុន និងភាគហ៊ុន (Stock) ដែលមានចំនួន ៨ក្រុមហ៊ុន។ 

ក្រុមហ៊ុនដាក់លក់សញ្ញាបណ្ណ (Bond)

១. ធនាគារហត្ថា 

ធនាគារហត្ថា (ឈ្មោះដើម ហត្ថាកសិករ) បានចុះឈ្មោះដាក់លក់សញ្ញាបណ្ណនៅលើផ្សារមូលបត្រនៅ ថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៨។ ធនាគារនេះបានបោះពុម្ពសញ្ញាបណ្ណចំនួន ១,២០០,០០០ មានអត្រាគូប៉ុង ៨.៥០% ប្រចាំឆ្នាំ និងរយៈពេលសង (Maturity date) ៣ឆ្នាំ។ ធនាគារនេះបង្កើតឡើងនៅឆ្នាំ ១៩៩៤ សម្រាប់ ផ្តល់ឥណទានខ្នាតតូចដល់ប្រជាជននៅតាមតំបន់ជនបទ នៃខេត្តពោធិ៏សាត់។ នៅក្នុងឆ្នាំ ២០២០ ធនាគារហត្ថាកសិករបានក្លាយខ្លួនជា ធនាគារហត្ថា ម.ក។

២. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានបោះពុម្ពសញ្ញាបណ្ណចំនួនពីរ (LOLC22A និង LOLC22B)។ សញ្ញាបណ្ណ LOLC22A បោះពុម្ពសញ្ញាបណ្ណនៅថ្ងៃទី២៦ ខែ០៤ ឆ្នាំ២០១៩ មានចំនួន ៥៣៦,០០០ អត្រាគូប៉ុង ៨%ប្រចាំឆ្នាំ និងមានរយៈពេលសង ៣ឆ្នាំ។ ចំណែកឯ LOLC22B បោះពុម្ពនៅថ្ងៃតែមួយ មានចំនួន ២៦៤,០០០ សញ្ញាបណ្ណ អត្រាគូប៉ុង ៩%ប្រចាំឆ្នាំ​ និងមានរយៈពេលសង ៣ឆ្នាំ។ គ្រឹះស្ថាននេះបង្កើតឡើង នៅឆ្នាំ​ ១៩៩៤ ជាគម្រោងឥណទានដោយអង្គការ ហើយក្រោយមកបានក្លាយ ទៅជាធនាគារភូមិនៅក្នុងឆ្នាំ ២០០២។ 

៣. ធនាគារ ABA

ធនាគារ ABA បានបោះពុម្ពសញ្ញាបណ្ណនៅថ្ងៃទី ១៤ ខែ០៨ ឆ្នាំ២០១៩ ចំនួន​ ៨៤៨,២១០ សញ្ញាបណ្ណ អត្រាគូប៉ុង ៧.៧៥%​ ប្រចាំឆ្នាំ និងមានរយៈពេលសង ៣ឆ្នាំ។ ធនាគារនេះមានឈ្មោះពេញថា ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ បង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ និងបានទទួលការពេញនិយមដោយសារតែប្រព័ន្ធធនាគារចល័ត ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់។ ធនាគារនេះជាផ្នែកមួយនៃ​ ធនាគារជាតិកាណាដា ហើយធ្លាប់ទទួលបានពានរង្វាន់ថ្នាក់ជាតិ និងតំបន់ជាហូរហែ។

៤. ធនាគារភ្នំពេញពាណិជ្ជ PPCB

ធនាគារភ្នំពេញពាណិជ្ជ បានបោះពុម្ពសញ្ញាបណ្ណចំនួនពីរគឺ PPCB23A និង PPCB23B។ ចំពោះ PPCB23A បានបោះពុម្ពនៅថ្ងៃទី១០ ខែ០៤ ឆ្នាំ២០២០ ចំណែកឯ PPCB23B បោះពុម្ពថ្ងៃទី២២ ខែ០៩ ឆ្នាំ ២០២០ ដោយមានចំនួន ៤០០,០០០ សញ្ញាបណ្ណ អត្រាគូប៉ុង៦.៥០% ប្រចាំឆ្នាំ និងមានរយៈពេលសង ៣ឆ្នាំដូចគ្នា។ ធនាគារនេះបង្កើតឡើងនៅឆ្នាំ ២០០៨ ហើយភាគហ៊ុនរបស់ធនាគារនេះត្រូវបានកាន់កាប់ដោយ ក្រុមហ៊ុន ធំៗរបស់កូរ៉េចំនួន ៣គឺ ក្រុមហ៊ុន JeonBuk Bank ក្រុមហ៊ុន Apro Financial  និងក្រុមហ៊ុន JB Woori Capital។ 

៥. ក្រុមហ៊ុន RMA

ក្រុមហ៊ុន​ RMA បានបោះពុម្ពសញ្ញាបណ្ណនៅថ្ងៃទី០៩ ខែ០៤ ឆ្នាំ២០២០ ដែលមានចំនួន ៨០០,០០០ សញ្ញាបណ្ណ អត្រាគូប៉ុង ៥.៥០%ប្រចាំឆ្នាំ និងមានកាលកំណត់សង ៥ឆ្នាំ។ ក្រុមហ៊ុននេះបាន ចូលប្រទេសកម្ពុជានៅឆ្នាំ ១៩៩២ ដោយនាំយកក្រុមហ៊ុនល្បីខាងផ្នែកយានយន្តជាច្រើន ដូចជា Ford Motor Company, Jaguar, Land Rover, Piaggio និងផ្នែកម្ហូបអាហារដូចជា Pizza Company, Dairy Queen, Krispy Kreme និង Bar B Q Plaza ជាដើម។

៦. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ប្រាសាក់បានបោះពុម្ពសញ្ញាបណ្ណនៅថ្ងៃទី២៣​ ខែ០៤ ឆ្នាំ២០២០ ដោយមាន ចំនួន ១,២៧២,០០០ អត្រាគូប៉ុង ៧.៥០% ប្រចាំឆ្នាំ និងមានរយៈពេលសង ៣ឆ្នាំ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ បានដំណើរការជាង ២៥ឆ្នាំមកហើយ និងត្រូវបានចាត់ទុកថាជាមីក្រូហិរញ្ញវត្ថុធំជាងគេ ព្រមទាំងជាប់ក្នុងចំណោម ធនាគារពាណិជ្ជកម្មទាំង៥នៅក្នុងប្រទេសកម្ពុជា។

៧. ក្រុមហ៊ុន Telcotech 

ក្រុមហ៊ុន Telcotech បានបោះពុម្ពសញ្ញាបណ្ណនៅថ្ងៃទី២៥ ខែ០៨ ឆ្នាំ២០២១ ដោយមានចំនួន ៨០០,០០០​ អត្រាគូប៉ុង ៤.៥០% និងមានរយៈពេលសង ៥ឆ្នាំ។ក្រុមហ៊ុននេះបង្កើតឡើងនៅក្នុងឆ្នាំ​ ២០០៧ ខាងផ្នែកបច្ចេកវិទ្យា ជាពិសេសខ្សែកាបអុបទិកដែលផ្តល់ សេវាអ៊ិនធឺណេត និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ គឺក្រុមហ៊ុន Ezecom។ 

ក្រុមហ៊ុនដាក់លក់មូលបត្រកម្មសិទ្ធិ (Stock) 

១. ក្រុមហ៊ុន DBD Engineering

ក្រុមហ៊ុននេះបានចុះបញ្ជីដាក់លក់ភាគហ៊ុនមានសិទ្ធបោះឆ្នោត (Voting Shares) នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ដោយមានចំនួន ៦,៤៦១,៥៣៨ ភាគហ៊ុន។​ ក្រុមហ៊ុននេះបង្កើតឡើងនៅឆ្នាំ ១៩៩៥ ស្ថិតនៅក្នុង វិស័យសំណង់ និងវិស្វកម្មដែលបានធ្វើគម្រោងធំៗ​ជាច្រើនដូចជា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រុមហ៊ុន B-Quick និងបានផ្គត់ផ្គង់ ផលិតផលល្បីៗជាច្រើនដូចជា Mitsubishi, Daikin, LG ជាដើម។ 

២. ក្រុមហ៊ុន Pestech

ក្រុមហ៊ុន Pestech បានចុះបញ្ជីដាក់លក់ភាគហ៊ុនមានសិទ្ធិបោះឆ្នោត (Voting Shares) នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ចំនួន ៧៤,៩៤៥,០០០ ភាគហ៊ុន។ ក្រុមហ៊ុននេះបង្កើតឡើងនៅឆ្នាំ​ ២០១០ ដែលជា ក្រុមហ៊ុនផ្តល់ជូនវិស្វកម្មប្រព័ន្ធថាមពល និងបច្ចេកទេសមានដូចជា គូសប្លង់ និងតម្លើងប្រព័ន្ធបញ្ជួនអគ្គិសនី។ 

៣. ធនាគារ​ Acleda

ធនាគារ Acleda បានចុះបញ្ជីដាក់លក់ភាគហ៊ុនមានសិទ្ធបោះឆ្នោតនៅថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២០ ចំនួន ៤៣៣,១៦៣,០១៩ ភាគហ៊ុន។ ធនាគារនេះបង្កើតឡើងនៅឆ្នាំ ១៩៩៣ ដែលស្ថិតក្រោមគម្រោងអង្គការ ពលកម្មអន្តរជាតិ និងបានបន្តរីកចម្រើនរហូតក្លាយជាធនាគារលំដាប់ជួរមុខ។ 

៤. កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុបានចុះបញ្ជីលក់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ ចំនួន ៨៥,៧៧១,៩៦៧ ភាគហ៊ុន។ កំពង់ផែនេះបានបង្កើតឡើងនៅឆ្នាំ ១៩៥៦ សម្រាប់ផ្តល់សេវា កម្មនាំចេញចូល ស្តុកទំនិញ ដឹកជញ្ជូនទំនិញជាដើម។ 

៥. ក្រុមហ៊ុន Phnom Penh SEZ

ក្រុមហ៊ុន Phnom Penh SEZ បានចុះបញ្ជីលក់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ដោយមានចំនួន ៧១,៨៧៥,០០០ ភាគហ៊ុន។ ក្រុមហ៊ុននេះគឺជាអ្នកអភិវឌ្ឍ និងជាប្រតិបត្តិករនៃតំបន់ សេដ្ឋកិច្ចពិសេសភ្នំពេញ និងប៉ោយប៉ែត និងមានផ្គត់ផ្គង់សេវាថែទាំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងចែកចាយទឹកស្អាត​ ផងដែរ។

៦. កំពង់ផែស្វយ័តភ្នំពេញ

កំពង់ផែស្វយ័តភ្នំពេញបានបញ្ជីលក់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ ដែលមាន ចំនូន ២០,៦៨៤,៣៦៥ ភាគហ៊ុន។ កំពង់ផែនេះបង្កើតឡើងនៅឆ្នាំ​ ១៩០៥ ដែលជាកំពង់ផែអន្តរជាតិមួយនៅក្នុង ប្រទេសកម្ពុជាសម្រាប់ការនាំចេញចូល ការស្តុកទំនិញ និងការដឹកជញ្ជូន។ 

៧. ក្រុមហ៊ុន Grand Twins International

ក្រុមហ៊ុន Grand Twins International បានចុះបញ្ជីលក់ភាគហ៊ុនធម្មតានៅថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៥ ដែលមានចំនួន ៤០,០០០,០០០ ភាគហ៊ុន។ ក្រុមហ៊ុននេះបង្កើតឡើងនៅឆ្នាំ​ ២០០៧ ដែលជាក្រុមហ៊ុនផលិត សម្លៀកបំពាក់សម្រាប់នាំចេញដែលមានម៉ាកល្បីៗដូចជា Adidas, Reebok, Salomon, New Balance ជាដើម។ 

៨. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចុះបញ្ជីលក់ភាគហ៊ុនធម្មតានៅថ្ងៃទី១៨ មេសា ឆ្នាំ២០១២ ដែលមាន​ ចំនួន ៨៦,៩៧៣,១៦២ ភាគហ៊ុន។ គ្រឹស្ថាននេះបង្កើតឡើងនៅឆ្នាំ ១៨៩៥ ដែលផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត។ 

៩. ក្រុមហ៊ុន​ JS Land

ក្រុមហ៊ុននេះ​ គម្រោងនឹងដាក់លក់ភាគហ៊ុនក្នុងឆ្នាំ២០២២នេះ។​ JS Land គឺជាក្រុមហ៊ុនអភិវឌ្ឈអចលនទ្រព្យផ្នែកខុនដូមួយ។JS Land ​នឹងក្លាយជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដំបូងគេដែលជួញដូរភាគហ៊ុនលើទីផ្សារមូលបត្រកម្ពុជា។​ បច្ចុប្បន្ន JS Land កំពុងអភិវឌ្ឍគម្រោងខុនដូ Garden Residency Condominium នៅខណ្ឌសែនសុខ។​

សរុបមកវិញ ខាងលើនេះជាព័ត៌មានសង្ខេបរបស់ក្រុមហ៊ុនទាំងអស់ដែលបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជាទាំងក្រុមហ៊ុនដាក់លក់សញ្ញាបណ្ណ និងក្រុមហ៊ុនដាក់លក់មូលបត្រកម្មសិទ្ធិ។ ប្រសិនបើបងប្អូនចង់បាន ព័ត៌មានឲ្យកាន់តែលម្អិតសម្រាប់ក្រុមហ៊ុនណាមួយ បងប្អូនអាចចូលទៅកាន់គេហទំព័រ និងវេបសាយរបស់ផ្សារមូលបត្រកម្ពុជា (CSX) បាន។

សញ្ញាណបណ្ឌ និងភាគហ៊ុនជួញដូរលើទីផ្សារមូលបត្រកម្ពុជា

Leave a Reply

Scroll to top
%d bloggers like this: