fbpx

ហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺជាប្រធានបទមួយដែលមនុស្សគ្រប់គ្នាតែងតែលើកយកមកនិយាយ ព្រោះវាជាចំណុចដ៏សំខាន់ដែលពាក់ព័ន្ធនឹងដំណើរជីវិតរបស់យើង និងបង្ហាញពីគ្រប់ទិដ្ឋភាពនៃការរៀបចំចរន្ដសាច់ប្រាក់របស់យើងម្នាក់ៗឲ្យមានរបៀបរាបរយ និងត្រឹមត្រូវ ដែលមានគោលដៅធ្វើយ៉ាងណាឲ្យមនុស្សម្នាក់ៗទទួលបាននូវសេរីភាពផ្នែកហិរញ្ញវត្ថុ ឬមានន័យថា អ្នកមិនបាច់ខ្វាយខ្វល់ពីចំណូល ពីចំណាយ ឬពីបំណុលទៀតទេ ព្រោះអ្នកបានរៀបចំវាឲ្យមានរបៀបរួចហើយ។ ដោយឡែកថ្ងៃនេះ LuyBook នឹងបើកបង្ហាញការពិត៥យ៉ាងស្ដីពីហិរញ្ញវត្ថុផ្ទាល់ខ្លួនដូចខាងក្រោម៖

១. តើអ្នកត្រូវការបង្កើតកញ្ចប់ថវិកាដែរឬទេ?

ការបង្កើតកញ្ចប់ថវិកា ឬកញ្ចប់ចំណាយនឹងគ្មានប្រយោជន៍អ្វីច្រើននោះទេ ប្រសិនបើអ្នកមិនចេះប្រើវាឲ្យមានប្រសិទ្ធភាព ឬក៏កញ្ចប់ថវិកានោះមិនជួយឲ្យអ្នកកាត់បន្ថយចំណាយដដែល។ លើសពីនេះ ការមានកញ្ចប់ថវិកាមួយមុខមិនបង្ហាញថាអ្នកមានទំនួសខុសត្រូវចំពោះរឿងហិរញ្ញវត្ថុរបស់ខ្លួនឯងនោះទេ។​ អ្វីដែលសំខាន់មិនមែនរឿងបង្កើតកញ្ចប់ថវិកានោះទេ តែអ្វីដែលសំខាន់នោះគឺអ្នកត្រូវពិនិត្យមើល  និងមានការប្រុងប្រយ័ត្នខ្ពស់លើការចំណាយ និងព្យាយាមសន្សំឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើបាន។

២. កាតឥណទាន គឺវាធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកាន់តែអាក្រក់

តាមពិតទៅកាតឥណទាន វាមិនជាបញ្ហានោះទេ ប៉ុន្ដែវានឹងក្លាយជាបញ្ហា នៅពេលដែលអ្នកចាយវាយច្រើនលើសពីលទ្ធភាពសង នោះវានឹងក្លាយជាបំណុល ដែលធ្វើឲ្យអ្នកពិបាក។ ផ្ទុយទៅវិញ កាតឥណទាន វាផ្ដល់ភាពងាយស្រួលដល់អ្នកនៅក្នុងការរស់នៅ ចាយវាយ មានសុវត្ថិភាព និងផ្ដល់អត្ថប្រយោជន៍ច្រើនដល់អ្នកប្រើប្រាស់ពីសម្នាក់ដៃគូសហការផ្សេងៗផងដែរ។

៣. ចាំពេលមានលុយច្រើន ចាំធ្វើការវិនិយោគ

វាអាចជារឿងដែលល្អសម្រាប់អ្នកដែលមានគំនិតគិតថា ខ្លួននៅមិនទាន់អាចផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សារបស់កូនៗប្រចាំថ្ងៃបានល្អ។ ប៉ុន្ដែ អ្នកគួរដឹងថា ការវិនិយោគ (សំដៅលើផ្សារហ៊ុន) អាចធ្វើការវិនិយោគបានចាប់ពី២ ទៅ៣ដុល្លារឡើង ដោយអ្នកអាចធ្វើការស្វែងរកភាគហ៊ុនណាដែលមានតម្លៃទាប និងអាចវិនិយោគបាន។

៤. អ្នកគួរតែដោះបំណុលឲ្យអស់សិន មុននឹងធ្វើការវិនិយោគ

នេះជាវិធីសាស្ត្រត្រៀមធ្វើការវិនិយោគមួយដែលណែនាំដោយអ្នកជំនាញផ្នែកហិរញ្ញវត្ថុលោក Dave Ramsey។ តាមពិតទៅ វិធីសាស្ត្រនេះ វាមិនសមស្របសម្រាប់មនុស្សគ្រប់គ្នាទេ ប្រសិនបើអ្នករង់ចាំរហូតដល់អ្នកដោះបំណុលអស់ចាំធ្វើការវិនិយោគ នោះអ្នកហាក់ដូចជាធ្វើឲ្យខ្ជះខ្ជាយហិរញ្ញវត្ថុដែលអ្នកកំពុងមានពេកហើយ។ សម្រាប់មនុស្សភាគច្រើន ពេលវេលាដែលសាកសមនឹងវិនិយោគគឺពេលឥឡូវនេះ។ បើទោះបីជាអ្នករកបានពីការវិនិយោគតែ២ ឬ៣ដុល្លារក្នុង១ខែក៏ដោយ ក៏វាជាការសាងទម្លាប់ល្អមួយសម្រាប់ដំណើរវិនិយោគរបស់អ្នកនាពេលអនាគតផងដែរ។

៥. ការសន្សំគឺមិនមែនជាការវិនិយោគទេ

មនុស្សជាច្រើន យល់ថាការសន្សំ គឺជាការវិនិយោគ។ ទស្សនៈនេះ គឺមិនខុសនោះទេ គ្រាន់តែមិនទាន់គ្រប់ជ្រុងជ្រោយ។ តាមពិតទៅ ការសន្សំអាចឲ្យយើងទទួលបានការប្រាក់បន្ថែមពីធនាគារ ដែលយើងផ្ញើប្រាក់ ដែលវាជាផ្នែកមួយនៃការវិនិយោគដែរ ប៉ុន្ដែការវិនិយោគបែបនេះ នៅតែចាត់ទុកជាការសន្សំដដែល។ ដូច្នេះ មានន័យថា ប្រសិនបើអ្នកមិនធ្វើការវិនិយោគប្រាក់របស់អ្នកនោះទេ នោះអ្នកនឹងបាត់បង់ឱកាសធ្វើឲ្យប្រាក់របស់អ្នកកើនឡើង។ ការសន្សំគឺជារឿងល្អ ព្រោះវាអាចជួយយើងបាននៅពេលដែលយើងមានភាពបន្ទាន់ខ្លាំង ត្រូវការសាច់ប្រាក់ ឬប្រសិនបើយើងបាត់បង់ការងារជាដើម។ ហេតុដូច្នេះ ជារឿងល្អ អ្នកគួរតែធ្វើការសន្សំខ្លះ និងវិនិយោគខ្លះទើបជាការប្រសើរ។

ជារួម ដើម្បីសម្រេចបាននូវសេរីភាពផ្នែកហិរញ្ញវត្ថុ នោះអ្នកចាំបាច់ត្រូវតែមានភាពឆ្លាតវៃខាងហិរញ្ញវត្ថុជាមុនសិន ពោលគឺត្រូវយល់ពីការសន្សំ ការចំណាយ ចំណូល និងការវិនិយោគ។

———————————————————————–

ប្រភព៖ https://www.doughroller.net/personal-finance/10-personal-finance-myths-busted/

ការពិត៥យ៉ាងអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

Leave a Reply

Scroll to top
%d bloggers like this: